អានតួអត្ថបទ
កម្ពុជា សង្គម

អតីតបក្សប្រឆាំងស្នើឱ្យរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់ ដើម្បីជួយដោះស្រាយបញ្ហាបំណុលធនាគាររបស់ពលរដ្ឋ

ប្រាក់រៀល
ប្រាក់រៀល @សហការី
ដោយ៖ វណ្ណ សុគន្ធា
1 នាទី

អតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃទី២៥ ខែឧសភា​នេះ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ស្តីពី​ស្ថាន​ភាព​បំណុល​ធនាគារ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​បច្ចុប្បន្ន​។ អតីត​បក្ស​ប្រឆាំង​បាន​សង្កេត​ឃើញ​ពី​បញ្ហា​ប្រឈម​នានា​របស់​ពលរដ្ឋ​ចំពោះ​បញ្ហា​បំណុល​នេះ​។ ដូច្នេះ​ហើយ អតីត​បក្ស​ប្រឆាំង​អំពាវ​នាវ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ឱ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​ត្រូវ​មាន​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​ធនាគារ និង​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍ អតីតគណបក្សសង្រ្គោះជាតិបានកត់សម្គាល់ឃើញថា បច្ចុប្បន្ននេះ បញ្ហាប្រឈមធំបំផុតរបស់ប្រជាពលរដ្ឋខ្មែរ គឺវិបត្តិជំពាក់បំណុលដែលកើតចេញពីកម្ចីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ បញ្ហានេះ ធ្វើឱ្យប្រជាពលរដ្ឋប្រឈមនឹងហានិភ័យចំពោះជីវភាពរស់នៅ និង សុខភាព  ជាពិសេស គឺត្រូវប្រឈមនឹងការបាត់បង់កម្មសិទ្ធលើដីធ្លី និងផ្ទះសម្បែងរបស់ខ្លួនដែលបានដាក់ជាទ្រព្យធានា ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនមានវិធានការ ដើម្បីដោះស្រាយទេនោះ។

ជាមួយនឹងការកត់សម្គាល់បែបនេះ អតីតបក្សប្រឆាំងក៏បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យចាត់វិធានការជាក់លាក់ និងម៉ឺងម៉ាត់ ដើម្បីធានាឱ្យមានការពន្យារពេល ព្យួរ ឬ ផ្អាកការសងបំណុលរបស់ប្រជាពលរដ្ឋខ្មែរ ទាំងប្រាក់ដើម និង ការប្រាក់ដល់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពពេញលេញ និង ទូលំទូលាយសម្រាប់រយៈពេលយ៉ាងតិច៣ខែ។ បន្ថែមលើនេះ អតីតបក្សប្រឆាំងក៏ស្នើឱ្យរដ្ឋាភិបាលធានាកុំឱ្យមានការរឹបអូសកម្មសិទ្ធិដីធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដោយសារតែបំណុល។ សម្រាប់អតីតបក្សប្រឆាំងនេះ គឺរដ្ឋត្រូវបញ្ចេញកញ្ចប់ថវិកាជាតិបន្ទាន់មួយ ដើម្បីទ្រទ្រង់ធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីធានាដល់ដំណើរការប្រតិបត្តិការរបស់ធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់នោះ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា នៅកម្ពុជា ការដោះស្រាយបំណុលមីក្រូហិញ្ញវត្ថុត្រូវធ្វើដោយទន់ភ្លន់តាមគោលការណ៏របស់រាជរដ្ឋាភិបាល។ លោកបានគូសបញ្ជាក់បន្ថែមទៀតថា នៅស្រុកណាក៏ដូចនៅស្រុកណាដែរនៅលើពិភពលោកនោះ គឺ ជំពាក់ធនាគារហើយត្រូវតែសង រដ្ឋគ្រាន់តែមានគោលនយោបាយជួយសម្រួលការសងប៉ុណ្ណោះ ពោល គឺរដ្ឋមិនសងជំនួសសាម៉ីខ្លួនគេនោះទេ ។

សូមបញ្ជាក់ថា កន្លងមករដ្ឋាភិបាលកម្ពុជាបានអំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យពន្យារការសងប្រាក់បំណុលដល់ប្រជាពលរដ្ឋ ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ ១៩។ ប៉ុន្តែវិធានការនេះ អតីតបក្សប្រឆាំងយល់ថា មិនមានប្រសិទ្ធភាពពេញលេញ និងទូលំទូលាយនោះទេ។ បើតាមអតីតបក្សប្រឆាំង មកដល់ពេលនេះ ប្រជាពលរដ្ឋដែលជំពាក់បំណុលធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើននៅតែមិនទទួលបានការពន្យារការសងបំណុល ទាំងប្រាក់ដើម និង ការប្រាក់នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ