អានតួអត្ថបទ

កូវីដ១៩ស្ងប់ស្ងាត់៖ ក្រុមមេធាវីមានគម្រោងស្នើឲ្យតុលាការបើកសវនាការលើសំណុំរឿងលោក កឹម សុខា ឡើងវិញ

លោក កឹម សុខា
លោក កឹម សុខា © REUTERS
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

តុលាការ​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា នៅ​ថ្ងៃទី ១៣ ឧសភា ខាង​មុខ​នេះ លើ​បណ្តឹង​ជំទាស់​នីតិ​វិធី​នៃ​ការ​ដាក់​ភស្តុតាង​បន្ថែម​ដើម្បី​ប្រឆាំង​នឹង​លោក កឹម សុខា។ ប៉ុន្តែ​ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ ក្រុម​មេធាវី​ក៏​គ្រោង​ស្នើ​សុំ​ឲ្យ​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បន្ត​បើក​សវនាការ​លើ​សំណុំ​រឿង​របស់​លោក កឹម សុខា ឡើង​វិញ​ផង​ដែរ​។ សវនា​ការ ដែល​គួរ​ធ្វើ​ឡើង​វិញ យ៉ាង​យូ​នៅ​ត្រឹម​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា ខាង​មុខ​។

ផ្សាយពាណិជ្ជកម្ម

សវនាការរបស់តុលាការសាលាឧទ្ធរណ៍ ដែលគ្រោងធ្វើនៅថ្ងៃពុធ សប្តាហ៍ក្រោយនេះ គឺដើម្បីពិភាក្សាទៅលើបណ្តឹងជំទាស់របស់ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ពាក់ព័ន្ធនឹងការដាក់ភស្តុតាងបន្ថែម ដើម្បីប្រឆាំងនឹងលោក កឹម សុខា។ ប៉ុន្តែ ក្រុមមេធាវីបានជំទាស់ ដោយយល់ថា ការដាក់ភស្តុតាងបន្ថែម ជាខ្សែវីដេអូខ្លីៗប្រមាណជា៥ទៅ៦ឃ្លីបនោះ មិនគួរត្រូវបានទទួលយកដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក កូយ សៅ ឡើយ។

លោកស្រី ម៉េង សុភារី មេធាវីការពារក្តីលោក កឹម សុខា បានលើកឡើងថា ក្រុមមេធាវីបានប្តឹងជំទាស់ទៅកាន់តុលាការសាលាឧទ្ធរណ៍នេះ គឺសុំឲ្យតុលាការបដិសេធទទួលយកភស្តុតាងបន្ថែម ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ ដោយបានចាត់ទុកថា វាខុសនឹងនីតិវិធីរបស់តុលាការ។ បើតាមលោកស្រីមេធាវី ភស្តុតាងបន្ថែម ដែលដាក់ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនោះ គឺជាវីដេអូខ្លីៗប្រមាណជា៥ទៅ៦ឃ្លីប ដែលតំណាងអយ្យការទើបទទួលបានពីសមត្ថកិច្ច។ វីដេអូឃ្លីបនោះ បង្ហាញពីសកម្មភាពរបស់លោក កឹម សុខា ថ្លែងក្នុងអំឡុងពេល និងក្រោយការបោះឆ្នោតថ្នាក់ជាតិកាលពីឆ្នាំ ២០១៣។ ប៉ុន្តែលោកស្រីមេធាវីបានថ្លែងថា ការដាក់ភស្តុតាងបន្ថែម គួរធ្វើឡើងនៅក្នុងដំណាក់កាលនៃការស៊ើបអង្កេត មិនមែននៅក្នុងដំណាក់កាលនៃការជំនុំជម្រះនេះទេ។ សូមបញ្ជាក់ថា សវនាការរបស់តុលាការសាលាឧទ្ធរណ៍លើរឿងនេះ គ្រោងនឹងធ្វើឡើងនៅរសៀលថ្ងៃ ពុធ ទី ១៣ ឧសភា សប្តាហ៍ក្រោយនេះ។

ឆ្លៀតនៅក្នុងឱកាសនេះ ក្រុមមេធាវីការពារក្តីលោក កឹម សុខា ក៏គ្រោងស្នើសុំឲ្យតុលាការសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការលើសំណុំរឿងរបស់លោក កឹម សុខា ឡើងវិញផងដែរ។ សវនាការកាត់ទោសលោក កឹម សុខា ដែលបានផ្អាកជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី ២៥ មីនាមក ដោយសារតែព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ បើតាមលោកស្រី ម៉េង សុភារី សវនាការលោក កឹម សុខា គួរចាប់ផ្តើមឡើងវិញនៅចុងខែឧសភា ឬដើមខែមិថុនា ខាងមុខនេះ បន្ទាប់ពីការស្ងប់ស្ងាត់នៃជំងឺកូវីដ១៩នៅកម្ពុជា និងដើម្បីជាប្រយោជន៍ដល់កូនក្តីរបស់លោកស្រីផង។

គួរជំរាបជូនថា  លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ទើបតែបានបង្ហាញមុខជាសាធារណៈជាថ្មី កាលពីថ្ងៃទី ០៥ ឧសភា កន្លងទៅ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះ លោក កឹម សុខា ក៏បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ ប៉ុន្តែគេមិនដឹងថា តើនៅក្នុងជំនួបប្រមាណជា៥០នាទីនោះ ភាគីទាំងពីរបានលើកយកបញ្ហាអ្វីខ្លះទៅពិភាក្សាគ្នានោះទេ។ ប៉ុន្តែអ្នកវិភាគ បានចាត់ទុកថា វាជាសញ្ញាវិជ្ជមានមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ