កម្ពុជា ច្បាប់

អាជ្ញាធរកម្ពុជានឹងបើកការស៊ើបអង្កេតករណីចាប់ខ្លួនសកម្មជនថៃម្នាក់តាមការស្នើសុំរបស់ស្ថានទូតថៃនៅភ្នំពេញ

លោក វ៉ាន់ឆាឡឺម ស័ក្តិសិទ្ធ
លោក វ៉ាន់ឆាឡឺម ស័ក្តិសិទ្ធ © Internet

ស្ថានទូតថៃប្រចាំនៅកម្ពុជានៅថ្ងៃទី០៨ មិថុនា ម្សិលមិញនេះ បានផ្ញើកំណត់ទូតមួយមកកាន់ក្រសួងការបរទេស​កម្ពុជា ដើម្បីស្នើសុំឱ្យអាជ្ញាធរពិនិត្យ និងផ្ទៀងផ្ទាត់ពីព័ត៌មាននៃការចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យថៃម្នាក់នៅក្នុងរាជធានីភ្នំពេញ។ ការផ្ញើកំណត់ទូតនេះ ធ្វើឡើងក្រោយពីសកម្មជនថៃរូបនោះ បានបាត់ខ្លួនអស់៥ថ្ងៃមកហើយ ដោយមិនទទួល​បានដំណឹងអ្វីទាល់តែសោះមកដល់ពេលនេះ។ ក៏ប៉ុន្តែ អាជ្ញាធរកម្ពុជាបានចេញមកបដិសេធថា មិនបានចាប់ខ្លួនជនជាតិថៃរូបនោះទេ ហើយថា នឹងស៊ើបអង្កេតពីករណីនេះ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងកំណត់ទូតផ្ញើមកកាន់ក្រសួងការបរទេសកម្ពុជា ស្ថានទូតថៃបានសួរនាំអំពីព័ត៌មាននៃការចាប់ខ្លួនសក​ម្ម​ជន​ប្រ​ជាធិបតេយ្យ​ថៃ លោក វ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ ដោយសួរថា ពិតជាមានការចាប់ខ្លួនពិតមែន ឬយ៉ាងណា។ ជា​មួយគ្នានេះ ស្ថានទូតថៃក៏បានស្នើសុំឱ្យអាជ្ញាធរកម្ពុជាផ្ទៀងផ្ទាត់ជុំវិញព័ត៌មានដែលបានផ្សព្វផ្សាយជាបន្តបន្ទាប់ពីការចាប់ខ្លួននេះ។ នេះបើតាមការអះអាងឱ្យដឹងរបស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ កំណត់ទូតរបស់ស្ថានទូតថៃនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋថៃមួយចំនួនបាននាំគ្នាទៅប្រមូលផ្តុំនៅមុខស្ថានទូតកម្ពុជានៅក្នុងទីក្រុងបាងកក ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតពីបញ្ហានេះ។ ចំណែក ក្រុមគ្រួសាររបស់សកម្មជនប្រជាធិបតេយ្យ​រូបនេះតាមរយៈកាសែតរបស់ថៃក៏បានស្នើសុំឱ្យអាជ្ញាធរថៃ និងកម្ពុជាស៊ើបអង្កេតស្វែងរកសកម្មជនរូបនេះផងដែរ។

ឆ្លើយតបចំពោះបញ្ហានេះ អាជ្ញាធរកម្ពុជាបានគូសបញ្ជាក់ថា នឹងធ្វើការស៊ើបអង្កេត ស្រាវជ្រាវចំពោះករណីចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យថៃនេះ។ ក៏ប៉ុន្តែ លោកឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់សារព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី០៩ ខែមិថុនានេះថា ការបាត់ខ្លួនរបស់សកម្មជនថៃដែលផ្សព្វផ្សាយដោយសារព័ត៌មានជាបន្តបន្ទាប់នេះ គឺមិនមែនជាការអនុវត្តច្បាប់ដោយអាជ្ញាធរកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា ករណីចាប់ខ្លួនសកម្មជនប្រជាធិបតេយ្យ​នេះ ត្រូវបានទម្លាយឱ្យដឹងដោយអង្គការឃ្លាំមើលសិទ្ធិអន្តរជាតិHuman Rights Watch។ អង្គការ Human Rights Watch ​កាលពីថ្ងៃ​ទី ​០៥​មិថុនា បាន​រាយការណ៍​អំពី​ករណី​ចាប់​ពង្រត់​សកម្មជន​ប្រជាធិបតេយ្យ​ថៃ​ លោកវ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ​ ដោយ​មាន​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​ភ្ជាប់​ជា​មួយ​ផង​។ បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស​នេះ លោក វ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ អាយុ​៣៧​ឆ្នាំ ត្រូវ​​គេ​ចាប់​ញាត់ទាំង​កម្រោល​​​ទៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយ ​នាល្ងាច​​ថ្ងៃ​ព្រហស្បតិ៍​ទី​០៤​មិថុនា ក្នុង​ពេល​ដែលលោក​វ៉ាន់ឆាលឺម​កំពុង​ទិញ​អាហារ​នៅ​ទល់​មុខ​​​អគារ​ខុន​ដូ​ដែល​លោក​ស្នាក់​នៅ​​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​​ភ្នំពេញ​។

លោកវ៉ាន់ឆាលឺម សាត់ស័ក្តិសិទ្ធ ត្រូវ​គេ​ស្គាល់​ថា​ជាសកម្មជន​ប្រជាធិបតេយ្យ​មួយ​រូប ដែល​ហ៊ាន​រិះគន់​វាយ​ប្រហារ​ដោយ​ចំ​ៗ​ទៅលើ​រដ្ឋាភិបាល​ថៃ​ដឹក​នាំ​ដោយ​លោក​នាយករដ្ឋ​មន្ដ្រី ប្រាយុទ្ធ ចាន់អូឆារ​។ ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​២២​ឧសភាឆ្នាំ​២០១៤​នៅ​ប្រទេស​ថៃ លោកវ៉ាន់ឆាលឺម​បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ឡាវ និង​ក្រោយ​មក​មក​កាន់​កម្ពុជា ដើម្បី​គេច​ពី​រឿង​ក្ដី​ក្ដាំ​ចោទ​ប្រកាន់​ដោយ​រដ្ឋាភិបាលថៃ ទាក់ទង​នឹង​​បទ​ល្មើស​ប្រមាថ​ព្រះ​មហាក្សត្រ និង​បទ​ឧក្រិដ្ឋ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ មួយ​ថ្ងៃ​មុន​ពេល​ត្រូវ​ចាប់​ពង្រត់ ពោល​គឺ​នៅ​ថ្ងៃ​ទី​០៣​ខែ​មិថុនា លោក​វ៉ាន់ឆាលឺម បាន​បង្ហោះ​នូវ​វីដេអូ​ដ៏​ខ្លី​មួយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​មាន​ខ្លឹមសារជេរ​ប្រមាថ​នាយករដ្ឋ​មន្ដ្រី​ថៃ លោក​ប្រាយុទ្ធ ចាន់អូឆារ ថា​ជា​មេ​ដឹក​នាំ​ដែល​ល្ងង់​ខ្លៅ បាន​តែ​និយាយ តែ​ដឹក​នាំ​ប្រទេស​មិន​កើត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI