អានតួអត្ថបទ
កម្ពុជា ច្បាប់

នគរបាលចរាចរណ៍៥នាក់ ត្រូវបានដកនិងព្យួរការងារ ដោយសារតែល្មើសវិន័យ និង បទបញ្ជា

ប៉ូលិសចរាចរណ៍ផ្លូវគោកក្នុងម៉ោងធ្វើការ (រូបភាពឯកសារ)
ប៉ូលិសចរាចរណ៍ផ្លូវគោកក្នុងម៉ោងធ្វើការ (រូបភាពឯកសារ) © Internet
ដោយ៖ វណ្ណ សុគន្ធា
1 នាទី

យ៉ាង​ហោច​ណាស់ មន្រ្តី​នគរ​បាល​ចំនួន​៥នាក់ ត្រូវ​បាន​ដក​ចេញ​ពី​តំណែង និង ព្យួរ​ការងារ ដោយ​សារ​តែ​ពួក​គេ​បាន​ល្មើស​វិន័យ និង បទ​បញ្ជា។ នេះ​បើ​តាម​ការ​អះអាង​ឱ្យ​ដឹង​របស់​លោក ហ៊ឹម យ៉ាន អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ ទទួល​ផែន​ចរាចរណ៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ជា​ការ​កត់​សម្គាល់ ការ​ដក​តំណែង និង​ព្យួរ​ការងារ​មន្រ្តី​នគរបាល​ដែល​បំពាន​ច្បាប់​ទាំង​នេះ ធ្វើ​ឡើង​ស្រប​ពេល​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ​កំពុង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដោយ​បន្ថែម​ទឹក​ប្រាក់​ផាក​ពិន័យ​ច្រើន​ជាង​មុន​។

ផ្សាយពាណិជ្ជកម្ម

គឺនៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការរឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរយៈពេល១ខែដំបូង លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានគូសបញ្ជាក់ថា មន្រ្តីនគរបាលចំនួន៥នាក់ដែលត្រូវបានដកតំណែង និងព្យួរការងារទាំងនេះ គឺរួមមាន នាយការិយាល័យចរាចរណ៍ខេត្តកំពង់ធំ ត្រូវបានដកហូតដំណែង អធិការរងស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវបានព្យួរការងារ។ ចំណែក មន្រ្តីចរាចរណ៍៣នាក់ទៀតនៅក្នុងរាជធានីភ្នំពេញក៏ត្រូវបានព្យួរការងារផងដែរ។ លោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន មិនបានលម្អិតឱ្យដឹងថា ពួកគេទាំងអស់នេះ បានប្រព្រឹត្តខុសយ៉ាងណាខ្លះទេ គឺគ្រាន់តែបញ្ជាក់ថា បានល្មើសនឹងវិន័យរបស់នគរបាល។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល០១ខែដំបូងនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួនជាង៤ម៉ឺន(៤៤,៧៦៥ករណី) ក្នុងនោះ មានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួនជាង៣ម៉ឺន(៣២,៧២៦ករណី )ស្មើនឹង៧៣% និងរថយន្តគ្រប់ប្រភេទចំនួនជាង១ម៉ឺន(១២,០៣៩ករណី )ស្មើនឹង២៧%។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១ ខែមិថុនានេះ។

បើតាមរបាយការណ៍ដដែល បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ៤២នាក់ ស្មើ២៧% (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២% (៣៤២/៥០៤នាក់)។ ក៏ប៉ុន្តែបើប្រៀបធៀបទៅនឹងខែមេសា ឆ្នាំ២០២០ នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ២៨លើក ស្មើ១១% (២១៨/២៤៦លើក) អ្នកស្លាប់ថយចុះ ១៤នាក់ ស្មើ១១% (១១៣/១២៧នាក់) អ្នករបួសថយចុះ២៦នាក់ ស្មើ៧%(៣៤២/៣៦៨នាក់)។

ចំពោះទឹកប្រាក់ដែលទទួលបានពីការផាកពិន័យយានយន្តវិញ គឺប្រមាណ៣ពាន់លានរៀល ដែលស្មើនឹងប្រមាណជាង៧០ម៉ឺនដុល្លារអាមេរិក។ ក្នុងចំណោមយានយន្តល្មើសច្បាប់ទាំងអស់នេះ គឺម្ចាស់យានយន្តប្រមាណ២០ភាគរយមិនទាន់បានទៅបង់ប្រាក់ផាកពិន័យនៅឡើយទេ។ នេះបើតាមការគូសបញ្ជាក់បស់លោកនាយឧត្តមសេនីយ៍ហ៊ឹម យ៉ាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ