កម្ពុជា កូរ៉ូណាវីរុស

ក្រសួងសុខាភិបាល៖ កម្ពុជា​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩​ មួយករណីថ្មីទៀត

ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល @Internet

នៅថ្ងៃទី០៦ ខែមិថុនា ម្សិលមិញ កម្ពុជា​បាន​​រក​ឃើញ​ករណី​វិជ្ជមាន​វីរុស​កូវីដ​១៩ មួយ​ករណី​ថ្មីទៀត ដែល​បាន​កើត​លើ​បុរសជន​ជាតិ​ខ្មែរ-បារាំង ក្រោយ​ពី​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​បារាំង​តាមជើង​ហោះហើរ​ពី​ប្រទេស​កូរ៉េ មកដល់​កម្ពុជា​កាល​ពី​ថ្ងៃទី​២៤ ខែ​ឧសភា។ នេះ​បើ​តាម​សេច​ក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាលនៅថ្ងៃ​នេះ។

ផ្សាយពាណិជ្ជកម្ម

បុរស​រូបនេះ​ស្នាក់​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​នៅ​ពេល​មកដល់​ប្រទេស​កម្ពុជា​កាលពីថ្ងៃទី​២៤ ខែ​ឧសភា លោក​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​យក​សំណាក ទៅវិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ក្នុង​អំឡុងថ្ងៃទី​១៣នៃ​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់​គាត់ ដែល​ទទួល​បាន​លទ្ធផល​វិជ្ជមាន​វីរុស​កូវីដ១៩ នៅថ្ងៃទី​០៦ ខែ​មិថុនា​។ បើ​តាម​ក្រសួង​សុខាភិបាល បុរស​រូប​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត។

គិតរហូត​មកដល់​ពេល​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​មាន​វីរុសកូវី១៩ នៅ​ទូទាំង​ប្រទេស​សរុបចំនួន​១២៦​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី៣៩នាក់ និងបុរស​៨៧នាក់។ ក្នុង​នោះ​មាន​អ្នកព្យាបាលជា​សះស្បើយ​សរុប​ទូទាំង​ប្រទេស​ចំនួន​១២៣​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុងមន្ទីរ​ពេទ្យ​ចំនួន​៣នាក់​។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹកថ្ងៃទី​០៧ ខែ​មិថុនា​។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI