អានតួអត្ថបទ
កម្ពុជា ច្បាប់

ក្រុមការងារដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការត្រូវបានបង្កើតឡើងហើយ

ក្រុមការងារដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការត្រូវបានបង្កើតឡើងហើយ
ក្រុមការងារដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការត្រូវបានបង្កើតឡើងហើយ © Internet
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

ក្រសួង​យុត្តិធម៌​ កាលពីម្សិលមិញ បាន​សម្រេច​បង្កើត​គណៈកម្មការថ្មីមួយ​ ដើម្បី​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កក​ស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូងរាជធានី-ខេត្ត ខណៈ​អ្នកជាប់​ឃុំ​​នៅតាម​ពន្ធនាគារ​កំពុងមានភាពចង្អៀតណែន ពិសេសអ្នកជាប់ឃុំរឿងគ្រឿង​ញៀន។ ពីខាង​អង្គការ​សិទ្ធិ​មនុស្ស​ស្វាគមន៍​យុទ្ធនាការនេះ​តែ​ជំរុញឲ្យ​ធ្វើឡើង​ដោយតម្លាភាព និង​យុត្តិធម៌។

ផ្សាយពាណិជ្ជកម្ម

ប្រធានគណៈកម្មការនេះ ​គឺ​ដឹកនាំ​ដោយ ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​ដែលទើប​ឡើង​កាន់​តំណែង​ថ្មី និង​មានអនុប្រធានចំនួន២រូប ព្រមទាំង​សមាជិក​៥រូប​បន្ថែមទៀត ដែលជារដ្ឋលេខាធិការ។ រដ្ឋលេខា​ធិការម្នាក់​​ៗ គឺត្រូវ​ដឹកនាំ​ក្រុម​ការងារ​មួយ​ ដែលមាន​សមាជិកជាង១០រូបផ្សេងទៀត។

យោងតាម​ការ​ចាត់តាំងរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព ​ត្រូវ​ដឹកនាំ​ក្រុម​ការងារទីមួយ ដែល​គ្រប់​ដណ្តប់​លើសាលាដំបូងចំនួន៤ គឺ​រាជធានីភ្នំពេញ កណ្តាល ព្រៃវែង និង​ស្វាយរៀង។ ចំណែក​ លោក ឡុង នរិន្ទ ​ត្រូវ​ដឹកនាំ​ក្រុម​ការងារ​ទីពីរ ដែល​គ្រប់​ដណ្តប់​លើ​សាលា​ដំបូង​ចំនួន៨ គឺ​កំពង់ចាម កំពង់ធំ រតនៈគិរី មណ្ឌលគិរី ព្រះវិហារ ស្ទឹងត្រែង ​ក្រចេះ និង​ត្បូង​ឃ្មុំ។ រីឯ​ក្រុម​ការ​ងារ​ទី៣ គឺ​ដឹកនាំ​ដោយ លោក ជីវ សុងហាក់ ដែលគ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន៧គឺ សៀមរាប បាត់​ដំបង បន្ទាយមានជ័យ កំពង់​ឆ្នាំង ពោធិ៍សាត់ ឧត្តរមានជ័យ និង​ប៉ៃលិន។ ដោយឡែក​ ក្រុម​ការងារទីបួនចុង​ក្រោយគឺ​ដឹកនាំ​ដោយ លោក ជិន ម៉ាលីន ដែល​គ្រប់​ដណ្តប់​លើ​សាលាដំបូង​ចំនួន៥ គឺ​កោះកុង ព្រះ​សីហនុ កំពត តាកែវ និង​កំពង់​ស្ពឺ។

គណៈកម្មការថ្មីនេះ មានភារៈកិច្ច ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយការ​កកស្ទះសំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី-ខេត្ត។ ​ជាយុទ្ធនាការមួយ​ដើម្បី​លើកម្ពស់សមត្ថភាព ស្ថាប័នក្នុងការបម្រើសេវាយុត្តិធម៌ឲ្យបានល្អ ជាពិសេសកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ។

បើតាម​អគ្គនាយកដ្ឋាន​ពន្ធនាគារ បច្ចុប្បន្ននៅកម្ពុជាមានអ្នក​កំពុង​ជាប់​ឃុំ​សរុប​ជិត៤​ម៉ឺន​នាក់​(៣៨.៩១១)​ ក្នុងនោះ ១ភាគ​៣​ គឺជា​អ្នក​ជាប់​ឃុំ​ដែលពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន។​

ពីខាង​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ស្វាគមន៍ចំពោះ​ការ​បង្កើត​យុទ្ធនានេះដើម្បី​ឈាន​ទៅ​ដោះលែង​អ្នកទោស ​ឬអនុញ្ញាតឲ្យ​អ្នក​ជាប់​ឃុំ​ខ្លះ​បាននៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ប៉ុន្តែពួកគេមិន​ភ្លេច​​ជំរុញឲ្យអ្នក​​ធ្វើ​កិច្ចការនេះត្រូវមាន​តម្លាភាព និង​យុត្តិធម៌ ជៀសវាង​កើត​មាន​អំពើ​ពុករលួយនោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ