ចាងហ្វាង TVFB ទទួលបានពានរង្វាន់ «សេរីភាពបញ្ចេញមតិ» ពីសារព័ត៌មានអាល្លឺម៉ង់
ចុះផ្សាយនៅថ្ងៃ៖
សារព័ត៌មានអាល្លឺម៉ង់ឈ្មោះថា Deutsche Welle (DW)កាលពីថ្ងៃទី០៣ ខែឧសភានេះ បានសម្រេចផ្តល់ពានរង្វាន់ «សេរីភាពបញ្ចេញមតិ»ឬ« Freedom of Speech Award»ដល់លោកសុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មានអនឡាញ TVFB ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។ ក្រៅពីលោកសុវណ្ណ រិទ្ធីនេះ អ្នកកាសែតចំនួន១៦នាក់មកពីប្រទេសផ្សេងទៀតក៏ទទួលបានពានរង្វាន់នេះផងដែរ។
តាមរយៈវេបសាយរបស់ខ្លួន សារព័ត៌មានអាល្លឺម៉ង់ឈ្មោះថា Deutsche Welle (DW) បានលើកឡើងថា លោកសុវណ្ណ រិទ្ធី និង អ្នកកាសែតដទៃទៀតដែលទទួលបានពានរង្វាន់«សេរីភាពបញ្ចេញមតិ»នេះ គឺពួកគេតំណាងឱ្យអ្នកសែតនៅទូទាំងពិភពលោកដែលបានបាត់ខ្លួន ឬ ចាប់ខ្លួន ឬ រងការគម្រាមកំហែង ដោយសារតែសេចក្តីរាយការណ៍របស់ពួកគេជុំវិញបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩។ អគ្គនាយកសារព័ត៌មានDW គឺលោក Peter Limbourg បានគូសបញ្ជាក់ថា ពានរង្វាន់«សេរីភាពបញ្ចេញមតិឆ្នាំ២០២០»នេះ គឺជាការឧទ្ទិសដល់អ្នកកាសែតក្លាហានទាំងអស់នៅជុំវិញពិភពលោកដែលរងនូវការគាបសង្កត់ដោយសារតែការរាយការណ៍អំពីមេរោគរាតត្បាត ។
គួរជម្រាបជូនថា លោកសុវណ្ណ រិទ្ធី ដែលជាចាងហ្វាងសារព័ត៌មានអនឡាញTVFB ត្រូវបានតុលាការឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីរូបលោកតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនបានស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី០៧មេសាថា «បើអ្នករត់ម៉ូតូឌុបក្ស័យធន លក់ម៉ូតូចាយសិនទៅ រដ្ឋាភិបាលគ្មានលទ្ធភាពជួយនោះទេ»។
សម្រាប់អាជ្ញាធរកម្ពុជា អ្វីដែលលោកនាយករដ្ឋមន្ដ្រីលើកឡើងនេះ គឺជាការនិយាយលេង និងថា ប្រមុខរដ្ឋាភិបាលកម្ពុជាគ្មានចេតនាដូចការចុះផ្សាយរបស់លោក សុវណ្ណ រិទ្ធី នេះឡើយ។ ក្រោយចាប់ខ្លួនលោកសុវណ្ណ រិទ្ធី សារព័ត៌មានអនឡាញTVFBរបស់លោកក៏ត្រូវបានក្រសួងព័ត៌មានសម្រេចលុបចោលផងដែរ ដោយហេតុផលថា ធ្វើខុសវិជ្ជាជីវៈ ក្រមសីលធម៌ និង ច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា។
ក្រៅពីអ្នកកាសែតកម្ពុជាលោកសុវណ្ណ រិទ្ធីនេះ សារព័ត៌មានអាល្លឺម៉ង់Deutsche Welle (DW) ក៏បានផ្តល់ពានរង្វាន់«សេរីភាពបញ្ចេញមតិ»នេះដល់អ្នកកាសែតចំនួន១៦នាក់មកពី១៣ប្រទេសផ្សេងទៀតផងដែរ។ អ្នកកាសែតទាំង១៦នាក់ទៀតនេះ មកប្រទេសស៊ែប៊ី ស្លូវេនី បេឡារុស រុស្ស៊ី វេណេស៊ុយអេឡា អ៊ីរ៉ង់ ស៊ីមបាវ៉េ អ៊ូហ្គង់ដា តួកគី ហ្ស៊កដានី ឥណ្ឌា ហ្វីលីពីន និងប្រទេសចិន។ ពានរង្វាន់«សេរីភាពបញ្ចេញមតិ» ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ហើយត្រូវបានផ្តល់ជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់អ្នកកាសែតដែលបង្ហាញពីការប្តេជ្ញាចំពោះបញ្ហាសិទ្ធិមនុស្ស និង សេរីភាពនៃការបញ្ចេញមតិនៅក្នុងបណ្តាញផ្សព្វផ្សាយព័ត៌មាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ