អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សកាន់អំណាចសាងសង់អគារស្នាក់ការថ្មី ដើម្បីបង្ហាញពីភាពរឹងមាំ និងការរួបរួម សាមគ្គីភាពរបស់បក្ស

អគារស្នាក់ការថ្មី របស់គណបក្សកាន់អំណាច
អគារស្នាក់ការថ្មី របស់គណបក្សកាន់អំណាច © FB
ដោយ៖ វណ្ណ សុគន្ធា
1 នាទី

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ដ្ឋាន​សាង​សង់​អគារ​ទីស្នាក់​ការ​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា ស្ថិត​នៅ​តាម​បណ្តោយ​វិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ​។ លោក​នាយក​រដ្ឋ​មន្រ្តី បាន​គូស​បញ្ជាក់​ថា ការ​សាង​សង់​អគារ​ស្នាក់​គណបក្ស​ថ្មី​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ភាព​រឹង​មាំ និង​ការ​រួប​រួម សាមគ្គីភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ ប៉ុន្តែ​អគារ​ថ្មី​នេះ មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​សម្ពោធ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​។

ផ្សាយពាណិជ្ជកម្ម

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកនាយករដ្ឋមន្រ្តីហ៊ុន​ សែន បានអះអាងថា អគារទីស្នាក់ថ្មីរបស់របស់គណបក្សប្រជាជនកម្ពុជានេះ គឺបានបង្ហាញឱ្យឃើញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា។ បើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោ​ល​បំ​ណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧប​សគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

អគារទីស្នាក់ការកណ្តាលថ្មីរបស់គណបក្សប្រជាជនកម្ពុជានេះ ត្រូវបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនៅពេលនេះ ការសាងសង់សម្រេចបានប្រមាណ៩៥%ហើយ។ អគារថ្មីទីស្នាក់ថ្មីនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទីតាំងអគារចាស់ដែលមានទំហំប្រមាណ ១.៦ហិកតា និង មានកម្ពស់៥ជាន់ ទំហំសំណង់អាគារជាង ៥០,០០០ម៉ែត្រក្រឡា។ អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រដែលខាងក្រៅអគារទាំងមូលបានរំលេចទៅដោយពណ៌សដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា អគារថ្មីនេះមិនទាន់បានកំណត់កាលបរិច្ឆេទដើម្បីបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយទេដោយហេតុថា បញ្ហាជំងឺកូវីដ ១៩នៅមិនទាន់បញ្ចប់ដែលជាហេតុមិនអាចរៀបចំការជួបជុំគ្នាច្រើនបាន។ ចំពោះថវិកាចំណាយការសាង់សង់វិញ អ្នកនាំពាក្យ​រូបនេះមិនបានបញ្ជាក់ឱ្យដឹងច្បាស់ពីចំនួននោះទេ ដោយគ្រាន់តែអះអាងថា ចំណាយអស់ថវិកាជាច្រើនលានដុល្លារ។

សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដែលកាលណោះមានឈ្មោះថា បក្ស​ប្រជាជនបដិវត្តកម្ពុជា។ បក្សនេះមានប្រភពចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាក្នុងបុព្វហេតុប្រឆាំងនឹងពួកអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ។ ឆ្លងកាត់ស្ថានការនយោបាយជាបនុ្តបន្ទាប់ គណបក្សនេះបានប្រែឈ្មោះមកជាគណបក្សប្រជាជនកម្ពុជានៅក្នុងឆ្នាំ១៩៩១ ដែលស្ថិតក្រោមការដឹកនាំដោយលោកជា ស៊ីម។ ក្រោយពីលោកជា ស៊ីម បានទទួលមរណភាពក្នុងឆ្នាំ២០១៥ លោកនាយរកដ្ឋមន្រ្តីហ៊ុន​ សែន បានទទួលតំណែងប្រធា​នគណបក្សនេះរហូតមដល់ពេលបច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ