អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

ផ្កាយក្រពើ និង​ផ្កាយប៉ូល​ដែល​មិនចេះលិច

សំឡេង ១០:០០
ផ្កាយ​ភ្លឺជាងគេ​ទាំង៧ដួង នៅ​ក្នុង​ផ្កាយ​ក្រពើ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "The Big Dipper" ចំណែក​នៅ​បារាំង​វិញ គេហៅ​ផ្កាយ​នេះ​ថា "La Grande Casserole"
ផ្កាយ​ភ្លឺជាងគេ​ទាំង៧ដួង នៅ​ក្នុង​ផ្កាយ​ក្រពើ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "The Big Dipper" ចំណែក​នៅ​បារាំង​វិញ គេហៅ​ផ្កាយ​នេះ​ថា "La Grande Casserole" © NASA
ដោយ៖ សេង ឌីណា
២៣ នាទី

នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​​បណ្តុំផ្កាយមួយទៀត ដែល​​គេ​ស្គាល់​​ច្រើន​​ដូច​​ផ្កាយ​កូនមាន់ និង​ផ្កាយ​យាមនង្គ័ល​ដែរ គឺ​ផ្កាយ​ក្រពើ។

ផ្សាយពាណិជ្ជកម្ម

ផ្កាយដែល​យើងតែងតែ​ហៅ​ថា « ផ្កាយក្រពើ » តាមការពិត គឺ​ជា​បណ្តុំផ្កាយ​ដែល​គេ​ស្គាល់​ជា​លក្ខណៈអន្តរជាតិ​ថា « ផ្កាយខ្លាឃ្មុំធំ » ឬ​ Ursa Major តាមភាសា​អង់គ្លេស ហើយ​ដែល​ជា​បណ្តុំផ្កាយ​ធំជាងគេ​បង្អស់​លំដាប់ទី៣ នៅ​ក្នុង​ចំណោម​បណ្តុំផ្កាយ​ទាំង ៨៨ ទទួលស្គាល់​ដោយ​សហភាព​តារាសាស្ត្រ​អន្តរជាតិ (International Astronomical Union)។

លក្ខណៈពិសេស​នៃ​ផ្កាយ​ក្រពើ គឺ​វាជា​ប្រភេទ​ផ្កាយ « បរិប៉ូល » ឬ​ជាភាសាអង់គ្លេស Circumpolar ដែល​មានន័យ​ថា​ជាផ្កាយ​ដែល​មិនចេះលិច សម្រាប់​អ្នក​ដែល​ស្ថិត​នៅ​អឌ្ឍគោល​ខាងជើង ចាប់ពីខ្សែស្រប​ទី​៤០ ទៅដល់​ប៉ូល​ខាងជើង។ អ្នក​ដែល​នៅ​ប៉ែក​ខាងជើង​នេះ ដូចជា​នៅ​ប្រទេស​បារាំង ជាដើម អាច​មើល​ឃើញ​ផ្កាយក្រពើ​ពេញមួយយប់ ចាប់​ពី​ថ្ងៃ​លិច រហូត​ដល់​ថ្ងៃ​រះ ហើយ​អាច​មើល​ឃើញ​ជារៀងរាល់​ថ្ងៃ​ក្នុងរយៈពេល​ពេញ​មួយឆ្នាំ។

ជាទូទៅ យើងអាច​រកមើល​ផ្កាយក្រពើ​​បាន​ដោយ​ងាយ ​តាមរយៈ​ផ្កាយចំនួន ៧ដួង នៅ​ប៉ែក​ខាង​កន្ទុយ​របស់​ក្រពើ ហើយ​ដែល​ជា​ផ្កាយ​​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ជាង​គេ​ក្នុង​ផ្កាយ​ក្រពើ​នេះ។ ​តាមការពិត​ទៅ តាំង​ពី​សម័យ​បុរាណ​មក​ រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេ​ស្គាល់​ផ្កាយ​ទាំង ៧ដួង​នេះ​​ជាង​ស្គាល់​ផ្កាយក្រពើ​ទាំងមូល ហើយ​ផ្កាយ​ទាំង ៧​នេះ វា​បង្កើត​ចេញ​ទៅ​ជា​បណ្តុំផ្កាយ​មួយ​ទៀត ដែល​ទម្រង់​របស់​វា​ត្រូវបាន​គេ​បកស្រាយ​ខុសៗគ្នា​អាស្រ័យ​ទៅ​តាម​វប្បធម៌​ខុសៗគ្នា។ នៅ​អាមេរិក គេ​មើល​ឃើញ​រាង​ជា​វែក ហើយ​គេ​ដាក់​ឈ្មោះ​ផ្កាយ​នេះ​ថា​ « Big Dipper »។ នៅ​បារាំង គេ​ថា​ជា​ឆ្នាំង (Grande casserole)។ នៅ​អង់គ្លេស​ គេ​មើល​ឃើញ​រាង​ជា​នង្គ័ល (Plough)។ នៅ​អាល្លឺម៉ង់ គេ​ថា​ជា​រទេះ (Great Wagon)។ ចំណែក​នៅ​ក្នុង​តារាស្ត្រ​ឥណ្ឌា​វិញ គេ​ហៅ​ផ្កាយ​ទាំង ៧​ដួង​នេះ​ថា​ជា « ឥសីទាំង៧ » ហើយ​មាន​ដំណើររឿងនិទាន​ជាប់​ជាមួយ​នឹង​ផ្កាយ​ទាំង ៧ នៅ​ក្នុង​ផ្កាយ​កូនមាន់ ដែល​មាន​ផ្កាយ​ ៧ដួង​ដូចគ្នាផង ហើយ​មាន​ទម្រង់​ក៏​ស្រដៀងគ្នា។

លក្ខណៈពិសេស​មួយទៀត​របស់​ផ្កាយក្រពើ គឺ​ផ្កាយ​ដ៏ភ្លឺ​ទាំង ៧ដួង ដែល​មានទម្រង់​ជា​​វែក ឬ​ជា​ឆ្នាំង​នេះ ត្រូវ​បាន​គេ​ប្រើ​ជាទូទៅ ជា​ចំណុច​គោល ដើម្បី​រក​ផ្កាយ​​ផ្សេងទៀត។

ផ្កាយ​នៅ​ខាង​ចុងកន្ទុយ (ឬដងវែក) នាំ​ទៅរក​ផ្កាយ​​ឈ្មោះ Acturus ដែល​ជា​ផ្កាយ​ភ្លឺជាងគេ​លំដាប់ទី៤។ ចំណែក​ផ្កាយពីរ​នៅ​ខាងមុខ វែក ឬ​ឆ្នាំង​វិញ គឺ​ផ្កាយ​ Merak និង Dubhe ត្រូវ​បាន​គេ​ហៅ​ថា​ជា « Pointer Stars » ពីព្រោះ​ថា បើ​សិន​ជា​គូសបន្ទាត់​​ពី Merak ទៅ Dubhe រួចហើយ​គូស​ បន្លាយ​តទៅមុខ​ប្រវែង​ប្រហែល​ជា៥ដងទៀត វា​នឹង​នាំ​ទៅដល់​ផ្កាយ​មួយ​ឈ្មោះ​ថា Polaris ដែល​ជា​ផ្កាយប៉ូល សម្រាប់​អ្នក​នៅ​អឌ្ឍគោល​ខាងជើង។

មើល​វីដេអូ​ផ្សេងទៀត ស្តីពី​វិទ្យាសាស្ត្រ និង​ចក្រវាល នៅលើ​យូធូបផ្លូវការ​របស់​យើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ