អានតួអត្ថបទ

ដោយសារកិបប្រាក់ជិត ៦ម៉ឺនដុល្លារ ទើបមន្ត្រីបាល់ទាត់ ៤រូប ត្រូវសហព័ន្ធព្យួរការងារមួយជីវិត

សហព័ន្ធបាល់ទាត់កម្ពុជា ព្យួរការងារមន្ត្រី ៤នាក់អស់មួយជីវិត ព្រោះប្រព្រឹត្តិផ្ទុយក្រមសីលធម៌របស់សហព័ន្ធ
សហព័ន្ធបាល់ទាត់កម្ពុជា ព្យួរការងារមន្ត្រី ៤នាក់អស់មួយជីវិត ព្រោះប្រព្រឹត្តិផ្ទុយក្រមសីលធម៌របស់សហព័ន្ធ © RFI
២១ នាទី

ក្នុង​សន្និសីទ​កាសែត នៅ​រសៀល​ថ្ងៃ​ទី ០៦​ខែ​ឧសភា​នេះ លោក កែវ សារ៉េត អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​អះអាង​ថា មន្ត្រី ​៤​នាក់​ដែល​រង​ពិន័យ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ការងារ​ពាក់​ព័ន្ធ​នឹង​បាល់​ទាត់ អស់​មួយ​ជីវិត​នោះ គឺ​ដោយសារ​តែ​បាន​កិប​កេង​ប្រាក់ ៣០​ភាគរយ​នៃ​ឆ្នាំ​នីមួយៗ ​របស់សហព័ន្ធ ប្រមាណ​ជិត ៦​ម៉ឺន​ដុល្លារ។​ ប្រាក់​ជិត ៦​ម៉ឺនដុល្លារ ដែល​សហព័ន្ធ​ ត្រូវ​ទទួល​បាន​ពី​ការ​រៀបចំ​ព្រឹត្តិការណ៍ Tiger Street Football តាំង​ពី​ឆ្នាំ ២០១៣​មក​។

ផ្សាយពាណិជ្ជកម្ម

លោក កែវ សារ៉េត អគ្គ​លេខាធិការ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ពន្យល់​ក្នុង​សន្និសីទ​កាសែត​ថា មន្ត្រី​ទាំង ៤រូប ដែល​មាន​ជំនាញ​បច្ចេកទេស ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ចូលរួម​ជួយ​រៀបចំ​ព្រឹត្តិការណ៍​ Tiger Street Football តាម​សំណើរ​របស់ក្រុមហ៊ុន​ស្រាបៀរអន្តរជាតិ Tiger តាំង​ពី​ឆ្នាំ ២០១៣​មក​។

ហើយ​មន្ត្រីទាំងនេះ ត្រូវបាន​រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ក្នុងការ​កិប​កេង​ប្រាក់របស់សហព័ន្ធ គឺនៅពេល​មានការ​សង្ស័យ រហូត​សហព័ន្ធ បង្កើត​គណៈកម្មាការ​ស៊ើបអង្កេត កាលពីខែមីនា ឆ្នាំ ២០២០នេះ។

ការផ្សាយផ្ទាល់ សន្និសីទសារព័ត៌មាន ស្តីពីការព្យួរអតីតមន្រ្តី ស.ប.ក នៅម៉ោង៤ល្ងាចនេះ ----------------------------------------------------------------------------------------- Live stream of a press conference on the suspension of former FFC officials at 4pm today. #FootballFederationofCambodia #FFC #camfootball1933

Publiée par សហព័ន្ធកីឡាបាល់ទាត់កម្ពុជា sur Mercredi 6 mai 2020

ក្រោយ​ពេល​ស៊ើបអង្កេត​ហើយ ទើប​គណៈកម្មាការ​សហព័ន្ធដឹងថា មន្ត្រីទាំង ៤រូបនោះ ពិតជា​បាន​ កិប​កេង​​ប្រាក់ ៣០ភាគរយ​ដែល​ក្រុមហ៊ុន Tiger ឧបត្ថម្ភ​ដើម្បីអភិវឌ្ឍ​បាល់ទាត់កម្ពុជា ជារៀងរាល់​ឆ្នាំ ដែលគិតជាសរុប​តាំងពីឆ្នាំ ២០១៣មក គឺ​ ៥ ៦៧៣៦ដុល្លារអាមេរិក។

តាម​លោក កែវ សារ៉េត ត្បិតតែទំហំ​ទឹកប្រាក់នេះ មិន​ច្រើន ដល់​អ្វីដែលមន្ត្រីទាំង ៤រូប ធ្លាប់បានចូលរួម​បម្រើវិស័យ​បាល់ទាត់កម្ពុជា ប៉ុន្តែទង្វើ​បែបនេះ គឺ​ជាការ​រំលោភ​លើ​សេចក្តី​ទុក​ចិត្ត​យ៉ាងធ្ងន់ធ្ងរ​ ហើយ​ក៏ជាការ​បំផ្លាញសេចក្តីថ្លៃថ្នូ​របស់​សហព័ន្ធបាល់ទាត់កម្ពុជា ខណៈវិស័យ​បាល់ទាត់​កំពុងតែមានការ​រីកចម្រើន។

សូម​ជម្រាបជូនថា មន្ត្រី​ និង​អតីត​មន្ត្រីសហព័ន្ធបាល់ទាត់កម្ពុជាទាំង ៤រូប ដែល​ត្រូវ​សហព័ន្ធបាល់ទាត់កម្ពុជា ចេញ​សេចក្តី​សម្រេច​ព្យួរគ្រប់សកម្មភាពកីឡាបាល់ទាត់អស់មួយជីវិត នៅថ្ងៃទី ៦ខែឧសភានេះ រួមមាន៖ ទី ១ លោក ​ម៉ៃ តុលា ជាអតីតអគ្គលេខាធិការរង​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែល​ត្រូវបាន​បញ្ចូន​សំណុំ​រឿង ​ប្រព្រឹត្តិអំពើពុករលួយ​ទៅតុលាការ ​ ដើម្បីចាត់វិធានាការ​តាមផ្លូវច្បាប់​។ ហើយ​លោក ម៉ៃ តុលា ក៏អាចប្រឈមនឹង​ការ​សង​ប្រាក់​ទៅសហព័ន្ធវិញ ឬ ចំណាត់ការ​ច្បាប់​នានា តាមនីតិវិធី​តុលាការដែរ។ ទី ២ គឺ​លោក ឆាំង ពិសិដ្ឋ ប្រធានការិយាល័យ​រៀបចំការប្រកួត​នៃសហព័ន្ធបាល់ទាត់កម្ពុជា។ ទី ៣ លោក គល់ សុភារម្យ ប្រធានការិយាល័យរដ្ឋបាល​នៃសហព័ន្ធបាល់ទាត់កម្ពុជា និងទី ៤ គឺលោក ទុយ វិច្ឆិកា ប្រធាន​ការិយាល័យ​អាជ្ញាកណ្តាលនៃសហព័ន្ធបាល់ទាតកម្ពុជា។

សេចក្តីប្រកាសព័ត៌មានរបស់ FFC
សេចក្តីប្រកាសព័ត៌មានរបស់ FFC © Facebook

លោក​ កែវ សារ៉េត ក៏បញ្ជាក់ដែរថា មន្ត្រី និងអតីត​មន្ត្រីទាំង ៤រូប អាច​ប្តឹង​ឧទ្ធរណ៍ ទៅកាន់​គណៈកម្មាការ​ក្នុង​សហព័ន្ធបាន ប្រសិន​បើមាន​ការ​បដិសេធចំពោះការ​សម្រេចនេះ។ តែលោក សារ៉េត បានបញ្ជាក់​ហើយថា មន្ត្រីទាំងនោះ បានសារភាព​ចំពោះការ​ល្មើសនឹងក្រម​វិន័យ​របស់សហព័ន្ធពិតមែន។

ជាការ​កត់សម្គាល់ ចំណាត់​ការ​ដ៏គួរឲ្យ​ភ្ញាក់ផ្អើល​របស់សហព័ន្ធបាល់ទាត់កម្ពុជានេះ ​ធ្វើ​ឡើង​ស្រប​ពេល​ដែលកម្ពុជា កំពុង​តែត្រៀម​ខ្លួន​ធ្វើជាម្ចាស់ផ្ទះការប្រកួត​កីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ខាងមុខ និង​ស្រប​ពេល​ដែល​ចំណាត់ថ្នាក់បាល់ទាត់កម្ពុជា មិនបាន​ហក់ឡើង ដោយស្ថិតនៅ​លេខរៀងទី ១៧៣លើ​ពិភពលោក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ