អានតួអត្ថបទ
កម្ពុជា សង្គម

ខុមហ្វ្រែលផ្តល់យោបល់ឲ្យ គ.ជ.ប និងរដ្ឋសភា រិះរកលទ្ធភាពចុះឈ្មោះពលរដ្ឋខ្មែរនៅក្រៅប្រទេស

រូប​សញ្ញា​គណៈកម្មាធិការដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល
រូប​សញ្ញា​គណៈកម្មាធិការដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល Comfrel
ដោយ៖ ញឹម សុផល
1 នាទី

អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត ខុម​ហ្វ្រែល នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ប្រកាស​ថា គុណ​ភាព​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ចាប់​តាំង​ពី​មាន​ការ​កែ​ទម្រង់​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត និង​ចុះ​ឈ្មោះ​ឡើង​វិញ​ក្នុង​ឆ្នាំ២០១៦ ដល់​ឆ្នាំ២០១៩ នៅ​តែ​មាន​ភាព​ប្រសើរ តែ​ការ​ចុះ​ឈ្មោះ​ដល់​ប្រជា​ពលរដ្ឋ​ចំណាក​ស្រុក​នៅ​តែ​ជា​បញ្ហា​ប្រឈម​។ ការ​លើក​ឡើង​របស់​ខុម​ហ្វ្រែល​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​នេះ បាន​បញ្ចប់​ការ​សង្កេត​មើល​ពី​ដំណើរ​ការ​ចុះឈ្មោះ​បោះឆ្នោត និង​ការ​ធ្វើ​សវន​កម្ម​បញ្ជីឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៩ កាល​ពី​ពេល​កន្លង​ទៅ​នេះ។

ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មាធិការ​ដើម្បី​ការបោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅកាត់​ថា​ខុម​ហ្វ្រែល បាន​ផ្តល់​យោបល់​ជា​ថ្មី​ទៅ​លើ​ស្ថាប័ន គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) ឲ្យ​មាន​ការ​ជជែក​ជាមួយ​ស្ថាប័ន​រដ្ឋសភា ដើម្បីធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ឬបង្កើតនីតិវិធីបើកផ្លូវឲ្យមានយន្តការចុះឈ្មោះបោះឆ្នោតប្រជាពលរដ្ឋចំណាកស្រុកនៅក្រៅប្រទេស ដែលមិនទាន់បានចុះឈ្មោះ ឲ្យមានលទ្ធភាពបានចុះឈ្មោះ បោះឆ្នោតនៅខាងក្រៅប្រទេស។

អង្គការខុមហ្វ្រែល បានកត់សម្គាល់ថា ការចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៩ មានរយៈពេល២២ថ្ងៃ និងមានការប៉ាន់ស្មាននៃអ្នកគ្រប់អាយុចុះឈ្មោះចំនួន ១០លាន១សែននាក់ជាង និងកាលរិយាល័យបោះឆ្នោតប៉ាន់ស្មានចំនួន ២៣ ៣៦៤ការិយាល័យ។ តែប្រជាពលរដ្ឋចំណាកស្រុកនៅតែមិនអាចទទួលបានការសម្របសម្រួលឲ្យមានការចុះឈ្មោះនៅឡើយ ជាពិសេសការដាក់ការិយាល័យសម្រាប់ការចុះឈ្មោះនៅក្រៅប្រទេស។

សេចក្តីប្រកាសរបស់ខុមហ្វ្រែល បានលើកឡើងពីការបង្កើនការិយាល័យបោះឆ្នោតជារៀងរាល់ឆ្នាំ ខណៈ គ.ជ.ប បានប៉ាន់ស្មានអ្នកចុះឈ្មោះបោះឆ្នោតថ្មីសម្រាប់ឆ្នាំ២០១៩ គឺមានចំនួន៣៧២ ៦២៨នាក់ ក្នុងចំណោមអ្នកមានសិទ្ធិចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩។ ក៏ប៉ុន្តែតួលេខនៃអ្នកចុះឈ្មោះបោះឆ្នោតថ្មី ចេញទៅចុះឈ្មោះគឺមានតួលេខទាប គឺស្មើនឹង ១០៨ ២៧២នាក់ ឬស្មើនឹង២៨,៩៩% នៃស្ថិតិប៉ាន់ស្មាន។

ជាមួយគ្នានេះ ខុមហ្វ្រែលក៏បានរកឃើញដែរថា ចំនួនឈ្មោះអ្នកបោះឆ្នោត ដែលមានឈ្មោះស្ទួន ក៏មានការថយចុះ គឺថយថុះពី៨៩ឈ្មោះ នៅឆ្នាំ២០១៨ មកនៅត្រឹម៤៤ឈ្មោះ នៅឆ្នាំ២០១៩ ក្នុងចំណោមឈ្មោះអ្នកបោះឆ្នោតដែលមាននៅក្នុងបញ្ជីជាង ៨,៦លាននាក់។ ស្ថាប័ន គ.ជ.ប នៅមិនទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេ ជុំវិញការលើកឡើងរបស់អង្គការខុមហ្វ្រែលនៅពេលនេះ ដោយក្រុមការងារបានដកឃ្លាទៅពិភាក្សាគ្នា និងធ្វើសេចក្តីថ្លែងការណ៍នៅថ្ងៃស្អែក។ នេះបើតាមអ្នកនាំពាក្យ គ.ជ.ប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ