អង្គការ COMFREL៖ ប្រសិទ្ធភាពសភាឯកបក្សមានការធ្លាក់ចុះ នៅឆ្នាំទី១អាណត្តិទី៦ ធៀបនឹងសភាពហុបក្ស
ចុះផ្សាយនៅថ្ងៃ៖
អង្គការ COMFREL កាលពីថ្ងៃពុធ បានធ្វើការសន្និដ្ឋានថានៅក្នុងឆ្នាំទី១ នៃនីតិកាលទី៦នេះ ប្រសិទ្ធភាពការងារនៃរដ្ឋសភាឯកបក្ស មានការធ្លាក់ចុះ បើប្រៀបធៀបទៅនឹងរដ្ឋសភាកម្ពុជាដែលធ្លាប់មានជាពហុបក្ស។ តាមរបាយការណ៍ COMFREL ការធ្លាក់ចុះនៃសភាឯកបក្សនេះ ដោយសារមិនឃើញមានចេញលិខិតអន្តរាគមន៍របស់តំណាងរាស្ត្រ មិនឃើញមានតំណាងរាស្ត្រនិយាយពីភាពអសកម្មក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ គ្មានសកម្មភាពសួរដេញដោលលើការអនុវត្តច្បាប់ និងសេចក្តីស្នើច្បាប់នៅក្នុងសម័យប្រជុំរដ្ឋសភា។
អ្នកតំណាងរាស្ត្រនៃរដ្ឋសភាឯកបក្សអាណត្តិទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនត្រូវបានគេសង្កេតឃើញថាមានការខ្នះខ្នែង ឬយកចិត្តទុកដាក់នោះទេ ទាក់ទងទៅនឹងការជួយអន្តរាគមន៍ដោះស្រាយបញ្ហា ជាពិសេស ទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃពុធម្សិលមិញ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា (Comfrel) ស្តីពីរបាយការណ៍សង្ខេបនៃការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រឆ្នាំទី១នៃនីតិកាលទី៦ ឲ្យដឹងថាកិច្ចប្រជុំរដ្ឋសភាក្នុងឆ្នាំទី១ គឺភាគច្រើនបំផុតក្នុងសម័យប្រជុំទាំងនោះ មិនសូវឃើញមានតំណាងរាស្ត្រណាម្នាក់ជំទាស់ រិះគន់ ឬសួរដេញដោល ស៊ីជម្រៅឡើយ នៅក្នុងកិច្ចប្រជុំជាច្រើនផ្តោតទៅលើការអនុម័តច្បាប់។ ផ្ទុយទៅវិញ មានតែការបញ្ចេញមតិកោតសរសើ និងគាំទ្រដល់ការដឹកនាំរបស់រដ្ឋាភិបាល តែប៉ុណ្ណោះ។
អង្គការ Comfrel បន្តថា នៅឆ្នាំទីមួយ ២០១៩ដែរ ការកោះហៅសមាជិករដ្ឋាភិបាលទៅសាកសួរ មានតែម្តងគត់គឺកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ជាមួយគ្នានេះ អង្គការ Comfrel បានលើកយកចំណុចសំខាន់ៗនៃការងាររដ្ឋសភាមកបង្ហាញដូចជា ដំណើរការប្រជុំពេញអង្គរបស់រដ្ឋសភា គឺក្នុងឆ្នាំទី១ អាណត្តិទី៦ រដ្ឋសភាបានប្រជុំចំនួន១១ដង សម្រេចបានរបៀវវារៈចំនួន២៩ អនុម័តបានសេចក្តីព្រាងច្បាប់ចំនួន១៤ និងអនុម័តលើវិសោធនកម្មច្បាប់ធំៗចំនួន៣ផងដែរ។
រីឯសកម្មភាពចុះមូលដ្ឋានរបស់អ្នកតំណាងរាស្ត្រវិញ គឺមានតែតំណាងរាស្ត្រ៥៥រូប(៤៤%) ក្នុងចំណោមអ្នកតំណាងរាស្ត្រសរុបចំនួន១២៥រូប ក្នុងនោះមាន១០៤១លើក គិតជាមធ្យម១៩លើកក្នុងតំណាងរាស្ត្រម្នាក់។ ដោយឡែកបេសកកម្មអ្នកតំណាងរាស្ត្រនៅក្នុងបក្សឆ្នាំទី១ អាណត្តិទី៦ គឺតិចជាង ឆ្នាំទី១ អាណត្តិទី៥ចំនួន៥០រូប(៧៤%)៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ