កម្ពុជា-កូរ៉ូណាវីរុស

អ្នកនាំពាក្យ៖ អ្នកជំងឺកូវីដ១៩ពីរនាក់ដែលព្យាបាលមិនទាន់ជា គឺដោយសារមានជំងឺប្រចាំកាយ

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet

ក្រសួង​សុខា​ភិបាល នៅថ្ងៃទី ០៨ ឧសភា​នេះ បាន​ប្រកាស​ថា អ្នក​ផ្ទុក​ជំងឺ​កូវីដ១៩ ចំនួន​២​នាក់ ដែល​នៅ​សេស​សល់​មិន​ទាន់​ជា​សះ​ស្បើយ​នោះ គឺ​មិន​ធ្ងន់​ធ្ងរ​ទេ ប៉ុន្តែ​វីរុស​នៅ​តែ​មាន​ក្នុង​ខ្លួន​ពួក​គេ​នៅ​ឡើយ។ ហេតុ​ដូច្នេះ ក្រសួង​បាន​សម្រេច​ឲ្យ​បញ្ជូន​មក​បន្ត​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀតបន្តទៀតនៅ​ក្នុង​ថ្ងៃ​នេះ​។ សូម​ជំរាប​ជូន​ថា រយៈ​ពេល​៣​សប្តាហ៍​មក​ហើយ ដែល​កម្ពុជា​រក​មិន​ឃើញ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

«បើតាមសភាពទូទៅរបស់អ្នកជំងឺទាំងពីរនាក់ គឺមិនធ្ងន់ធ្ងរទេ។ ក៏ប៉ុន្តែវីរុសនៅមានក្នុងខ្លួនគាត់នៅឡើយ ហើយនៅថ្ងៃនេះក្រសួងបានសម្រេចឲ្យបញ្ជូនមកបន្តការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាំងពីរនាក់ហើយ»។ នេះគឺជាការគូសបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ឆ្លើយតបទៅនឹងសំណួររបស់អ្នកកាសែត នៅថ្ងៃព្រឹក ថ្ងៃទី ០៨ ឧសភានេះ។ បើតាមអ្នកនាំពាក្យ «វីរុសនេះ​ គេពិបាកនឹងដឹងណាស់​ ដោយសារអ្នកទាំងពីរ​ ម្នាក់ជាបុរសវ័យ៧៥ឆ្នាំ​មានបញ្ហាសុខភាពប្រចាំកាយ​ និងម្នាក់ទៀតជាស្ត្រីវ័យ៣៦ឆ្នាំ​ មានបញ្ហាប៉ះពាល់ផ្លូវចិត្ត​ ទើបតម្រូវឲ្យមានការពិនិត្យព្យាបាលនៅមន្ទីរពេទ្យថ្នាក់ជាតិបន្តទៀត»។ យ៉ាងណាក៏ដោយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានជូនពរពួកគេទាំង២នាក់ ឲ្យបានឆាប់ជាសះស្បើយ​ នៅពេលមកដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅថ្ងៃនេះ។ សូមបញ្ជាក់ថា អ្នកជំងឺទាំងពីរនាក់នេះ គឺសុទ្ធសឹងជាជនជាតិខ្មែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ០៨ ឧសភានេះ កម្ពុជារកមិនឃើញមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩នេះទេ ដែលនេះ គឺមានរយៈពេលជាង៣សប្តាហ៍ជាប់ៗគ្នាមកហើយ។ យ៉ាងណាក្តី ទាំងមន្ត្រីជំនាញសុខាភិបាល និងប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជា ប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះជំងឺឆ្លងមួយនេះ។ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ០៨ ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតដាស់តឿននិងក្រើនរំឮកជាថ្មីដល់ប្រជាពលរដ្ឋខ្មែរ ឲ្យយកចិត្តទុកដាក់ពីការថែទាំសុខភាព ដើម្បីចៀសវាងការឆ្លងមេរោគកូវីដ១៩។ បើតាមលោកនាយករដ្ឋមន្ត្រី បើទោះបីជាអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់មែន ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថា ជំងឺនេះ មិនអីទេ នៅក្នុងប្រទេសកម្ពុជា ឬគិតថា កម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះឡើយ។

សូមជំរាបថា មកទល់ពេលនេះ កម្ពុជាមានអ្នកផ្ទុកជំងឺកូវីដ១៩ចំនួន ១២២ ករណី ភាគច្រើន គឺជាករណីនាំចូល។ ហើយក្នុងចំណោម១២២ករណីនេះ កម្ពុជាបានព្យាបាលជាសះស្បើយចំនួន១២០ករណី និងកំពុងសម្រាកព្យាបាលចំនួន២ករណីទៀតប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI