អានតួអត្ថបទ
កម្ពុជា សេដ្ឋកិច្ច

រដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការជុំទី៤ ដើម្បីសង្គ្រោះសេដ្ឋកិច្ចនិងសង្គមកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី @RFI

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៦ ឧសភា ទើបតែបានដាក់ចេញនូវវិធានការជុំទី០៤ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ១៩។ បើសរុបជារួមមក គិតមកទល់នឹងពេលនេះ រដ្ឋាភិបាលកម្ពុជា បានជះថវិការប្រមាណជាង១ពាន់លានដុល្លារហើយ ដើម្បីទប់លំនឹងសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ១៩។ ចំនួននេះ ដោយមិនទាន់គិតពីការអនុគ្រោះពន្ធរបស់រដ្ឋាភិបាលដល់វិស័យឯកជនមួយចំនួននៅឡើយទេ។

ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៦ ឧសភា រដ្ឋាភិបាលទើបតែបានដាក់ចេញនូវវិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាល នៃជំងឺកូវីដ១៩ រួមនឹងវិធានការមួយចំនួនទៀត ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ច និងសង្គមកម្ពុជា។ ក្នុងនោះ រដ្ឋាភិបាលកម្ពុជា បានសម្រេចពន្យារ​ការ​លើក​លែង​ពន្ធ​រហូត​ដល់​ខែកក្កដា ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍ និង មិន​តម្រូវ​អោយ​បង់​ភាគទាន​ធនា​រ៉ាប់រង​ហានិភ័យ​ការងារ និង​ថែទាំ​សុខភាពឡើយ។

បន្ថែមលើនេះ រដ្ឋាភិបាលក៏បានសម្រេច កាត់បន្ថយ​ការប្រាក់និង​សម្រួល​ដល់​ការ​ខ្ចី​ប្រាក់​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ថវិកាពិសេស ៥០ លាន​ដុល្លារ​របស់​រដ្ឋាភិបាល ​តាមរយៈ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម និង ១០០លាន​ដុល្លារ​ទៀត​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​រដ្ឋាភិបាលកម្ពុជា ​នឹង​សហការ​ជាមួយ​ធនាគារ​ជាតិនៃកម្ពុជា ដើម្បី​បន្ធូរបន្ថយ និង​កែសម្រួល​អាត្រា​ពន្ធ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារផងដែរ។ នៅក្នុង​ផ្នែក​នេះ ​ក្រសួង​នឹង​​បង្កើត​អោយ​មាន​មូលនិធិ​ឥណទាន (Credit Guarantee Fund) ដោយ​ប្រើ​ថវិកា​២០០​លាន​ដុល្លារ និង​មាន​ថវិកា​ត្រៀម​បន្ថែម​ចំនួន​ ៣០០​ លានដុល្លារអាមេរិកទៀត ដើម្បីគាំទ្រ និងដើរតួជាកាតាលីករជំរុញកំណើនតាមវិស័យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិ និងក្រោយពេលវិបត្តិនៃជំងឺកូវីដ១៩។

លោក មាស សុខសេនសាន អ្នកនាំពាក្យនិងជាអគ្គ​លេខា​ធិការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុបានថ្លែងថា វិធានការជុំទី០៤នេះ គឺជាការកែសម្រួលវិធានការចាស់ដែលមាននីតិវិធីស្មុគស្មាញ និងការដាក់ចេញនូវវិធានការថ្មីបន្ថែមផង។ បើតាមអគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរូបនេះ គិតទាំងវិធានការនៅជុំទី០៤នេះ រដ្ឋាភិបាលកម្ពុជា បានជះថវិការប្រមាណជាង១ពាន់លានដុល្លារអាមេរិកមកហើយ ដើម្បីជួយទប់លំនឹងសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ១៩។ ចំនួននេះ នៅមិនទាន់គិតពីការអនុគ្រោះពន្ធរបស់រដ្ឋាភិបាលកម្ពុជា ដល់វិស័យឯកជនមួយចំនួននោះនៅឡើយទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ