កម្ពុជា សង្គម

សហជីពគាំទ្រឲ្យមានការជជែកតម្លើងប្រាក់ឈ្នួលកម្មករ ទោះមានវិបត្តកូវីដ១៩ក៏ដោយ

លោក អាត ធន់
លោក អាត ធន់ © RFI

ការចរចាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ​ និងផលិតស្បែកជើង​ សម្រាប់ឆ្នាំ២០២១ នឹងឈានចូលមកដល់នៅខែកក្កដាខាងមុខ។  ការជជែកគ្នាជាលក្ខណៈត្រីភាគី តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំ ត្រូវបានភាគីកម្មករនិយោជិតមួយចំនួនគាំទ្រឲ្យមានការបន្តយន្តការនេះ បើទោះណាជាការចរចានេះ ស្ថិតនៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ក៏ដោយ។ តែភាគីនិយោជកបង្ហាញពីការមិនសប្បាយចិត្ត។

ផ្សាយពាណិជ្ជកម្ម

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានថ្លែងថា ការជជែកគ្នាស្តីពីប្រាក់ឈ្នួលអប្បបរមា ត្រូវតែធ្វើឡើងយោងទៅតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាត្រីភាគីកាលពីឆ្នាំ២០១៤មក ដោយសារប្រាក់ឈ្នួលកម្មករ និយោជិត វិស័យកាត់ដេរ និងផលិតស្បែកជើងបច្ចុប្បន្ន នៅមិនទាន់អាចធានាបាននូវកំរិតនៃការរស់នៅសមរម្យនៅឡើយ។

តាមលោក អាត់ ធន់ ភាគីសហជីពបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមជជែកពីការតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករ ខណៈវេទិកាពិភាក្សានឹងចាប់ផ្តើមឡើងដំបូងជាលក្ខណៈផ្ទៃក្នុងនៃភាគីនីមួយៗ នៅខែកក្កដា ហើយនឹងបន្តជជែករហូតដល់ខែកញ្ញា និងខែតុលា ដែលជាការសម្រេចចុងក្រោយ។

ជាមួយគ្នានេះ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ក៏បានគាំទ្រឲ្យមានការជជែកគ្នារឿងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និយោជិត ដូចដែលបានធ្វើជារៀងរាល់ឆ្នាំ។ លោក ប៉ាវ ស៊ីណា ជឿជាក់ថាការកំណត់ប្រាក់ឈ្នួលនៅឆ្នាំនេះ នឹងមានភាពតានតឹង ខណៈដែលឧស្សាហកម្មកាត់ដេរ បានរងផលប៉ះពាល់ពីកូវីដ១៩ ក៏ប៉ុន្តែ លោកអះអាងថា ខាងភាគីកម្មករក៏រងផលប៉ះពាល់តៗគ្នាដែរ។

ក្រសួងការងារកម្ពុជានៅថ្ងៃនេះដែរ បានចេញសេចក្តីជូនដំណឹងមួយ ដល់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមខ្លួនក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកកាត់ដេរ និងដេរស្បែកជើង ដោយក្រសួងបានដាក់កាលវិភាគច្បាស់លាស់  តាមដំណាក់កាលជួបគ្នាដូចកាលពីឆ្នាំកន្លងទៅផងដែរ។

ដោយឡែក លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) បានពន្យល់ថា ទស្សនៈវិស័យរបស់និយោជកក្នុងវិស័យកាត់ដេរ គឺថាមិនត្រឹមតែប្រទេសកម្ពុជាទេ តែពិភពលោកទាំងមូលកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក និងភាពមិនប្រាកដប្រជា ហើយនេះជាការពិតដែលគ្រប់គ្នាបានឃើញ និងបានជួបប្រទះដោយផ្ទាល់ផង។  លោកថា ស្របពេលគ្នានេះ ធនាគារពិភពលោកក៏បានធ្វើការព្យាករថាសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០នេះ អាចនឹងថយចុះក្នុងអត្រាជាង៥%។ ក្នុងស្ថានភាពបែបនេះ ការពិភាក្សាណាមួយអំពីការដំឡើងប្រាក់ឈ្នួលគឺមិនមានភាពសមស្របទាល់តែសោះ។ នេះបើតាមលោក កាំង ម៉ូនីកា។

សូមបញ្ជាក់ថាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ​ និងផលិតស្បែកជើង នៅឆ្នាំ២០២០នេះ​ បានកើតឡើងពីកិច្ចពិភាក្សាគ្នាត្រីភាគីដ៏តានតឹងគឺទីបំផុតបានកើនដល់ ១៩០ដុល្លារ ក្នុងមួយខែ។

ក៏ប៉ុន្តែ ភាគីសហជីពបានលើកឡើងថា កាលពីឆ្នាំទៅ ភាគីនិយោជកបានត្អូញត្អែរយ៉ាងខ្លាំងនៅក្នុងអំឡុងពេលពិភាក្សាតម្លើងប្រាក់ឈ្នួលដែលកាលណោះ មិនមានហានិភ័យ ឬប្រធានស័ក្តិអ្វីផង ចុះទម្រាំពេលនេះ ដែលមានវិបត្តកូវីដ១៩ វាជាការលំបាកទ្វេរដងក្នុងការជជែករឿងនេះ។ នេះបើតាមអ្នកសហជីព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI