លោក កើត រិទ្ធ៖ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង គឺមិនប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការទេ
ចុះផ្សាយនៅថ្ងៃ៖
នៅព្រឹកថ្ងៃចន្ទនេះ ក្រសួងយុត្តិធម៌បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស។ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថ្មីបានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺមិនមែនលូកដៃលើការសម្រេចក្តីរបស់ចៅក្រម និង មិនធ្វើឱ្យប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការនោះទេ។
«មិនប៉ះពាល់ដល់ឯករាជ្យភាពរបស់តុលាការ» និង «មិនជ្រៀតជ្រែកដល់ការសម្រេចក្តីរបស់ចៅក្រម» ទាំងនេះ គឺជាការគូសបញ្ជាក់របស់លោកកើត រិទ្ធ អំពីវិធានអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តនៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ។ បើតាមលោករដ្ឋមន្រ្តីយុត្តិធម៌ថ្មីរូបនេះ យុទ្ធនាការនេះ គឺផ្តល់ការគាំទ្រទៅលើផ្នែកបច្ចេកទេស ច្បាប់ មធ្យោបាយក៏ដូចសម្ភារៈដល់សាលាដំបូងរាជធានី-ខេត្ត ដើម្បីពន្លឿនការងាររបស់ខ្លួនតែប៉ុណ្ណោះ។
យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្តត្រូវបានប្រកាសដាក់ដំណើរការចាប់ពីថ្ងៃចន្ទ ទី១៨ ខែឧសភានេះ។ គោលបំណងនៃយុទ្ធនាការនេះ គឺទី១. គឺដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង ដើម្បីពន្លឿនការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ។ ទី២.នៅពេលដែលកាត់បន្ថយបាននូវការកកស្ទះសំណុំរឿង គឺមានន័យដល់ការលើកកម្ពស់ និងផ្តល់យុត្តិធម៌ឱ្យបានលឿន និង ល្អប្រសើរដល់ប្រជាពលរដ្ឋ។ និង ទី៣. គឺជួយដល់ការកាត់បន្ថយនូវភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ដើម្បីដំណើរការយុទ្ធនាការនេះ ក្រសួងយុត្តិធម៌បានបង្កើតក្រុមការងារចំនួន៤ ដឹកនាំដោយរដ្ឋលេខាធិការ៤រូបផ្សេងគ្នា។ ក្រុមការងារទាំង៤នេះ គឺទទួលខុសត្រូវលើតំបន់បែងចែក៤ខុសៗនៅទូទាំងប្រទេស។
លោករដ្ឋមន្រ្តីកើត រិទ្ធ បានចាត់ទុកយុទ្ធនាការនេះថា ជារឿងចាំបាច់បំផុតនៅពេលនេះ និងថា វា គឺជាបញ្ហាអាទិភាពរបស់ក្រសួងយុត្តិធម៌ក្រោយការឡើងកាន់តំណែងរបស់លោក។ ដូច្នេះហើយ លោកប្តេជ្ញាអនុវត្តយុទ្ធនាការនេះឱ្យបានជោគជ័យដោយគោរពតាមអភិក្រម២ គឺ «ត្រឹមត្រូវ យុត្តិធមិ និង មិនពុករលួយ»។ លោករដ្ឋមន្រ្តីក៏បានព្រមានដល់មន្រ្តី ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញាដែលចូលរួមអនុវត្តយុទ្ធនាការនេះ ឱ្យជៀសឱ្យឆ្ងាយពីការប្រព្រឹត្តនូវអំពើពុករលួយ ដោយលោកសង្កត់ធ្ងន់ថា មិនលើកលែងដាច់ខាត និង អនុវត្តតាមច្បាប់ និងវិជ្ជាជីវៈដោយម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះ លោកកើត រិទ្ធ ក៏បានអំពាវនាវឱ្យមានការចូលរួមឃ្លាំមើលយុទ្ធនាការនេះទាំងអស់គ្នា ហើយបើសិនជាសង្កេតឃើញមានភាពមិនប្រក្រតីណាមួយ គឺត្រូវប្តឹងមកក្រសួងយុត្តិធម៌ ឬ អង្គភាពប្រឆាំងអំពើពុលរលួយ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ មានសំណុំរឿងជិត៤ម៉ឺន(៣.៩១៥២)សំណុំរឿង ភាគច្រើនបទល្មើសគ្រឿង កំពុងត្រូវបានចាត់ការដោយសាលាដំបូងរាជធានី-ខេត្ត។ ដោយឡែក នៅសាលាដំបូងរាជធានីភ្នំពេញវិញ សំណុំរឿងដែលនៅសល់មានរហូតដល់១.២០០០ សំណុំរឿង ហើយសំណុំរឿងចូលថ្មីមានជាមធ្យមពី ៧០០ ទៅ ៩០០ សំណុំរឿងក្នុងមួយខែ។ បញ្ហាកកស្ទះសំណុំរឿងនេះ គឺដោយសារការបង្រ្កាបបទល្មើសកើនឡើងតាមរយៈយុទ្ធនាការបង្រ្កាបបទល្មើសជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា។ ម្យ៉ាងវិញទៀត ក៏ដោយសារតែសមត្ថភាពនៃសាលាដំបូងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាមិនទាន់ឆ្លើយតបទៅបញ្ហាចំនួនសំណុំរឿងទាំងនេះ។ នេះបើតាមការគូសបញ្ជាក់របស់លោករដ្ឋមន្រ្តីកើត រិទ្ធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ