គម្រោងបាតុកម្មរបស់ពលរដ្ឋនៅព្រំដែនប៉ោយបែតត្រូវបានខកខាន ខណៈសមត្ថកិច្ចដាក់កម្លាំងទប់ស្កាត់
ចុះផ្សាយនៅថ្ងៃ៖
ដូចការគ្រោងទុក នៅថ្ងៃចន្ទនេះ សមត្ថកិច្ចប្រដាប់អាវុធ ខេត្តបន្ទាយមានជ័យ ត្រូវបានពង្រាយ និងមានទាំងរបាំងបិទផ្លូវផង ត្រូវបានដាក់នៅរង្វង់មូលជិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នេះគឺជាវិធានការទប់ស្កាត់ក្រុមពលរដ្ឋដែលអះអាងថាមានគ្នាប្រមាណ១៥០០នាក់ ត្រៀមធ្វើបាតុកម្មដើម្បីទាមទារឱ្យអាជ្ញាធរខ្មែរអន្តរាគមន៍ទៅខាងភាគីថៃសុំបើកទ្វារព្រំដែនប្រទេសទាំង២ឡើងវិញ។
គម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃ១មិថុនានេះ ត្រូវបានខកខាន ខណៈក្រុមសមត្ថកិច្ច ដាក់កម្លាំងពង្រាយបិទផ្លូវ នៅចំណុចរង្វង់មូលជិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
នេះមិនមែនជាវិធានការថ្មីទេ! កាលពីសប្តាហ៍មុនក្រុមសមត្ថកិច្ចក្រុងប៉ោយប៉ែតក៏បានដាក់កម្លាំងត្រៀមទប់ស្កាត់គម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋនៅជាប់ព្រំដែននេះដែរ ហើយធ្វើឲ្យអ្នកដឹកនាំបាតុកម្មម្នាក់បានដកខ្លួនចេញ។
យ៉ាងណាក៏ដោយ នៅក្នុងលិខិតសុំធ្វើបាតុកម្មនោះ គេបានអះអាងថា មានពលរដ្ឋចំនួន ១.៥០០នាក់ គ្រោងចូលរួមធ្វើបាតុកម្មនៅមុខច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង៦ល្ងាចចាប់ពីថ្ងៃទី១ដល់ថ្ងៃទៅ៧មិថុនា។ ការស្នើធ្វើបាតុកម្មរបស់ពួកគេ ដើម្បីសុំបើកព្រំដែនឡើងវិញ ពីព្រោះការបិទព្រំដែនយូរបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់ពួកគេដែលជាអ្នកប្រកបមុខរបរពឹងទៅលើការចេញចូលតាមច្រកទ្វារអន្តរជាតិដ៏សំខាន់មួយនេះ។ ជាងនេះទៅទៀត ផែនការតវ៉ារបស់ពលរដ្ឋខ្មែរនៅព្រំដែននេះ ក៏ទាមទារឲ្យហាមឃាត់រថយន្តដឹកទំនិញរបស់ថៃមិនចូលមកកម្ពុជាដែរ ខណៈទំនិញរបស់កម្ពុជាដឹកចេញទៅប្រទេសថៃមានការរឹតបន្តឹង។ ប៉ុន្តែអាជ្ញាធរខេត្តបន្ទាយមានជ័យបាន បដិសេធសំណើធ្វើបាតុកម្មនេះ ដោយសំអាងលើបញ្ហាជំងឺកូវីដ១៩។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការខកខានធ្វើបាតុកម្មរបស់ពលរដ្ឋនៅថ្ងៃទី១មិថុនានេះ គឺដោយសារតែសមត្ថកិច្ចដាក់កម្លាំងទប់ស្កាត់មានចំនួនច្រើន។ នៅពេលសួរថាតើគម្រោងធ្វើបាតុកម្មរយៈពេល៧ថ្ងៃនោះត្រូវលុបចោលឬយ៉ាងណា? មន្ត្រីសិទ្ធិមនុស្សរូបនេះមិនអាចបញ្ជាក់បានទេ ខណៈមិនមានអ្នកដឹកនាំបាតុកម្មពិតប្រាកដ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ