អានតួអត្ថបទ
កម្ពុជា ច្បាប់

លោក ហ៊ុន សែន និង លោក ស ខេង ប្រកាសរួមគ្នាថា មិនដកថយការអនុវត្តច្បាប់ចរាចរណ៍ឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ដោយ៖ អេង គីមហុង
១៤ នាទី

បន្ទាប់​ពី​អត្រា​នៃ​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ធ្លាក់​ចុះ​បន្តិច។ នៅ​ថ្ងៃទី១៥ ខែឧសភា​នេះ ប្រមុខ​រដ្ឋា​ភិបាល​លោក ហ៊ុន សែន និង​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង ប្រកាស​រួម​គ្នា ក្នុង​ការ​បន្ត​រឹត​បន្តឹង ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដោយ​មិន​ដក​ថយ​ជា​ដាច់​ខាត​។

ផ្សាយពាណិជ្ជកម្ម

ពីវេទិកានៃប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន គូសបញ្ជាក់ថា ការអនុវត្តច្បាប់ចរាចរណ៍ គឺមិនដកថយទេជាដាច់ខាត  ព្រោះកម្ពុជារងគ្រោះយូរពេកហើយ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានឆ្លុះបញ្ចាំង ថាកម្ពុជាមានប្រជាជនតែ ១៥ លាននាក់ តែអត្រាអ្នកស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍នៅកម្ពុជាចង់ស្មើនឹងប្រទេសវៀតណាម និង ថៃ ដែលមានប្រជាជនចន្លោះជិត៧០ ទៅ៩០លាននាក់។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ចំណែកលោកឧបនាយករដ្ឋមន្ត្រី ស ខេង ប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងនៅលើទំព័រហ្វេសបុកនៅថ្ងៃទី១៥ឧសភានេះដែរថា គ្មានការពន្យារ ឬផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះទេ  បើទោះជាកន្លងមកមានមតិខ្លះ សុំឲ្យមានការពន្យា ឬក៏ផ្អាកការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះក៏ដោយ។ បើតាមលោក ស ខេង   ការពន្យាពេល ឬក៏ផ្អាក ប្រៀបបាន នឹងការបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋខ្មែរនៅតែបន្តរងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើន ដោយសារគ្រោះថ្នាក់ចរាចរណ៍។

តែយ៉ាងណាក៏ដោយ លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើឲ្យរដ្ឋាភិបាលពិចារណា បន្ធូរបន្ថយប្រាក់ពិន័យមកនៅ៣០ភាគរយ ក្នុងទំហំទឹកប្រាក់សរុប៦ម៉ឺន សម្រាប់អ្នកមិនពាក់មួកសុវត្ថិភាព។ នេះក៏ព្រោះតែ ការអនុវត្តច្បាប់ធ្វើឡើងក្នុងដំណាក់ប្រឈមកូវីដ១៩។ ដ្បិតថា អត្រាអ្នកស្លាប់និងអ្នករបួសមានការធ្លាក់ចុះក្នុងរយៈពេលពីរសប្ដាហ៍នៃការអនុវត្តច្បាប់ក៏ពិតមែន តែលោក គង់ រតនៈ មើលឃើញថា ឥរិយាបថអ្នកប្រើប្រាស់មួយចំនួនធំមិនមានការផ្លាស់ប្ដូរទេ។ ពួកគេផ្លាស់ប្ដូរឥរិយាបថដូចជាៈ ពាក់មួកសុវត្ថិភាព គោរពភ្លើងស្តុប តែគោលដៅដែលមានកម្លាំងសមត្ថកិច្ចឈរជើងប៉ុណ្ណោះ។ ដូច្នេះលោក គង់ រតនៈ ស្នើឲ្យមានការបន្ថែមកម្លាំងឈរជើងឲ្យបានច្រើនជាងនេះ។

សូមជម្រាបជូនថា ១៤ថ្ងៃក្នុងការអនុវត្តច្បាប់ ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា គឺចំនួនគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់ និងអ្នកស្លាប់ថយចុះ៤នាក់ បើធៀបនឹងពេលវេលាដូចគ្នា ក្នុងខែមេសា ឆ្នាំ២០២០។   ចំណែកការផាកពិន័យវិញ សមត្ថកិច្ចបានផាកពិន័យយានយន្តជាង២ម៉ឺន២ពាន់គ្រឿង(២២,៣៨១) ក្នុងនោះម៉ូតូជាង១ម៉ឺន៦ពាន់គ្រឿង(១៦,៥៧៩) រថយន្តជិត៦ពាន់គ្រឿង(៥,៨០២)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ