អានតួអត្ថបទ
កម្ពុជា សង្គម

លោក ហ៊ុន សែន អនុញ្ញាតឱ្យពលរដ្ឋខ្មែរចូលស្រុកបានដោយមិនចាំបាច់មានលិខិតបញ្ជាក់ថាគ្មានកូវីដ១៩ទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB
ដោយ៖ វណ្ណ សុគន្ធា
1 នាទី

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​សម្រេច​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ចូល​មក​ប្រទេស​កម្ពុជា​វិញ​បាន ដោយ​មិន​ចាំ​បាច់​មាន​លិខិត​បញ្ជាក់​សុខ​ភាព​ថា គ្មាន​ជំងឺ​កូវីដ​១៩​ទេ​។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​រិះគន់​នានា​ដែល​ថា វិធាន​ការ​របស់​រដ្ឋា​ភិបាល​កម្ពុជា​កន្លង​មក គឺ​គ្មាន​ឆន្ទៈ​ចង់​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចូល​មក​ស្រុក​វិញ​ដោយ​សារ​តែ​ខ្លាច​ជំងឺ​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

ចាប់ពីពេលនេះតទៅ ប្រជាពលរដ្ឋខ្មែរអាចចូលមកប្រទេសកម្ពុជាបានងាយស្រួលវិញហើយ។ លោកនាយករដ្ឋមន្រ្តីហ៊ុន​ សែន​ តាមរយៈទំព័រហ្វេសប៊ុកបានសម្រេចអនុញ្ញាតឱ្យពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬ មានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ​ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ​-១៩​ ទេ។ បើតាមលោកនាយករដ្ឋមន្រ្តី វិធានការនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលនៅក្រៅប្រទេសឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួ​សារនៅក្នុងប្រទេសកំណើតរបស់ខ្លួនវិញ។

វិធានការថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់ថា រដ្ឋាភិបាលកម្ពុជាមិនមានឆន្ទៈពិតប្រាកដចង់ឱ្យប្រជាពល​រដ្ឋខ្មែរនៅក្រៅប្រទេសចូលស្រុកវិញបាន ព្រោះតែជំងឺកូវីដ១៩។ ការរិះគន់ខ្លាំង គឺទៅលើស្ថានទូតកម្ពុជានៅប្រទេសម៉ាឡេស៊ី។ ម៉ាឡេស៊ីដែលមានប្រជាពលរដ្ឋខ្មែរប្រមាណជាង១៤០នាក់កំពុងជាប់គាំងនៅទីនោះមិនអាចចូ​លមកកម្ពុជាបាន។ មូលហេតុសំខាន់ គឺពួកគេត្រូវធ្វើតេស្តរកជំងឺកូវីដ ១៩នៅម៉ាឡេស៊ីសិន ប៉ុន្តែបញ្ហាត្រង់ថា ពួកគេពុំមានលទ្ធភាព ព្រោះការធ្វើតេស្ត គឺចំណាយពី១០០ទៅ១៥០ដុល្លារ។ ម្យ៉ាងវិញទៀត ក៏ដោ​យសារតែពុំទាន់តែមានជើងយន្តហោះហោះមកកម្ពុជានៅឡើយ។ នេះបើតាមស្ថានទូតកម្ពុជានៅម៉ាឡេស៊ី។

បើទោះបីនៅពេលនេះ រដ្ឋាភិបាលមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថាគ្មានជំងឺឆ្លងកូវីដ​១៩ក៏ដោ​យ ប៉ុន្តែពេលមកដល់កម្ពុជា គឺចាំបាច់ត្រូវតែចូលពិនិត្យសុខភាព​ និងពិនិត្យសំណាក​។ មិនតែប៉ុណ្ណោះ ក៏ត្រូវដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន១៤ថ្ងៃ ដើម្បីរង់ចាំលទ្ធផលសំណាកថាតើមានរោគឆ្លង ឬ ក៏អត់ ​ទើបអនុ​ញ្ញាតឱ្យទៅលំនៅដ្ឋានវិញ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

កាលពីថ្ងៃទី២០ ខែឧសភាកន្លងទៅ រដ្ឋា​ភិបាល​កម្ពុជា​បាន​លុប​ចោល​នូវ​បម្រាម​ហាម​ជន​បរទេស​មក​ពី​៦ប្រទេស គឺ​អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង​អាមេរិក មិន​ឱ្យ​ចូល​មក​កម្ពុជា​។ ជន​បរទេស​ទាំង​៦​ប្រទេស​នេះ ត្រូវ​បាន​រដ្ឋា​ភិបាល​ដាក់​បម្រាម​មិន​ឱ្យ​ចូល​មក​កម្ពុជា​កាល​ពី​ពាក់កណ្តាលខែ​មីនា​កន្លង​ទៅ​។ ប៉ុន្តែ ខុសពីជនជាតិខ្មែរ ពួក​ជនបរទេសទាំងនេះ ​ត្រូវ​មាន​លិខិត​បញ្ជាក់​សុខ​ភាព​ថា​ គ្មាន​ផ្ទុក​ជំងឺ​កូវីដ​១៩​ពី​ប្រទេស​សាម៉ី​ខ្លួន​។  ក្រៅពីនេះ ពួកគេក៏តម្រូវឱ្យមានឯកសារធានារ៉ាប់រងសុខភាពក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពតាមវិធានផ្សេងៗទៀតដែលកំណត់ដោយក្រសួងសុខាភិបាលកម្ពុជា។ ប៉ុន្តែ ក៏ដូចជនជាតិខ្មែរដែរ គឺគ្រប់ជនបរទេសទាំងអស់ដែលមកដល់ប្រទេស​កម្ពុជា គឺត្រូវទៅធ្វើតេស្តរកជំងឺកូវីដ ១៩ និង ត្រូវដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ