អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា ផ្តើមជួបទូតបរទេសជាថ្មី ក្រោយពីជួបជជែកគ្នាជាមួយលោកហ៊ុន សែន ជិត១ម៉ោង

លោក កឹម សុខា
លោក កឹម សុខា © REUTERS
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

នៅ​ក្នុង​សប្តាហ៍​នេះ លោក​កឹម សុខា ប្រធាន​អតីត​បក្ស​ប្រឆាំង​នឹង​ជួប​ជាមួយ​បណ្តា​ទូត​បរទេស​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​។ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ លោក​ក៏​គ្រោង​ជួប​ជាមួយ​នឹង​ឯក​អគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ​។ កាល​ពីថ្ងៃចន្ទ លោកកឹម សុខា បាន​ជួប​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​អាល្លឺ​ម៉ង់ និង សហ​ភាព​អឺរ៉ុប ដោយ​ជជែក​គ្នា​ពី​បញ្ហា​ជីវភាព​ពលរដ្ឋ​ខ្មែរ និង ជំនួប​រវាង​រូប​លោក​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​។

ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោកកឹម សុខា បានជួបដាច់ដោយឡែកជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និង ឯកអគ្គរដ្ឋទូតនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជានៅក្នុងគេហដ្ឋានរបស់លោក។ បើតាមលោកមុត ចន្ថា ដែលជានាយកខុន្ធកាល័យ គឺលោកកឹម សុខា និង ឯកអគ្គរដ្ឋទូតទាំងពីររូបនេះ បានជជែកពិភាក្សាគ្នាអំពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរក្នុងស្ថានភាពជំងឺកូវីដ-១៩ និងអំពីស្ថានភាពនាអនាគត។ មិនតែប៉ុណ្ណោះ អ្នកកាទូតទាំងពីរក៏បានសម្តែងការសាទរ និងគាំទ្រចំពោះជំនួបដ៏កម្ររវាងលោកកឹម សុខា និង លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដោយចាត់ទុកថា ជាវិជ្ជមាននៃជំហានដំបូង។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក កឹម សុខា បាន​ជួប​គ្នា​ជា​លើក​ដំបូងនៅ​ថ្ងៃទី៥ខែឧសភា រាប់​ចាប់​តាំង​ពី​ឆ្នាំ​២០១៦ មក​ដល់​ឆ្នាំ​២០​២០​នេះ​។ ជំនួប​លើក​ដំបូង​នេះ ធ្វើ​ឡើង​នៅ​គេហ​ដ្ឋាន​លោកហ៊ុន សែន នា​ឱកាស​ដែល​លោក កឹម សុខា ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​​ម្ដាយ​ក្មេកលោក​នាយក​រដ្ឋ​មន្ត្រី​។ ខ្លឹម​សារ​នៃ​ជំនួប​ជិត​១ម៉ោង​រវាង​អ្នក​នយោបាយ​ទាំង​ពីរ​គឺ​ផ្ដោតលើបញ្ហា«សុខ​ទុក្ខ​ប្រជាពល​រដ្ឋ​ខ្មែរ និង​ផល​ប្រយោជន៍​ជាតិ» ។ នេះ​បើ​តាម​លោក មុត ចន្ថា ដែលបានបង្ហាញឱ្យដឹងពី​ខ្លឹម​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​បុក​នៅ​ថ្ងៃទី៦​ខែឧសភា​។ ជំនួបដ៏កម្ររវា​ងអ្នកទាំងពីរនេះ ធ្វើឱ្យមានភ្ញាក់ផ្អើល និង សាទរយ៉ាងខ្លាំងពីសំណាក់អ្នកកាទូត អ្នកឃ្លាំមើលបញ្ហានយោ​បា​យ និង ប្រជាពលរដ្ឋទូទៅ។

ក្រោយជំនួបនេះប្រមាណមួយសប្តាហ៍ លោកកឹម សុខា ក៏បានប្រកាសឱ្យដឹងពីគម្រោងជួបជាមួយបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា។ តាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃចន្ទ លោកកឹម សុខា បានគូសបញ្ជាក់ថា ក្នុងសប្តាហ៍នេះ លោកនឹងទទួលជួបជាមួយនឹងឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូតនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗមួយចំនួន​ដែលមានស្ថានទូតនៅភ្នំពេញ។

សូមបញ្ជាក់ថា លោកកឹម សុខា កំពុងមានរឿងក្តីក្តាំនៅតុលាការនៅឡើយ។ តុលាការក្រុងភ្នំពេញបានចោទប្រកាន់លោកកឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សវនាការរបស់លោកបានដំណើរការហើយ ប៉ុន្តែត្រូវផ្អាកសិនកាលពីថ្ងៃទី២៥ ខែមីនា ដោយសារតែការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ ស្របពេលដែលការរីករាលដាលនៃជំងឺកូវីដ-១៩កំពុងមានភាពស្ងប់ស្ងាត់នៅកម្ពុជា ក្រុមមេធាវីលោកកឹម សុខា ចង់ឱ្យតុលាការបើកបន្តសវនាការលោកកឹម សុខា នៅឡើងវិញនៅចុងខែនេះ ឬ ដើមខែក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ