អានតួអត្ថបទ
កម្ពុជា សង្គម

Amnesty៖ «យុទ្ធនាការប្រឆាំងគ្រឿងញៀន របស់កម្ពុជាធ្វើឲ្យកើនឡើងនូវការរំលោភសិទ្ធិមនុស្ស»

(រូបភាពយកចេញពីក្របរបាយការណ៍)
(រូបភាពយកចេញពីក្របរបាយការណ៍) © សហការី
ដោយ៖ សឿង ភារៈ
១៨ នាទី

យុទ្ធនាការ «ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន» រយៈ​ពេល ៣ឆ្នាំ​របស់​រដ្ឋា​ភិបាល​កម្ពុជា បាន​ជំរុញ​ឲ្យ មាន​ការ​កើន​ឡើង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ប្រើ​មធ្យោ​បាយ​ឃុំឃាំង​ហួស​កម្រិត និង​បង្ក​ឱ្យ​មាន​ហានី​ភ័យ​ដល់​សេវា​សុខភាព​សាធារណៈ ស្រប​ពេល​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ នេះ​បើ​តាម​របាយ​ការណ៍​ស៊ើប​អង្កេត​មួយ​របស់​អង្គការ Amnesty International ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី១៣ ខែ​ឧសភា​នេះ។ របាយ​ការណ៍ដដែល​នេះ​ថា កម្ពុជា​បរាជ័យ​ក្នុង​គោល​ដៅ​ទប់​ស្កាត់​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​។ ប៉ុន្តែរដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិធម៌​ថា របាយ​ការណ៍​នេះ មិន​ត្រឹម​ត្រូវ និង​មិន​ឆ្លើយ​តប​ទៅ​នឹង​ស្ថាន​ភាព​ពិត​ប្រាកដ​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀននោះទេ​។

ផ្សាយពាណិជ្ជកម្ម

របាយការណ៍ថ្មីចំនួន៧៨ទំព័រ របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរៀបរាប់ពីចំណាត់ការរបស់អាជ្ញាធរលើប្រជាជនក្រីក្រ, ​មនុស្សដែលត្រូវបានសង្គមបោះបង់ចោល, ការចាប់ខ្លួនតាមអំពើចិត្ត, ការធ្វើទារុណកម្ម, រួមនឹងទម្រង់ប្រព្រឹត្តមិនត្រឹមត្រូវផ្សេងទៀត​, និងការបញ្ជូនមនុស្សណា ដែលគ្មានលុយសម្រាប់ដូរយកសេរីភាពរបស់ពួកគេ ទៅកន្លែងឃុំឃាំង ដែលមានភាពចង្អៀតណែន។ កន្លែងឃុំឃាំង ដែលមានភាពចង្អៀតណែននោះហើយ ជាទីដែលអ្នកជាប់ឃុំមិនអាចទទួលបានសេវាថែរទាំសុខភាព និងរងការរំលោភបំពានធ្ងន់ធ្ងរ។ នេះបើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ។

សង្គ្រាមគ្រឿងញៀននៅកម្ពុជាគឺជាគ្រោះមហន្តរាយមួយ បង្កជាការរំលោភសិទ្ធិមនុស្ស និងបង្កើតឱកាសសម្រាប់មន្ត្រីពុករលួយ និងមន្ត្រី ដែលមានប្រាក់ខែទាបនៅក្នុងប្រព័ន្ធយុត្តិធម៌ ខណៈកម្ពុជាមិនបានជួយអ្វីសម្រាប់សុខភាព និងសុវត្ថិភាពសាធារណៈ។ នេះបើតាមការលើកឡើងរបស់លោក Nicholas Bequelin នាយកប្រចាំតំបន់នៃអង្គការលើកលែងទោសអន្តរជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ឆ្នាំ២០១៧បានចាប់ផ្តើមយុទ្ធនាការប្រឆាំងគ្រឿងញៀន បន្ទាប់ពីបានធ្វើទស្សនៈកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកប្រធានាធិបតី Rodrigo Duterte។ មេដឹកនាំទាំងពីរកាលពីពេលនោះ បានសន្យាថានឹងសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក ជិន ម៉ាលីន រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៣ ខែឧសភានេះ ថា ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ គឺនៅមានការសង្ស័យលើរបាយការណ៍នេះ ទាក់ទងទៅនឹងវិធីសាស្ត្រនៅក្នុងការស្រាវជ្រាវ​ ការប្រមូលទិន្នន័យ ថាតើអង្គការនេះ បានផ្អែកលើមូលដ្ឋានអ្វី និងបានព័ត៌មានពីខាងណា ហើយបានពិគ្រោះយោបល់ជាមួយភាគីព័ន្ធឬអត់ ជាពិសេសស្ថាប័នអនុវត្តច្បាប់របស់កម្ពុជា។ លោកបន្ថែមថា របាយការណ៍នេះមិនបានពិគ្រោះយោបល់ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ ដូច្នេះ ការបង្ហាញលទ្ធផលនៃរបាយការណ៍នេះ មិនត្រឹមត្រូវ និងមិនឆ្លើយតបទៅនឹងស្ថានភាពពិតប្រាកដនៃយុទ្ធការប្រឆាំងគ្រឿងញៀន។

លោក ជិន ម៉ាលីន បញ្ជាក់ទៀតថាលោកចង់ឲ្យអ្នកធ្វើរបាយការណ៍ស៊ើបអង្កេតខាងលើនេះ បង្ហាញពីភស្តុតាង ថាតើករណីណាមួយ ដែលជាករណីបំពានច្បាប់ ដូចជាករណីពុករលួយ ការអនុវត្តខុសនីតិវិធីក្នុងយុទ្ធការ ការបំពានអំណាចជាដើម នោះទើបអាជ្ញាធរមានមូលដ្ឋានក្នុងការធ្វើការ និងរកអ្នក ដែលប្រព្រឹត្តិខុសមកទទួលខុសត្រូវតាមផ្លូវច្បាប់។

នៅខែមករា ឆ្នាំ២០១៧ រដ្ឋាភិបាលកម្ពុជាបានផ្តួចផ្តើមយុទ្ធនាការ ៦ខែប្រឆាំងនឹងគ្រឿងញៀនដែលត្រូវបានបន្តធ្វើម្តងហើយម្តងទៀត និងមិនកំណត់ចាប់តាំងពីពេលនោះមក។ ក្នុងយុទ្ធនាការនេះ មានមនុស្សប្រមាណ៥៥, ៧៧០នាក់ ត្រូវបានចាប់ខ្លួនពីបទសង្ស័យប្រើប្រាស់ ឬលក់គ្រឿងញៀន នៅចន្លោះខែមករា ឆ្នាំ២០១៧ និងខែមីនា ឆ្នាំ២០២០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ