កម្ពុជា-កូរ៉ូណាវីរុស

កម្ពុជានៅមិនទាន់បង្ហាញជំហរបែបណាចំពោះការស្នើឲ្យមានការស៊ើបអង្កេតរកការពិតនៃជំងឺកូវីដ១៩

កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍
កូរ៉ូណាវីរុសដែលត្រូវបានឆ្លុះដោយមីក្រូទស្សន៍ @Internet

គិតត្រឹម​ព្រឹក​ថ្ងៃចន្ទនេះ មន្ត្រីកម្ពុជាដែលពាក់ព័ន្ធ​នៅមិនទាន់អាចបញ្ជាក់​ជំហរ​បែបណា​នៅឡើយ ចំពោះ​ការ​ស្នើ​ឲ្យមានការ​ស៊ើប​អង្កេត​រកការពិតនៃការ​កើត​មានជំងឺ​កូវីដ១៩​ ដែល​បាន​និង​កំពុង​រាលដាលពាសពេញពិភពលោកនោះ។ ប៉ុន្តែ​មាន​ប្រទេស​ជាង​១២០​ហើយ ដែល​បានគាំទ្រ​ឲ្យមានការ​ស៊ើបអង្កេត​លើ​រឿងនេះ ខណៈ​ដែលទីបំផុតទៅប្រទេសចិន​ដែល​លេច​ចេញ​មេរោគនេះមុនគេបង្អស់ ក៏បានចុះហត្ថលេខាគាំទ្រដែរ។

ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា​លោក​មិនអាច​បញ្ជាក់ជំហរបានទេ​លើ​រឿងនេះ ដោយ​បង្វែរសំណួរនេះទៅកាន់​ក្រសួងការបរទេសវិញ។ អ្នកនាំពាក្យក្រសួងការបរទេស​ លោក កុយ គួង បានជំរុញឲ្យសួររឿងនេះទៅ​ក្រសួង​សុខាភិបាល​ពីព្រោះ​ក្រសួង​សុខាភិបាល​បាន​ចូលរួម​កិច្ច​ប្រជុំ​នោះ​តាម​​រយៈ​ Videoconference ជាមួយអង្គការ​សុខភាពពិភពលោក(WHO) ក្នុងសន្និបាតប្រចាំឆ្នាំរបស់អង្គការនេះ។តែមកទល់ពេលនេះនៅមិនទាន់មានការ​ឆ្លើយតប​បែបណាពីក្រសួងសុខាភិបាល​នៅឡើយ​។

ទោះជាយ៉ាងណា មានប្រទេសជាង១២០បានគាំទ្រឲ្យមានការស៊ើបអង្កេតពីមូលហេតុ​ពិតនៃការកើតមានជំងឺកូវីដ១៩ គឺតាម​រយៈ​សេចក្តី​ថ្លែងការណ៍របស់អង្គការ​សហប្រជាជាតិកាលពីខែមុន។ ការស្នើនេះ ត្រូវបាន​ទទួលការអនុម័ត​យល់ព្រម​ នៅក្នុងអំឡុងពេល​សន្និបាត​សុខភាពពិភព​លោក​របស់ WHO ដែលបាន​ធ្វើ​ឡើង​កាលពីខែ​ឧសភា ឆ្នាំ​២០២០ នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។

នៅទីបំផុតទៅ ប្រទេសចិនក៏បានចុះហត្ថលេខាគាំទ្រដែរ។ តែចិនបានព្រមានឈប់ផឹកស្រា ក្រហម និងឈប់បរិភោគ សាច់គោ អូស្ត្រាលី ខណៈប្រទេសនេះ​នាំមុខគេជាមួយអាមេរិកក្នុងការជំរុញឲ្យមានការ​ស៊ើបអង្កេតលើ​រឿងដ៏រសើប​មួយនេះ។

ចំណែក រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ Pompeo បានហៅ​ទង្វើបែបនេះ ថាជាការសងសឹក​ផ្នែកសេដ្ឋកិច្ច ចំពោះ​ការគ្រាន់តែ​ស្នើសុំឲ្យ​មាន​ការស៊ើបអង្កេត​ដោយឯករាជ្យនោះ។ ប្រមុខការទូតរូបនេះបានថ្លែងកាលពីថ្ងៃទី២០ ខែ​ឧសភា នៅទីក្រុង​វ៉ាស៊ីងតុន ថា សហរដ្ឋអាមេរិកនៅជាមួយ​អូស្ត្រាលី និង​ប្រទេស​ជាង ១២០ទៀត ដែល​បាន​គាំទ្រ​ការអំពាវនាវ​របស់​សហរដ្ឋ​អាមេរិក ឲ្យមានការស៊ើបអង្កេត​ទៅ​លើ​ប្រភពដើម​នៃ​វីរុសកូវីដ១៩ ដើម្បីរកការពិត និង​អាច​សង្គ្រោះជីវិតមនុស្ស​ ទាំង​នៅពេល​បច្ចុប្បន្ន និង​ទាំង​ទៅអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI