កម្ពុជា ពលករចំណាកស្រុក

កូវីដ១៩៖ រដ្ឋមន្ត្រី​មហាផ្ទៃប្រាប់​ឲ្យទប់ស្កាត់ការ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេសជិតខាង និងចាប់ខ្លួន​មេខ្យល់

ពលករខ្មែរពេលអាជ្ញាធរថៃចាប់បញ្ជួនមកកម្ពុជាវិញកាលពីពេលកន្លងទៅ
ពលករខ្មែរពេលអាជ្ញាធរថៃចាប់បញ្ជួនមកកម្ពុជាវិញកាលពីពេលកន្លងទៅ © សហការី

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពីថ្ងៃទី១៣ ខែ​ឧសភា បាន​ណែនាំ​ឲ្យ​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​ជិត​ខាង ត្រូវ​ធ្វើការ​ទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ប្រទេស​ជិត​ខាង​តាម​ច្រក​របៀង។ បើតាម​រដ្ឋក្រសួង​មហាផ្ទៃ​វិធាន​ការ​នេះ​ធ្វើ ឡើង​ដើម្បី​បង្ការ​ការ​រីករាល​នៃ​ជំងឺ​កូវីដ១៩ និង​ពង្រឹង​សន្តិសុខសណ្តាប់​ធ្នាប់​សាធារណៈ ខណៈ​ប្រទេស​ជិត​ខាង​កំពុង​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ដោយ​សារ​ជំងឺនេះ​។​​

ផ្សាយពាណិជ្ជកម្ម

នាពេលថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ជិត​ខាង ខណៈពេល​ដែល​ប្រទេសជិត​ខាងទាំង​នោះ​កំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​កាលពីថ្ងៃទី១៣ ខែ​ឧសភា។ 

ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ លោក​ឧបនាយក​រដ្ឋ​មន្ត្រី ស ខេង តាម​រយៈលិខិត​ទៅកាន់​អភិបាល​ខេត្តជាប់​ព្រំដែនប្រទេស​ជិតខាង បានណែនាំឲ្យ​ចាត់វិធានការ​មួយ​ចំនួន ដែល​រួមមាន​ការ​ស្រាវជា្រវ ស្វែងរក និង​តាមចាប់ខ្លួន​មេខ្យល់​ដែល​ធ្វើ​ចលនា​អូសទាញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ក្នុង​ប្រទេស​ជិតខាង​តាម​ច្រក​របៀងនានា, បើ​មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ ដែល​ឆ្លងដែន​ខុសច្បាប់​ដោយ​សមត្ថកិច្ច​របស់​ប្រទេស​ជិតខាង ត្រូវ​សម្រប​សម្រួល​បញ្ជូន​ពលរដ្ឋខ្មែរ​ត្រលប់​មក​វិញ ហើយ​ត្រូវ​ពិនិត្យ​សុខភាព និង​វិធានការ​ដាក់​ឲ្យនៅ​ដាច់​ដោយ​ឡែក​ពី​គេ។

ក្នុង​លិខិត​ដដែល រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃក៏​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេសជិត​ខាង​នៅ​បន្ត​ដាក់​ប្រទេស​នៅក្នុង​ភាព​អាសន្ន ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩។ ហេតុ​ដូច្នេះ រដ្ឋបាលខេត្ត​ត្រូវ​អប់រំ​ណែនាំ និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ កុំឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ក្នុង​រយៈពេល​នេះ​ជា​ដាច់​ខាត​។​

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​(CLC) បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃទី​១៤ ខែឧសភា ថា​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ ដោយ​សារ​តែ​នៅ​ក្នុង​ប្រទេស​មិនមាន​ការងារ​ធ្វើ​ច្រើន និង​ភាពក្រីក្រ​។ ចំណែក​ប្រទេសថៃ​មាន​ការងារ​ច្រើន ហើយ​ប្រទេស​ថៃ​មាន​កន្លែង​ស្នាក់​នៅ និង​ប្រជុំជន​ច្រើន​។ លោក​បន្ត​ថា​ទោះបីជា​មាន​ការហាមឃាត់​ក៏​ដោយ ប៉ុន្តែ​ពលករខ្មែរ​នៅតែ​ឆ្លៀតឳកាស​តាម​តែ​អាច​ធ្វើ​ទៅ​បានដើម្បី​បាន​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​។

លោក​បញ្ជាក់​ថា​វិធានការ​របស់​រដ្ឋាភិបាល​នាពេល​នេះ ជួយ​បាន​មួយ​ផ្នែក​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​ពលរដ្ឋ​ឆ្លងដែន​តាម​ច្រក​របៀង ប៉ុន្តែ​កម្ពុជា​និង​ថៃមាន​ច្រក​របៀងច្រើន ដោយ​សារ​តែ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​មានចម្ងាយ​វែង​៕ 

កាល​ពីថ្ងៃទី​១៣ ខែ​ឧសភា ប្រទេស​ថៃ មិន​មាន​រក​ឃើញ​ករណី​ជំងឺកូវីដ១៩​នោះ​ទេ ហើយ​នេះ​គឺ​ជា​លើកទី១មួយ​ចាប់​តាំង​ពី​ជំងឺ​រាតត្បាតនេះ​បាន​ផ្ទុះឡើង​នៅ​ក្នុង​ប្រទេស​ថៃ។ អាជ្ញាធរ​សុខាភិបាល​ថៃ​បញ្ជាក់​ថា​ពេលនេះ​ប្រទេស​ថៃ​មាន​ករណី​ជំងឺកូវីដ​១៩​សរុប​ចំនួន​៣ ០១៧​ករណី និង​មាន​មនុស្ស​ស្លាប់​ដោយ​កូវីដ១៩​ចំនួន៥៦​នាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI