កម្ពុជា-នយោបាយ

សកម្មជន​អតីត​គណបក្ស​ប្រឆាំងម្នាក់​ទៀត​ត្រូវ​​ចាប់​ខ្លួន​ក្រោយ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន

ទង់​បក្ស​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។
ទង់​បក្ស​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ នៅ​ក្នុង​ការ​ឃោសនា​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​។ © Reuters

សកម្មជន​អតីត​គណបក្ស​ប្រឆាំង​៤​នាក់​ចុង​ក្រោយ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ បន្ទាប់ពី​ការ​ព្រមាន​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ទាក់ទង​នឹង​ការ​​ចូល​រួម​នៅ​ក្នុង​ផែនការ​ធ្វើ​ឲ្យ​ធនាគារ​នៅ​កម្ពុជា​ដួល​រលំ​។ ចុង​ក្រោយ​នេះ គឺ​លោក ហេង ច័ន្ទសុទ្ធី អតីត​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ។ លោក​ត្រូវ​បាន​ចាប់​ខ្លួន​ជា​លើក​ទី​០២ និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​។

ផ្សាយពាណិជ្ជកម្ម

លោក ហេង ច័ន្ទសុទ្ធី អតីត​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន កាល​ពី​វេលា​ម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី ០៥ មិថុនា នៅ​ខណៈ​ពេល​លោក​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ នៅ​ម្ដុំ​សាលា​បឋម​សិក្សា​អរុណវតី តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​។ ភ្លាម​ៗ លោក ហេង ច័ន្ទសុទ្ធី ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។

ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន ចេញ​ដោយ​លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី ០៤ មិថុនា បាន​ឲ្យ​ដឹង​ថា ការ​នាំ​ខ្លួន​លោក ហេង ច័ន្ទសុទ្ធី នេះ គឺ​ដើម្បី​ឃុំ​ខ្លួន​ឡើង​វិញ បន្ទាប់​ពី​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​រូប​នេះ ខក​ខាន​មិន​បាន​អនុវត្ត​កាតព្វកិច្ច​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែនជ័យ ជា​រាល់​ខែ​។ ប៉ុន្តែ​មេធាវី​ការពារ​ក្ដី ឲ្យ​លោក ហេង ច័ន្ទសុទ្ធី គឺ​លោក​មេធាវី សំ សុគង់ បាន​ឲ្យ​ដឹង​ថា លោក ហេង ច័ន្ទសុទ្ធី បាន​ប្រាប់​ចៅក្រម​ថា ការ​ខកខាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នេះ ដោយ​សារ​លោក​មិន​ទទួល​បាន​លិខិត​ឲ្យ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ ក្រោយ​ការ​ដោះ​លែង កាល​ពី​ថ្ងៃ​ទី ១៥ វិច្ឆិកា ឆ្នាំ​២០១៩​។

លោក ហេង ច័ន្ទសុទ្ធី ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​រយៈ​ពេល​១០​ថ្ងៃ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ រួម​គំនិត​ក្បត់​និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក្រោម​មក ត្រូវ​បាន​ដោះលែង​វិញ តែ​ភ្ជាប់​ជាមួយ​លក្ខខ័ណ្ឌ​។ អតីត​មន្ត្រី​នៃ​អតីត​គណបក្ស​ប្រឆាំង​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ​រូប​នេះ ក៏​ធ្លាប់​រង​ការ​លួច​វាយ​ឲ្យ​បែក​ក្បាល​ពី​ជន​អនាមិក​ផង​ដែរ កាល​ពី​ឆ្នាំ​២០១៩​។

គួរ​ជម្រាប​ជូន​ថា លោក ហេង ច័ន្ទសុទ្ធី គឺ​ជា​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​ទី​១៦​ហើយ ដែល​រង​ការ​ចាប់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០២០ និង​ជា​មន្ត្រី​អតីត​គណបក្ស​ប្រឆាំង​ទី​៤ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឡើង​វិញ ក្រោយ​ពី​ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ០១ មិថុនា បាន​ព្រមាន​ចាប់​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ស្រុក បើ​ហ៊ាន​ចូល​រួម​នៅ​ក្នុង​ផែនការ​ធ្វើ​ឲ្យ​ធនាគារ​នៅ​កម្ពុជា​ដួល​រលំ​។ ​ជា​ផែនការ​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​លើ អ្នក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​។

លោក ម៉ន ផល្លា ប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ស្វែង​រក​ចាប់​ខ្លួន​ពី​សមត្ថកិច្ច​កម្ពុជា​ដែរ​នោះ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី ០១ ខែ​មិថុនា​ថា ចុង​ក្រោយ​នេះ អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់ គឺ​លោក ស៊ុន ធន់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ និង​លោក ពៀត ម៉ាប់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្ម​ជន​បរិស្ថាន​ម្នាក់​ឈ្មោះ ហ៊ុន វណ្ណៈ សមាជិក​នៃ​បណ្តាញ «ខ្មែរថារៈ» ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​។

កាល​ពី​ថ្ងៃ​អាទិត្យ ទី៣១ ឧសភា អាជ្ញាធរ​ក៏​បាន​ចាប់​ខ្លួន​លោក កាក់ កុម្ភារ អតីត​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ភ្នំពេញ​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ផង​ដែរ​។ លោក ម៉ម ផល្លា បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​នេះ​ថា គឺ​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ​មក​លើ​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាម​បណ្តា​រាជធានី​ខេត្ត ក្នុង​គោល​ដៅ​បំបាក់​ស្មារតី​សកម្មជន​អតីត​គណបក្ស​ប្រឆាំង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI