អានតួអត្ថបទ
កម្ពុជា ច្បាប់

មន្ត្រីបក្សប្រឆាំងត្រូវបានចាប់ខ្លួនជាថ្មីទៀត ខណៈប្រមុខរដ្ឋាភិបាលថាពួកគេរៀបចំផែនការផ្តួលរំលំធនាគារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបប្រជុំអាស៊ាន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងជំនួបប្រជុំអាស៊ាន © សហការី
ដោយ៖ អ៊ឹង ប៊ុនថន
1 នាទី

យ៉ាងហោចណាស់​មន្ត្រីបក្សប្រឆាំងចំនួន៣នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅប៉ុន្មានថ្ងៃចុងក្រោយនេះ នៅខេត្តផ្សេងៗគ្នា​តែ​ត្រូវបានបញ្ជួន​មកឃុំខ្លួន​នៅទីក្រុង​ភ្នំពេញ។​ ការចាប់ខ្លួននេះធ្វើ​ឡើងស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន បានព្រមាន​កាលពីម្សិលមិញ អំពីផែនការ​កោះប្រជុំ​របស់​មេដឹកនាំ​បក្សប្រឆាំងដែលនៅក្រៅ​ប្រទេសជាមួយអ្នកគាំទ្រខ្លួននៅស្រុក​ខ្មែរ គឺជាអ្វីដែល​លោក ហ៊ុន សែន ហៅថា ជាការ​ធ្វើ​វិធង្សនាសេដ្ឋកិច្ច ធ្វើឲ្យធនាគារនៅស្រុកខ្មែរ​ដួលរលំ ខណៈកម្ពុជាកំពុងមានវិបត្តិកូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

លោក ​ស៊ុន ធន់​ គឺជាមន្រ្តី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ធំ​ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃទី១មិថុនា​រួច​បញ្ជូន​មក​រាជធានី​ភ្នំពេញ ​គឺចំពេលដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចេញពីខេត្ត​ព្រះ​សីហនុ។​ ជាការព្រមានឲ្យចាប់ខ្លួន​មន្ត្រីបក្សប្រឆាំងណាដែលរៀបចំផែនការប្រជុំ​ជាមួយមេដឹកនាំ​ខ្លួន​នៅក្រៅ​​​ប្រទេស ដើម្បីអ្វីដែលលោក ហ៊ុន សែន ចោទថា «ធ្វើវិធង្សនាសេដ្ឋកិច្ច នាំឲ្យធនាគារនៅកម្ពុជា​ដួលរលំ និងជាអំពើភេរវកម្ម»។

កាលពីថ្ងៃទី៣១ឧសភា សមត្ថកិច្ចខេត្តតាកែវ ក៏បានចាប់ខ្លួនលោក កាក់ កុម្ភារ គឺជា​អតីតសមាជិក​ក្រុមប្រឹ​ក្សា​រាជធានី​ភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ​ដែលទើប​វិលត្រឡប់ពីការភៀសខ្លួនទៅប្រទេសថៃ​ ខណៈលោក ​ពៀត ម៉ាប់ ជា​អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ខេត្ត​សៀមរាប​និង​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប​ផង​ដែរត្រូវបានចាប់ខ្លួនកាល​ពី​ថ្ងៃ​ទី​២៧​ខែ​ឧសភា។

លោក ហែម សុជាតិ ជាមេធាវីម្នាក់ដែលការពារក្តីឲ្យសកម្មជនបក្សប្រឆាំងបាន​ថ្លែងថាលោក​បាន​ដឹង​ពីការចាប់ខ្លួនមន្ត្រី៣នាក់បន្ថែមទៀតនេះ ដែលធ្វើឲ្យចំនួនសកម្មជន​ដែល​ត្រូវបាន​ចាប់ខ្លួនកើនឡើង​ដល់​ជិត​៤០នាក់ ទាក់ទងនឹងការភ្ជាប់ពួកគេទៅនឹងផែនការវិលត្រឡប់របស់លោក សម រង្ស៊ី។

ប៉ុន្តែការចាប់ខ្លួនមន្ត្រី​បក្សប្រឆាំងនៅប៉ុន្មានថ្ងៃមកនេះ នៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ច និងតុលាការថា ធ្វើ​ឡើង​ក្រោមបទចោទអ្វីនោះទេ។ តែប្រមុខរដ្ឋាភិបាល បានព្រមានចាប់ខ្លួនទាំងអស់មនុស្សណាដែលពាក់​ព័ន្ធ​នឹង​ផែនការកោះប្រជុំ​របស់​មេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស។​ គឺជាផែន​ការ​ដែលលោក ហ៊ុន សែន ចោទថា «ធ្វើវិធង្សនាសេដ្ឋកិច្ច នាំឲ្យធនាគារនៅកម្ពុជា​ដួលរលំ និងជាអំពើភេរវកម្ម» ខណៈកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩ ហើយប្រជាពលរដ្ឋប្រឈមនឹងការ​ខ្វះលុយ​សងបំណុល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ