អានតួអត្ថបទ
កម្ពុជា ច្បាប់

រដ្ឋមន្រ្តីយុត្តិធម៌៖ អ្នកទោសដែលអាចនឹងត្រូវដោះលែង គឺប្រព្រឹត្តបទល្មើសតូចតាច និងអនុវត្តទោសជិតចប់

អ្នកទោសដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ)
អ្នកទោសដែលជាប់ក្នុងពន្ធនាគារ (រូបភាពឯកសារ) @សហការី
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

ម្សិល​មិញ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​អះអាង​ឱ្យ​ដឹង​ថា អ្នក​ទោស​មួយ​ចំនួន​អាច​នឹង​ត្រូវ​ដោះ​លែង ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធ​នាគារ​។ ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ជាតិ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​ ២០២០ របស់​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។ ក៏​ប៉ុន្តែ លោក កើត រិទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​បាន​បញ្ជាក់​ថា អ្នក​ទោស​ដែល​អាច​នឹង​ត្រូវ​ដោះ​លែង គឺ​ប្រព្រឹត្ត​តែ​បទ​ល្មើស​តូច​តាច​ប៉ុណ្ណោះ​។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពិធី​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​ជាតិ​ឆ្នាំ ២០១៩ និង​លើក​ទិស​ដៅ​ឆ្នាំ ២០​២០ របស់​គណៈ​កម្មា​ធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​កាល​ពី​ថ្ងៃ​ពុធ លោក​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិ​ធម៌​ថ្មី កើត រិទ្ធ បាន​អះអាង​ថា អ្នក​ទោស​ដែល​អាច​នឹង​ត្រូវ​ដោះ​លែង​នា​ពេល​ខាង​មុខ​នេះ គឺ​ត្រូវ​តែ​អនុវត្ត​ទោស​ជិត​ចប់​សិន​។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​ទាំង​អស់​នោះ គឺ​ជា​អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​តូច​តាច​ប៉ុណ្ណោះ ពោល គឺ​មិន​មែន​ជា​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ​នោះ​ឡើយ​។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ មិនទាន់មានអ្នកទោសណាម្នាក់ត្រូវបានដោះលែងនៅឡើយទេ ដោយលោកកើត រិទ្ធ បានគូសបញ្ជាក់ថា តុលាការកំពុងធ្វើលើកិច្ចការនេះ។ បើតាមលោកកើត រិទ្ធ ការឈានទៅដោះលែងអ្នកទោសដែលអនុវត្តទោសជិតចប់ក្នុងល្មើសស្រាលនេះ គឺជាការអនុវត្តទៅតាមនីតិវិធីច្បាប់ ហើយផ្អែកទៅតាមការកែប្រែខ្លួនឱ្យទៅជាពលរដ្ឋល្អរបស់ពួកគេ។ ក៏ប៉ុន្តែ ក្រោយការដោះលែង ពួកគេ គឺស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការចំពោះសកម្មភាពទាំងឡាយរបស់ពួកគេ។

ការឃ្លាំមើលក៏ដូចជាបន្ទុកតាមដានអ្នកទោសដែលត្រូវដោះលែង គឺធ្លាក់ទៅលើសមត្ថកិច្ចដែនដី។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា។ លោកស ខេង បានសង្កត់ធ្ងន់ថា អ្នកទោសដែលអាចនឹងត្រូវដោះលែង គឺនឹងរាយប៉ាយទៅតាមកន្លែងផ្សេងៗគ្នា ដោយលោកឧបមាថា ប្រសិ​នបើអ្នកទោសប្រមាណ១ម៉ឺននាក់ត្រូវដោះលែង គឺពួកគេមិននៅក្នុងខេត្តមួយ​ ឫ ពីរទេ គឺរាយប៉ាយទៅតាមខេត្តផ្សេងៗទៀត។ ដូច្នេះហើយ លោកថា ត្រូវតែធ្វើបញ្ជីឱ្យបានច្បាស់លាស់ ដើម្បីផ្ញើទៅឱ្យសមត្ថកិច្ចដែនដីនីមួយៗ។

សូមបញ្ជាក់ថា ការគ្រោងដោះលែងទោសខ្លះនេះ គឺស្ថិតនៅក្នុងយុទ្ធនាការ​ដោះ​ស្រាយ​ការ​កក​ស្ទះ​សំណុំ​រឿង​នៅ​តាម​សាលា​ដំបូង​រាជ​ធានី​-ខេត្តដែលដាក់ចេញដោយក្រសួងយុត្តិធម៌កាលពីថ្ងៃទី១៨ ខែឧសភាកន្លងទៅ។ ក្រសួងយុត្តិធម៌បានបង្កើតក្រុមការងារចំនួន៤ ដឹកនាំដោយរដ្ឋលេខាធិការ៤រូបផ្សេងគ្នា ដើម្បីអនុវត្តយុទ្ធនាការនេះ។ ក្រុមការងារទាំង៤នេះ គឺទទួលខុសត្រូវលើតំបន់បែងចែក៤ខុសៗនៅទូទាំងប្រទេស។ បើតាមក្រសួងយុត្តិធម៌ យុទ្ធនាការនេះ គឺសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាការ ដើម្បីពន្លឿនការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ និង ជួយដល់ការកាត់បន្ថយនូវភាពចង្អៀតណែននៅក្នុងពន្ធនាគារ​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ