កម្ពុជា-ថៃ

អាជ្ញាធរ​​ខ្មែរ​​បដិសេធមិន​​ស៊ើប​អង្កេត​លើ​ករណីចាប់​ពង្រត់​សកម្មជន​ថៃ​ម្នាក់​នៅរាជធានី​ភ្នំពេញ

លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ សកម្មជន​នយោបាយ​ថៃ ដែល​អង្គការ​សិទ្ធិ​មនុស្ស​អះអាង​ថា ត្រូវ​គេ​ចាប់​ពង្រត់​នៅ​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២០​។
លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ សកម្មជន​នយោបាយ​ថៃ ដែល​អង្គការ​សិទ្ធិ​មនុស្ស​អះអាង​ថា ត្រូវ​គេ​ចាប់​ពង្រត់​នៅ​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២០​។ © Khaosod

អាជ្ញាធរ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​ទី​០៥​ខែ​មិថុនា បាន​បដិសេធ​ចំពោះ​សំណើ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្ដរជាតិ ដែល​ស្នើ​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​លើ​ករណីចាប់​ពង្រត់​​សកម្មជន​ប្រជាធិបតេយ្យ​ថៃ​​​​។ សកម្មជន​ប្រជាធិបតេយ្យ​ថៃ លោក វ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ អាយុ​៣៧​ឆ្នាំ ត្រូវ​បាន​​អង្គការ​សិទ្ធិ​មនុស្សអន្ដរជាតិ​អះអាង​ថា ត្រូវ​គេ​ចាប់​ពង្រត់​​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤​មិថុនា ក្នុង​ពេល​ដែលកំពុង​ទិញ​អាហារ​នៅ​ទល់​មុខ​​​អគារ​ខុន​ដូ​ដែល​លោក​ស្នាក់​នៅ​​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​​ភ្នំពេញ​។

ផ្សាយពាណិជ្ជកម្ម

សំណើ​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្ដរជាតិ ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ចាប់​ពង្រត់​សកម្មជន​ប្រជាធិបតេយ្យ​ថៃ​នៅ​ទីក្រុង​ភ្នំពេញ ពុំ​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ទេ​។ លោក ឆាយ គឹមឃឿន អគ្គស្នងការ​រង​នគរបាល​ជាតិ​កម្ពុជា បាន​គូស​បញ្ជាក់​ប្រាប់ទី​ភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ ទី​០៥​ខែ​មិថុនា​ថា លោក​ពុំ​បាន​ដឹង​ពី​រឿង​នេះ​ឡើយ ដូច្នេះ​ហើយ តើ​ឲ្យ​លោក​បើក​ការ​ស៊ើប​អង្កេត​ផ្អែក​លើ​អ្វី?

សូម​ជម្រាប​ជូន​ថា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch នៅ​ថ្ងៃ​សុក្រ​ទី​០៥​មិថុនា បាន​រាយការណ៍​អំពី​ករណី​ចាប់​ពង្រត់​សកម្មជន​ប្រជាធិបតេយ្យ​ថៃ​ម្នាក់ ឈ្មោះ វ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ​ ដោយ​មាន​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​ភ្ជាប់​ជាមួយ​ផង​។ បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​នេះ លោក វ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ អាយុ​៣៧​ឆ្នាំ ត្រូវ​​គេ​ចាប់​ញាត់ទាំង​កម្រោល​​ទៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយ ​នាល្ងាច​​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​មិថុនា ក្នុង​ពេល​ដែលលោក​វ៉ាន់ឆាលឺម​កំពុង​ទិញ​អាហារ​នៅ​ទល់​មុខ​​​អគារ​ខុន​ដូ​ដែល​លោក​ស្នាក់​នៅ​​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​​ភ្នំពេញ​។

លោក Brad Adams នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ចំពោះ​ករណី​នេះ ធ្វើ​យ៉ាង​ណា​រកឲ្យ​ឃើញ​និង​ធានា​ឲ្យ​បាន​នូវ​សុវត្ថិភាព​របស់​​លោក​វ៉ាន់ឆាលឺម។ ចំពោះ​ការ​លើក​ឡើង​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ចាត់​ទុក​ថា ជា​ការ​លើក​ឡើង​ដោយ​មិន​មាន​ប្រភព​ច្បាស់​លាស់ ហើយ​អាច​ជា​ព័ត៌មាន​ក្លែងក្លាយ​ផង​ក៏​មិន​ដឹង​។

វ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ ត្រូវ​គេ​ស្គាល់​ថា​ជាសកម្មជន​ប្រជាធិបតេយ្យ​មួយ​រូប ដែល​ហ៊ាន​រិះគន់​វាយ​ប្រហារ​ដោយ​ចំ​ៗ​ទៅលើ​រដ្ឋាភិបាល​ថៃ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋ​មន្ដ្រី ប្រាយុទ្ធ ចាន់អូឆារ​។ ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​២២​ឧសភាឆ្នាំ​២០១៤​នៅ​ប្រទេស​ថៃ លោកវ៉ាន់ឆាលឺម​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ឡាវ និង​ក្រោយ​មក​មក​កាន់​កម្ពុជា ដើម្បី​គេច​ពី​រឿង​ក្ដី​ក្ដាំ​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាលថៃ ទាក់ទង​នឹង​​បទ​ល្មើស​ប្រមាថ​ព្រះ​មហាក្សត្រ និង​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។

មួយ​ថ្ងៃ​មុន​ពេល​ត្រូវ​ចាប់​ពង្រត់ ពោល​គឺ​នៅ​ថ្ងៃ​ទី​០៣​ខែ​មិថុនា លោក​វ៉ាន់ឆាលឺម បាន​បង្ហោះ​នូវ​វីដេអូ​ដ៏​ខ្លី​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​ខ្លឹមសារជេរ​ប្រមាថ​នាយករដ្ឋ​មន្ដ្រី​ថៃ លោក​ប្រាយុទ្ធ ចាន់អូឆារ ថា​ជា​មេ​ដឹក​នាំ​ដែល​ល្ងង់​ខ្លៅ បាន​តែ​និយាយ តែ​ដឹក​នាំ​ប្រទេស​មិន​កើត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI