អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វីការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍រងការរិះគន់ច្រើនជាងស្វាគមន៍?

សំឡេង ០៥:២៩
ប៉ូលិសចរាចរណ៍កំពុងអនុវត្តច្បាប់ចរាចរណ៍
ប៉ូលិសចរាចរណ៍កំពុងអនុវត្តច្បាប់ចរាចរណ៍ © Internet
ដោយ៖ អ៊ឹម រចនា
៣១ នាទី

នៅ​កម្ពុជា យុទ្ធនាការ​​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​បើក​ធ្វើ​បាន​បី​ថ្ងៃ​រួច​មក​ហើយ​ ដោយ​ផ្អែក​តាម​អនុក្រឹត្យ​លេខ​៣៩ ស្ដី​ពី​ការ​ពិន័យ​អន្ដរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​។ បី​ថ្ងៃ​កន្លង​មក​នេះ បញ្ហា​ចរាចរណ៍​បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​ក្ដៅ​ដែល​នរណា​ៗ​ក៏​លើក​យក​មក​ជជែក​វែក​ញែក​ ​ដោយ​មាន​លក្ខណៈ​រិះគន់​វាយ​ប្រហារ ច្រើន​ជាង​ការ​ស្វាគមន៍​។ ហេតុ​អ្វី​បាន​ជា​ដូច្នេះ?

ផ្សាយពាណិជ្ជកម្ម

ការអនុវត្ត​អនុក្រឹត្យ​លេខ​៣៩នា​ដើម​ខែ​ឧសភា​ឆ្នាំ​២០២០​នេះ គឺ​ជា​វិធានការ​ឆ្លើយ​តប​ថ្មី​មួយ​ទៀត​របស់​រដ្ឋាភិបាល ធ្វើ​ឡើង​ក្នុង​គោលដៅ​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​ឲ្យ​បាន​ជា​អតិបរមា​។ តាម​រយៈ​អនុក្រឹត្យ​ថ្មី​នេះ អ្នក​បើក​បរ​​ល្មើស​​ច្បាប់​ចរាចរណ៍​នឹង​ត្រូវ​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​លើស​មុន​ពី​ពីរ​ទៅ​បី​ដង​ឯ​ណោះ ដែល​នេះ​រាប់​ទាំង​ទោស​ផាក​ពិន័យ​និង​ការ​ជាប់​ពន្ធនាគារ​ផង​ដែរ​។ អនុក្រឹត្យ​លេខ​៣៩​ដែល​មាន​ការ​​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​របៀប​នេះ ជា​ការ​ពិត មាន​បំណង​​បង្ខំ​ឲ្យ​មនុស្ស​បោះ​បង់​ទម្លាប់​ប្រើ​ប្រាស់​ផ្លូវ​តាម​អំពើ​ចិត្ត ហើយ​ងាក​មក​គោរព​ច្បាប់​ឡើង​វិញ​។ យ៉ាង​ណា​ក៏ដោយ ក្រោយ​ពី​​អនុវត្ត​បាន​៣​ថ្ងៃ​កន្លង​មក​នេះ គេ​មើល​ឃើញ​យ៉ាង​ប្រចក្ស​ថា អនុក្រឹត្យ​ថ្មី​នេះ​ពុំ​សូវ​ទទួល​បានការ​​ស្វាគមន៍​ឡើយ​។

ដំបូង​បង្អស់ អ្នក​ប្រើ​ប្រាស់​ផ្លូវ​សម្ដែង​ការ​មិន​ពេញ​ចិត្ត ដោយ​លើក​ឡើង​ថា ខ្លួន​ពុំ​បាន​ដឹង ឬ​ដឹង​ឮ​តិច​តួច​មែន​ទែន​អំពី​​អនុក្រឹត្យ​ថ្មី​នេះ មុន​ពេលអាជ្ញាធរ​​ចាប់ផ្ដើម​​អនុវត្ត​ជា​ផ្លូវ​ការ​។ គួរ​បញ្ជាក់​ថា អនុក្រឹត្យ​លេខ​៣៩ ស្ដី​ពី​ការ​កែ​សម្រួល​អនុក្រឹត្យ​លេខ​៤៤ អនក្រ បក ចុះ​ថ្ងៃ​ទី​២១​ខែ​មីនា​ឆ្នាំ​២០១៧ ស្ដី​ពី​ការ​ពិន័យ​អន្ដរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ចុះ​ហត្ថលេខា​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​១៧​ខែ​មីនា​ឆ្នាំ​២០២០​ - ជា​ពេល​ដែល​កម្ពុជា​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​អស់​ទៅ​លើ​ជំងឺ​កូវីដ​១៩​។ ដូច្នេះ បើ​ទោះបី​ជា​មាន​ការ​ផ្សព្វផ្សាយពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​​ក៏​ដោយ វា​មិន​ចម្លែក​ទាល់​តែ​សោះ​ដែល​ប្រជាពលរដ្ឋ​​​មិន​បាន​ចាប់​អារម្មណ៍​ពី​អនុក្រឹត្យ​ថ្មី​ស្ដី​ពី​ការ​ផាក​ពិន័យ​ចំពោះ​បទ​ល្មើស​ចរាចរណ៍​នេះ​។

ក្រៅ​តែ​ពី​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ហើយ ប្រជាពលរដ្ឋ​អ្នក​ប្រើ​ប្រាស់​ផ្លូវ​ជា​ច្រើន​បាន​​​នាំ​គ្នា​រិះ​គន់​យ៉ាង​ចាស់​ដៃ​ទៅ​លើ​អាជ្ញាធរ​សមត្ថកិច្ច​ថែម​ទៀត រាប់​ចាប់​តាំង​ពី​រឿង​គោលការណ៍​ទ្រឹស្តី រហូត​ដល់​ការ​អនុវត្ត​​។

នៅ​ក្នុង​គោលការណ៍ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ការងារ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ គូស​បញ្ជាក់​ប្រាប់​សាធារណជន​ថា ការ​អនុវត្ត​អនុក្រឹត្យ​លេខ​៣៩​នា​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ដំណាក់កាល​ដំបូង ដោយ​ផ្ដោត​លើករណី​ល្មើស​ចំនួន​៧​សម្រាប់​ទោចក្រ​យានយន្ត ត្រី​ចក្រយានយន្ត ត្រីចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក និង​ម៉ូតូ​កង់​បួន​។ បទល្មើស​ទាំង​៧​នោះ​រួម​មាន មិន​ពាក់​មួក​សុវត្ថិភាព មិន​គោរព​ភ្លើង​និង​ផ្លាក​សញ្ញា​ចរាចរណ៍ ល្មើស​ក្នុង​ការ​បត់​ការ​វ៉ា​ជែង ទូរសព្ទ​ពេល​បើក​បរ​ដោយ​មិន​ប្រើខ្សែ​សំឡេង បើកបរ​ក្នុង​អាការៈស្រវឹង ដឹក​លើស​ចំណុះ និង​គ្មាន​ផ្លាក​លេខ​។ ចំណែក​យានយន្ត​ធុន​ស្រាល​និង​ធុន​ធ្ងន់ ផ្ដោត​លើ​​​ករណី​ល្មើស​ចំនួន​៩​ ដូច​ជា ល្មើស​ល្បឿន ស្រវឹង គ្មាន​បណ្ណ​បើក​បរ មិន​គោរព​ភ្លើង​និង​ផ្លាក​សញ្ញា​ចរាចរណ៍ ល្មើស​ក្នុង​ការ​បត់​ការ​វ៉ា​ជែង ទូរសព្ទ​ពេល​បើក​បរ​ដោយ​មិន​ប្រើខ្សែ​សំឡេង ដឹក​លើស​ចំណុះ គ្មាន​ផ្លាក​លេខ និង​មិន​ពាក់​ខ្សែ​ក្រវ៉ាត់​សុវត្ថិភាព​។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង សមត្ថកិច្ច​ដែល​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ដង​ផ្លូវ​បាន​អនុវត្ត​លើស​គោលការណ៍ដែល​កំណត់​ដោយ​ថ្នាក់​លើ។ អ្នក​ប្រើ​ប្រាស់​ផ្លូវ​ខ្លះ​ត្រូវ​រង​ការ​ផាក​ពិន័យ​ចំពោះ​បញ្ហា​ឆៀក​ផុត​កំណត់។ ខ្លះ​ទៀត​ត្រូវ​សមត្ថកិច្ច​បក​កញ្ចក់​ការពារ​ពន្លឺ​ពី​យាន​យន្ត​របស់​ខ្លួន​ហើយ​ថែម​ទាំង​ត្រូវ​រង​ការ​ផាក​ពិន័យ​ជា​ប្រាក់​ថែម​ទៀត បើ​ទោះ​បី​ជា​អគ្គស្នងការ​រង​នគរបាល​ជាតិ​បញ្ជាក់​ថា កញ្ចក់​ការពារ​ពន្លឺ​អាច​បិទ​បាន​ប្រសិន​បើ​​មើល​ទៅ​ក្នុង​យានយន្ត​ឃើញ​ក៏​ដោយ​។

នេះ​នៅ​មិន​ទាន់​និយាយ​ដល់​ករណី​ចម្រូង​ចម្រាស់​នៅ​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយរៀង ដែល​អធិការ​រង​នគរបាល​ម្នាក់  ចាប់​បុរស​អ្នក​បើក​រ៉ឺម៉ក​កង់​បី​ដាក់​ខ្នោះ​ព្រោះ​គ្មាន​បណ្ណ​បើក​បរ​ផង​។ ចំពោះ​ករណី​នេះ បើ​ទោះ​បី​ជា​ក្រោយ​មក អគ្គស្នងការ​នគរបាល​ជាតិ​បាន​សម្រេចផ្អាក​ការងារ​ជា​បណ្ដោះ​អាសន្ន​ចំពោះ​​អធិការ​រង​នគរបាល​នៅ​ស្រុក​ចន្ទ្រា​​នោះ​ហើយ​ក៏​ដោយ ក៏​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ភាព​ចម្រូង​ចម្រាស់​និង​ការ​មិន​យល់​គ្នា​នៅ​ក្នុង​ចំណោម​សមត្ថកិច្ច​ដែល​ជា​អ្នក​ពង្រឹង​និង​អនុវត្ត​ច្បាប់​។

នៅ​ក្នុង​សង្គម​ដែល​មាន​​នីតិរដ្ឋ ច្បាប់​គួរ​តែ​​ត្រូវបាន​​អនុវត្ត​ប្រកប​ដោយ​​ច្បាស់​លាស់​និង​ត្រឹម​ត្រូវ​ ​ដើម្បី​ធានាបាន​នូវ​របៀប​រៀបរយ និង​ស្ថិរភាព​សង្គម​។ ការ​អនុវត្ត​ច្បាប់​ពុំ​បាន​ច្បាស់​លាស់​ត្រឹម​ត្រូវ ជា​ពិសេស​ពី​សំណាក់​អ្នក​អនុវត្ត​ច្បាប់​ខ្លួន​ឯង នឹង​ធ្វើ​ឲ្យប្រជាពលរដ្ឋ​ដែល​ជា​​អ្នក​គោរព​ច្បាប់​ ក្លាយ​ជា​វង្វេង​វង្វាន់​។ ចំណែក​វិធាន​ច្បាប់​នោះ​ទៀត​សោត នៅ​ទី​បំផុត នឹងអស់​​តម្លៃ​​ មិន​មែន​ដោយ​សារ​ពលរដ្ឋ​មិន​គោរព​ទេ ប៉ុន្តែ​ដោយ​សារ​អាជ្ញាធរ​ខ្លួន​ឯង។

សរុប​មក​វិញ ដើម្បី​ឲ្យ​ក្រឹត្យ​ច្បាប់​បន្ត​មាន​តម្លៃ​នៅ​ចំពោះ​មុខ​រាស្ត្រ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​អនុវត្ត​ច្បាប់​ឲ្យ​ឯកភាព​គ្នា ទាំង​រឿង​ទ្រឹស្ដី​និង​ការ​អនុវត្ត ចាប់​តាំង​ពី​ថ្នាក់​លើ រហូត​ដល់​ថ្នាក់​ក្រោម​។ ការ​អនុវត្ត​ច្បាប់​យ៉ាង​តឹង​រ៉ឹង​និង​ត្រឹម​ត្រូវ​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច ចាំ​បាច់​ណាស់​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​រាស្ត្រ​ដៀល​ថា «អ្នក​អនុវត្ត​ច្បាប់​តែ​បែរ​ជា​មិន​ចេះ​ច្បាប់​»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ