សហជីព៖ មន្ត្រីពាក់ព័ន្ធហៅបុគ្គលិកនិងម្ចាស់សណ្ឋាគារដឹហ្រ្កេតឌ្យូកភ្នំពេញទៅដោះស្រាយនៅថ្ងៃស្អែក
ចុះផ្សាយនៅថ្ងៃ៖
អ្នកតវ៉ារាប់សិបនាក់ តំណាងឲ្យអតីតបុគ្គលិកចំនួន១៥២នាក់ នៅអតីតសណ្ឋាគារអាំងទែរកុងទីណង់តាល់ បាននាំគ្នាតវ៉ាជាថ្មីទៀត នៅព្រឹកថ្ងៃចន្ទនេះ។ ជាការតវ៉ាលើកទី៧ហើយ ដើម្បីទាមទារឲ្យថៅកែសណ្ឋាគារដែលដាក់ឈ្មោះថ្មីថា ដឹហ្រ្កេតឌ្យូកភ្នំពេញនេះ (The Great Duke Phnom Penh) បើកប្រាក់សំណងផ្សេងៗជូនបុគ្គលិក ក្រោយពីសណ្ឋាគារផ្កាយ៥នេះ បិទទ្វារតាំងពីចុងឆ្នាំ២០១៩។ លោក ទូច កុសល ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ ប្រចាំសណ្ឋាគារដឺហ្រ្គេតឌ្យូក ភ្នំពេញបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIយ៉ាងដូច្នេះថា៖
សូមស្ដាប់ប្រសាសន៍របស់ លោក ទូច កុសល ប្រធានសហជីពកម្មករនិយោជិតវិស័យទេសចរណ៍ ប្រចាំសណ្ឋាគារដឺហ្រ្គេតឌ្យូកភ្នំពេញ
សូមបញ្ជាក់ថា សណ្ឋាគារអាំងទែរកុងទីណង់តាល់ដែលបើកដំណើរការតាំងពីឆ្នាំ១៩៩៦នោះ ត្រូវបានប្ដូរឈ្មោះជា ដឹហ្រ្កេតឌ្យូកភ្នំពេញ (The Great Duke Phnom Penh) កាលពីខែមករា ឆ្នាំ២០១៨ ។ បើតាមតំណាងសហជីព ការដែលអាជីវកម្មសណ្ឋាគារលំដាប់ផ្កាយ៥នេះដួលរលំ គឺដោយសារតែប្តូរឈ្មោះ អាំងទែរកុងទីណង់តាល់ ជាលក្ខណៈអន្តរជាតិ មកជាឈ្មោះក្នុងស្រុកដែលគេមិនសូវស្គាល់ ប៉ុន្តែបែរជាតម្លើងថ្លៃបន្ទប់សណ្ឋាគារទ្វេរដងទៅវិញជាហេតុធ្វើឲ្យភ្ញៀវថយចុះ។ បច្ចុប្បន្នសណ្ឋាគារផ្កាយ៥នេះ គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ថៃប៊ុនរ៉ុង ដែលមានលោកឧកញ៉ា ខូវ សម្បត្តិ ជាម្ចាស់នោះ បានប្រគល់ទៅរដ្ឋាភិបាលសម្រាប់ត្រៀមដាក់អ្នកជំងឺកូវីដ១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ