អង្គការសង្គមស៊ីវិលចំនួន៥ ទាមទារឲ្យមានការបែងចែកវ៉ាក់សាំងប្រឆាំងកូវីដ១៩ដោយសមភាព និងឥតគិតថ្លៃ
ចុះផ្សាយនៅថ្ងៃ៖
ជុំវិញបញ្ហាកូវីដ១៩ អង្គការសង្គមស៊ីវិលជាតិ និងអង្គការអន្តរជាតិចំនួន៥ នៅប្រទេសកម្ពុជា បានរួមគ្នារៀបចំយុទ្ធនាការប្រព័ន្ធផ្សាយមួយតាមបណ្តាញសង្គម រយៈពេល១ខែចាប់ពីថ្ងៃទី២១ខែឧសភានេះតទៅរហូតដល់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២០ ដើម្បីកៀងគរអ្នកគាំទ្រចំនួន១លាននាក់។ ការស្វែងរកសម្លេង១លាននាក់នេះ គឺដើម្បីជាការផ្ញើសារទៅថ្នាក់ដឹកនាំពិភពលោក ដើម្បីទទួលបានដោយឥតគិតថ្លៃ និងដោយស្មើភាព ដល់មនុស្សគ្រប់រូបនៅលើភពផែនដីនេះ នៅពេលវ៉ាក់សាំងការពារមេរោគកូវីដ១៩ ត្រូវបានរកឃើញ។
អង្គការអុកស្វាម រួមជាមួយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា វេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព និងអង្គការគ្រូពេទ្យគ្មានព្រំដែន យល់ថាមនុស្សគ្រប់រូបនៅលើភពផែនដីនេះ ត្រូវទទួលបានវ៉ាក់សាំងដោយរហ័សបំផុតតាមដែលអាចធ្វើទៅបាន ដោយឥតគិតថ្លៃ ដោយសារវាជាមធ្យោបាយតែមួយគត់ ដើម្បីការពារទាំងអស់គ្នាពីការរាតត្បាតនៃមេរោគកូវីដ១៩។
ក៏ប៉ុន្តែក្រុមអង្គការទាំងនេះ បានបញ្ជាក់ថាហានិភ័យគឺខ្ពស់ខ្លាំងណាស់ ដោយហេតុថា អ្នកមានបំផុត នឹងត្រូវបានអនុញ្ញាតឲ្យទិញវ៉ាក់សាំងការពារខ្លួនឯង ខណៈពេលដែលអ្នកដែលនៅសេសសល់ភាគច្រើនក្នុងចំណោមទាំងអស់គ្នា ជាពិសេស ស្ត្រី ក្មេងស្រី និងអ្នកក្រីក្របំផុត មិនត្រូវបានទទួលវ៉ាក់សាំងទាន់ពេលវេលា។
លោកស្រី លីម សូលីន នាយិកាប្រចាំប្រទេសនៃអង្គការអុកស្វាម ឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា ពិភពលោកត្រូវតែឯកភាពគ្នាជាបន្ទាន់លើផែនការ ដែលមានមូលនិធិពេញលេញមួយ ដើម្បីអភិវឌ្ឍន៍ ផលិត និងចែកចាយវ៉ាក់សាំងដោយស្មើភាព សុវត្ថិភាព និងប្រសិទ្ធភាព ដែលជាគុណប្រយោជន៍សាធារណៈសកលមួយ។ ប៉ាតង់ និងប្រាក់ចំណេញ មិនអាចរារាំងការចែកចាយវ៉ាក់សាំង និងការព្យាបាល ដល់អ្នកដែលត្រូវការនោះឡើយ។
ក្រុមអង្គការទាំង៥បានលើកពីបទពិសោធន៍ កាលឆ្នាំ២០០៩ ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺផ្តាសាយជ្រូកជាសកល ប្រទេសអ្នកមាននានា បានធ្វើការបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិត មួយចំនួនក្នុងទ្រង់ទ្រាយធំ និងមុនគេ ដែលនេះមានន័យថា ប្រទេសផ្សេងទៀតក្នុងពិភពលោក បានទទួល វ៉ាក់សាំងក្នុងបរិមាណទាប និងយឺតជាងប្រទេសទាំងនេះយ៉ាងខ្លាំង។
សូមបញ្ជាក់ដែរថា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ឧសភាថ្មីៗនេះ ក្រុមអ្នកជំនាញនៃទីភ្នាក់ងារថ្នាំពេទ្យអឺរ៉ុបបានយល់ឃើញថា ថ្នាំវ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ អាចនឹងលេចរូបរាងឡើងនៅរយៈពេល ១ឆ្នាំទៀត ហើយការបែងចែកវ៉ាក់សាំងនេះក៏បានចាប់ផ្តើមមានភាពចំរូងចំរះរួចទៅហើយ។ ហេតុដូច្នេះទើបក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិទាំងនេះ បានបង្ហាញពីក្តីបារម្ភជាមុន ដោយរំពឹងថាវ៉ាក់សាំង ដែលនឹងផលិតបានក្នុងពេលខាងមុខ ត្រូវតែបែងចែកឬផ្តល់ឱ្យ ដោយឈរលើគោលការណ៍យុត្តិធម៍ និងស្មើភាពគ្នាចំពោះមនុស្សជាតិទូទៅ ជាពិសេសអ្នកដែលកំពុងរងគ្រោះពីជំងឺកូវីដ១៩ និងជនដែលងាយរងគ្រោះពីការរីករាលដាលនៃជំងឺនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ