អានតួអត្ថបទ
កម្ពុជា-សិទ្ធិមនុស្ស

អង្គការ​ជាតិនិង​អន្តរជាតិ​ចំនួន​៣៣ អំពាវនាវ​ឲ្យ​នាំ​យក​ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​នៅ​ម៉ាឡេស៊ី​មក​វិញ​ជា​បន្ទាន់

ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​សារ​តែ​វិបត្តិ​កូវីដ​១៩
ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​សារ​តែ​វិបត្តិ​កូវីដ​១៩ © សហការី
ដោយ៖ អ៊ឹង ប៊ុនថន
1 នាទី

អង្គការ​ជាតិ និង​អន្តរជាតិ​ចំនួន​៣៣ កាល​ពី​ម្សិលមិញ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ដោយ​អំពាវនាវ​ទៅ​រដ្ឋាភិបាល​​កម្ពុជា អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​នាំ​យក​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ​មក​មាតុភូមិ​វិញ​ដោយ​​សុវត្ថិភាព​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​តែ​២​ថ្ងៃ​ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន​ សែន​ បាន​សម្រេច​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា​អាច​វិល​ចូល​ប្រទេស​វិញ​ ដោយ​មិន​តម្រូវ​ឲ្យ​មាន​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺ​ឆ្លង​កូវីដ​១៩​ទេ​។

ផ្សាយពាណិជ្ជកម្ម

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) នៅ​ថ្ងៃ​ទី​២៩ ឧសភា ការ​អន្តរាគមន៍​ឱ្យ​ពលរដ្ឋ​ខ្មែរ​វិល​មក​ប្រទេស​ខ្លួន​វិញ គឺ​ជា​កាតព្វកិច្ច​របស់​កម្ពុជា ដែល​មាន​ចែង​ក្នុង​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​។ លើស​ពី​នេះ​ទៀត ការ​អន្តរាគមន៍​នាំ​យក​ពលរដ្ឋ​ខ្មែរ​​មក​ប្រទេស​កំណើត​គឺ​ស្រប​មាត្រា ៤០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ចែង​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​តាំង​លំនៅ នៅ​បរទេស និង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។

បើ​តាម​អង្គការ​​ជាតិ និង​អន្តរជាតិ​ចំនួន​៣៣​នេះ យ៉ាង​ហោច​ណាស់ មាន​ពលករ​ខ្មែរ និង​និស្សិត​កម្ពុជា​ប្រមាណ ១៥០ នាក់ កំពុង​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ចាប់​តាំង​ពី​ថ្ងៃ​ទី៧ ខែ​មេសា ខណៈ​អ្នក​ទាំង​នោះ​បម្រុង​ហោះហើរ​មក​កម្ពុជា​វិញ ហើយ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស ដោយ​សារ​តែ​មិន​មាន​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺ​ឆ្លង​កូវីដ​១៩​។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៧​ខែ​ឧសភា លោក ហ៊ុន សែន បាន​សម្រេច​ជា​ថ្មី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិត​ឆ្លង​ដែន​កម្ពុជា​អាច​វិល​ចូល​ប្រទេស​វិញ​ ដោយ​មិន​តម្រូវ​ឲ្យ​មាន​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព​ថា​គ្មាន​ជំងឺ​ឆ្លង​កូវីដ​១៩​នោះ​ឡើយ​។ ប៉ុន្តែ​ពេល​វិល​ត្រឡប់​មក​ដល់​ប្រទេស​វិញគឺ​តម្រូវ​ឲ្យ​ចូល​ពិនិត្យ​សុខភាព​ និង​ពិនិត្យ​សំណាក​ ហើយ​ដាក់​ឲ្យ​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ​រង់​ចាំ​លទ្ធផល​សំណាក​ថា តើមាន​រោគ​ឆ្លង​ឬ​អត់​ ទើប​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​វិញ​។

បើ​តាម​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ពលរដ្ឋ​កម្ពុជា​ដែល​នៅ​ជាប់​គាំង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ កំពុង​ប្រឈម​ការ​លំបាក​ផ្នែក​ជីវភាព ហើយ​ថា​ស្ថានទូត​ខ្មែរ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​ទេ​។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ស្ថាន​ទូត​កម្ពុជា​នៅ​ម៉ាឡេស៊ី​បដិសេធ​។

តំណាង​ស្ថានទូត​កម្ពុជា នៅ​ថ្ងៃ​ទី​២៩​ឧសភា ក៏​បាន​ជួប​តំណាង​ក្រុម​ហ៊ុន​អាកាសចរណ៍ Malaysia Airlines ដើម្បី​ឲ្យ​បើក​ការ​ហោះហើរ​ដឹក​ពលរដ្ឋ​ខ្មែរ​មក​កម្ពុជា​វិញ។ តែ​ក្រុមហ៊ុន​អះអាង​ថា​នឹង​ដឹង​លទ្ធផល​នៅ​រយៈ​ពេល​ពីរ​សប្តាហ៍​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ