កម្ពុជា ច្បាប់

ប្រតិកម្មនិងការសាទរធ្លាក់មកបន្តបន្ទាប់ ខណៈលោក ហ៊ុន ម៉ាណែត ត្រូវបានតែងតាំងជាប្រធានយុវជនបក្ស

លោក ហ៊ុន ម៉ាណែត
លោក ហ៊ុន ម៉ាណែត © FB

ខណៈដែល លោក ហ៊ុន ម៉ាណែត ជាកូនប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំង​និង​តម្លើង​ទៅជាប្រធានយុវជន​គណបក្សប្រជាជនកម្ពុជា​ថ្នាក់​កណ្តាល គេ​ឃើញមាន​ការ​សាទរ​ពីអ្នកគាំទ្រជាច្រើនទាំងនៅតាមបណ្តាញសង្គម និងតាមសារព័ត៌មានមួយចំនួន។ ប៉ុន្តែជាមួយគ្នានោះ​ក៏មាន​ច្រើនដែរ​ ប្រតិកម្ម​រិះគន់លើការ​តែងតាំងនេះថា​ធ្វើ​ឡើង​រំលោភច្បាប់ ខណៈលោក ហ៊ុន ម៉ាណែត កំពុង​កាន់​តួនាទីជាអគ្គមេបញ្ជាការរងកងយុទ្ធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការ​កងទ័ពជើងគោក​។

ផ្សាយពាណិជ្ជកម្ម

លោក គល់ បញ្ញា នាយក​ប្រតិបត្តិអង្គការ​ឃ្លាំ​មើលការ​បោះឆ្នោត​មួយ​​ហៅកាត់ថា ខុមហ្វ្រែល បានបញ្ចេញ​ប្រតិកម្មថា ការតែងតាំង​លោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សកាន់អំណាចនៅពេលនេះ គឺ«រំលោភច្បាប់កងយុទ្ធពលខេមរភូមិន្ទ និង ច្បាប់គណបក្សអំពី អព្យាក្រឹតភាពលំអៀងដាច់ខាត និង ធ្វើឲ្យ​បាត់បង់ កិត្យានុភាព credibilityនៃវិជ្ជាជីវៈកងទ័ព ដែលមេបញ្ជាការកងទ័ពរូបនេះធ្វើជាមន្ត្រីទទួលបន្ទុក និង បម្រើសកម្មភាពការងាររបស់គណបក្សនយោបាយមួយបែបនេះ»។

ប៉ុន្តែ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ថ្លែងថា ពលរដ្ឋគ្រប់​រូប​មានសិទ្ធិ​ចូលរួមជាមួយគណបក្សនយោបាយណាមួយដែល​ខ្លួនពេញចិត្ត ហើយថាកងទ័ពក៏មានសិទ្ធិដូចគ្នានេះដែរ។ ដូច្នេះលោកថា ការតែងតាំង លោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សគឺមិនខុសច្បាប់ទេ ដោយសារការ​បំពេញការងារ​របស់​លោក ហ៊ុន ម៉ាណែត សម្រាប់គណបក្សគឺ​ធ្វើ​ឡើង​តែនៅថ្ងៃសម្រាកពីការងារ​កងទ័ពតែប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោក គឹម សុខ អ្នកវិភាគ​ដែល​បានសិទ្ធិ​ជ្រកោណនៅប្រទេសហ្វាំងឡង់បាននិយាយថា«ការតែងតាំងក្នុងកាលៈទេសៈពិសេសស្ងៀមៗរបៀបនេះ ទំនងជាការត្រៀមបម្រុងនឹងព្រឹត្តិការណ៍អ្វីមួយ»។ អ្នក​វិភាគ​ដែល​ធ្លាប់ជាប់ពន្ធនាគាររូបនេះ អះអាងថា «រឿងនេះ ច្បាស់ជាមានអរិភាពចិត្តនៃមន្ត្រីផ្ទៃក្នុង ប៉ុន្តែពុំមានភាពប្រទូស្ដទាស់ទែងជាក់ស្ដែងទេ ព្រោះ លោក ហ៊ុន សែន ក្ដោបគណបក្សប្រជាជនកម្ពុជាស្ទើរតែណែនក្នុងដៃទៅហើយ ម្ល៉ោះហើយពុំមានមន្ត្រីថ្នាក់ណាហ៊ានសម្ដែងឲ្យឃើញសកម្មភាពប្រឆាំងឡើយ»។ តែការ​លើកឡើង​នេះ ត្រូវ​បាន លោក សុខ ឥសាន បដិសេធ។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជន​កម្ពុជា តែងតាំងជាប្រធានយុវជនគណបក្សកាន់អំណាចនេះ​នៅ​ថ្ងៃទី៨​មិថុនា​ឆ្នាំ​២០២០ ជំនួស​លោក កែ ប៊ុនខៀង ដែល​ត្រូវផ្ទេរចេញ។ ពិធី​ផ្ទេរ​តំណែង​នេះ​នឹង​ធ្វើ​ឡើង​ជាផ្លូវការ​នៅថ្ងៃទី១៣​មិថុនា​ចុង​សប្តាហ៍នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI