កម្ពុជា ច្បាប់

ឧត្តមស្នងការសិទ្ធិមនុស្សរបស់UN ស្នើឱ្យកម្ពុជាបើកការបណ្តុះបណ្តាលពីការគោរពសិទ្ធិមនុស្សដល់កម្លាំងនគរបាល

(រូបភាពតំណាង)
(រូបភាពតំណាង) @REUTERS

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានស្នើសុំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបើកវគ្គបណ្តុះបណ្តាលអំពីការគោរពសិទ្ធិមនុស្សដល់កងកម្លាំងនគរបាលកម្ពុជា។ ការិយា​ល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សក៏ថែមទាំងស្នើចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះថែមទៀតផង។ អគ្គស្នងការដ្ឋាននគរបាលជាតិបានឯកភាពចំពោះការស្នើសុំនេះ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលានៃការបើកវគ្គបណ្តុះបណ្តាលនេះនៅឡើយទេ។

ផ្សាយពាណិជ្ជកម្ម

ការស្នើសុំបើកវគ្គបណ្តុះបណ្តាលការគោរពសិទ្ធិមនុស្សដល់កងកម្លាំងនគរបាលកម្ពុជានេះ គឺធ្វើឡើងដោយលោកPra-​deep Wagle តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រ​ជា​ជាតិប្រចាំនៅកម្ពុជាទៅកាន់លោកនេត សាវឿន អគ្គស្នងការនគរបាលជាតិនៅក្នុងជំនួបកាលពីថ្ងៃទី១០ ខែមិថុនា។ លោក Pradeep Wagle បានលើកឡើងនូវគោលការណ៍ទប់ស្កាត់ហិង្សាលើហ្វូងមនុស្សប្រាប់ទៅលោកនេត សាវឿន និង បានស្នើសុំឱ្យមានការបណ្តុះបណ្តាលលើកម្លាំងនគរបាលពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្ស។ មន្ត្រីតំណាងឱ្យអង្គការសហប្រជាជាតិរូបនេះ ក៏បានស្នើសុំឱ្យមានកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើកិច្ចការរួមគ្នាលើការបណ្តុះបណ្តាលនេះផងដែរ។ នេះបើតាមការចុះផ្សាយរបស់វេបសាយអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឆ្លើយតបនឹងសំណើនេះ លោកនាយឧត្តមសេនីយ៍នេត សាវឿន បានសម្តែងការគាំទ្រ ប៉ុន្តែលោកបានស្នើសុំពិនិត្យជាមុននូវគម្រោងស្នើរបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រ​ជា​ជាតិប្រចាំនៅកម្ពុជា លើបញ្ហាបណ្តុះបណ្តាល និងចង់ដឹងអំពីកម្រិតនិងតថភាពនៃសំណើនេះ។ ចំណែក បញ្ហាអំពើហិង្សាលើហ្វូងមនុស្សវិញ លោកអគ្គស្នងការនគរបាលជាតិ បានអះអាងថា នៅប្រទេសកម្ពុជា បញ្ហានេះនៅមិនទាន់ឃើញមានធំដុំនៅឡើយទេ ។

គួរកត់សម្គាល់ថា ពាក់ព័ន្ធនឹងការគោរពសិទ្ធិមនុស្សនេះ អាជ្ញាធរកម្ពុជា និយាយឱ្យចំ គឺរដ្ឋាភិបាលកម្ពុជាតែម្តងតែងតែរងនូវការរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្សជាតិ និង អន្តរជាតិ ក៏ដូចជាប្រទេសប្រជាធិបតេយ្យមួយចំនួននៅពេលទប់ទល់ ឬ បង្រ្កាបលើក្រុមបាតុករធ្វើបាតុកម្ម។ ពួកគេរិះគន់ថា អាជ្ញាធរកម្ពុជាប្រើហិង្សា ឬ ប្រើប្រាស់កងកម្លាំងច្រើនហួសហេតុតទល់ទៅនឹងក្រុមបាតុករ។ ប៉ុន្តែ លោកនេត សាវឿន អះអាងថា ការធ្វើសកម្មភាពរបស់អាជ្ញាធរ គឺធ្វើតាមច្បាប់។ លោកគូសបញ្ជាក់ថា លើលោកនេះបើគ្មានច្បាប់គ្រប់គ្រងទេ ប្រទេសនឹងទៅជាអាណាធិបតេយ្យ។ ដូច្នេះហើយទាមទារឱ្យ​មានការយោគយល់ក្នុងការបញ្ចេញមតិ ពោល គឺ ចង់ធ្វើកូដកម្ម បាតុកម្ម ត្រូវតែធ្វើទៅតាមនីតិវិធី។

កាលពីថ្ងៃទី០៣ ខែមិថុនាកន្លងទៅនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រតិកម្មខ្លាំងៗទៅនឹងការរិះគន់នានាពីបញ្ហាគោរពសិទ្ធិមនុស្សមកលើកម្ពុជាផងដែរ។ ដោយទាញភ្ជាប់បញ្ហាបាតុកម្មនៅអាមេរិក លោកហ៊ុន សែន បានប្រ​កាសក្តែងៗថា ការរិះគន់លើបញ្ហាគោរពសិទ្ធិមនុស្សរវាងកម្ពុជា និងប្រទេសដទៃ គឺមានស្តង់ដារពីរ។ ស្តង់ដារពីរ គឺប្រទេសគេអាចប្រើ​ប្រាស់វិធានការច្បាប់ ដើម្បីរក្សាសន្តិសុខ និង សណ្តាប់ធ្នាប់បាន តែកម្ពុជាបែរជាធ្វើទៅ រងការរិះគន់ទៅវិញ។ នេះបើតាមលោកនាយករដ្ឋមន្រ្តីហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI