អានតួអត្ថបទ
កម្ពុជា ច្បាប់

លោក ស ខេង បញ្ជាឲ្យទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងចាប់មេខ្យល់មកដាក់ទោសតាមច្បាប់

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា © FB
ដោយ៖ អ៊ឹង ប៊ុនថន
១២ នាទី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស ខេង នៅថ្ងៃពុធនេះ​ បានដាក់​បទបញ្ជាឲ្យ​សមត្ថកិច្ច​តាម​ព្រំដែនបង្កើន​ការ​ទប់​ស្កាត់​ពលរដ្ឋ​ឆ្លង​ដែន​ខុស​ច្បាប់ និង​តាមចាប់​មេខ្យល់​មកផ្តន្ទាទោសតាមច្បាប់។ ការដាក់បទបញ្ជាជាថ្មីបែបនេះគឺធ្វើ​ឡើង​ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិប្រ​យុទ្ធ​ប្រឆាំងអំពើជួញដូរមនុស្ស ខណៈការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទមានការ​កើនឡើង។

ផ្សាយពាណិជ្ជកម្ម

ការ​ដាក់បទបញ្ជា​របស់​ប្រមុខ​ក្រសួង​មហាផ្ទៃ​ លោក ស ខេង គឺសង្កត់​ធ្ងន់​លើ​ការ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេសថៃ ដែលអាជ្ញាធចាប់ខ្លួនបានជាបន្តបន្ទាប់មកនេះ។

បើតាម​លោក ស ខេង នៅពេល​ច្រក​ព្រំដែនអន្តរជាតិ​បានបិទដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ប៉ុន្តែនៅតាមច្រករបៀងតូចៗ នៅមានមេខ្យល់​លួចនាំមនុស្ស​ឆ្លង​ដែនខុស​ច្បាប់។ដូចនេះលោកបញ្ជាឲ្យ​សមត្ថកិច្ចតាមព្រំដែន​ត្រូវ​បង្កើន​ការរឹតបន្តឹង និងតាមចាប់​មេខ្យល់​មកផ្តន្ទាទោសតាមច្បាប់។

ជាមួយគ្នានោះ លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានគូសបញ្ជាក់ថា បញ្ហាប្រឈមនៃអំពើជួញដូរមនុស្សនាពេលចុងក្រោយនេះ គឺដោយសារការនាំពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ពិសេសទៅកាន់ប្រទេសថៃ។

ការដែល​ពលរដ្ឋ​ខ្មែរ​លួចឆ្លង​ដែនទៅរក​ការងារ​ធ្វើនៅប្រទេសថៃ នៅតែកើតមាន បើទោះបីជាអាជ្ញាធរប្រទេសទាំងពីរបាន​បិទ​ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក៏ដោយ។ ជាក់​ស្តែង​នៅថ្ងៃទី​២៧​ឧសភានេះ សមត្ថកិច្ច​បានឃាត់​ខ្លួន​ពលរដ្ឋខ្មែរចំនួន​៦នាក់​នៅខេត្ត​បន្ទាយមានជ័យ ខណៈពួកគេ​លួច​ឆ្លង​ដែន​បំណងទៅរកការងារធ្វើ​នៅខេត្តឈុនបុរី។ នៅថ្ងៃដដែលនេះ​ ការិយាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ក៏បានឃាត់​ខ្លួន​ជន​សង្ស័យ២នាក់ ដែល​នាំក្មេងៗ​ឲ្យ​ដើរ​សុំទាន​នៅតាម​ភ្លើង​ស្តុបក្នុង​ទីក្រុងភ្នំពេញ ដោយសង្គ្រោះបានកុមារ៦នាក់ ក្នុងនោះមានទារក២នាក់។

បើតាម លោកស្រី ជូ ប៊ុនអេង សមត្ថកិច្ច​​បង្ក្រាប​បាន ​ករណីជួញដូរ​មនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួនចំនួន១៦៩ករណីនៅឆ្នាំ២០១៩ គឺកើនឡើង៣៥ករណី បើធៀប​នឹង​ឆ្នាំ​២០១៨។ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបាន២២៩នាក់ និងបានសង្គ្រោះជនរងគ្រោះចំនួន៤៥៦នាក់ ដោយបានផ្ដន្ទាទោស​ជនល្មើសបានមួយចំនួនផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ