កម្ពុជា ច្បាប់

អង្គការសង្គមស៊ីវិលចំនួន៣០ស្នើឲ្យបញ្ឈប់ការយាយីលើសកម្មជននយោបាយនៅកម្ពុជា

ទង់ជាតិកម្ពុជា (រូបតំណាង)
ទង់ជាតិកម្ពុជា (រូបតំណាង) @Internet

អង្គការ​សង្គម​ស៊ីវិលចំនួន៣០​ដែល​ធ្វើ​ការ​ទាក់ទាក់​នឹងសិទ្ធិមនុស្ស​និង​ការ​បោះ​ឆ្នោត បានចេញ​សេចក្តី​ថ្លែង​ការណ៍រួម​មួយ​ម្សិលមិញ ដោយ​សំដែង​ការ​ព្រួយ​បារម្ភ​លើ​ការ​បន្ត​ចាប់​ខ្លួន​សកម្មជន​នយោបាយ​នៅកម្ពុជា។ ក្តី​បារម្ភនេះ​បានកើត​ឡើង​ខណៈដែល​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​យ៉ាងហោច​ណាស់​ចំនួន​៤នាក់​ទៀតត្រូវបាន​ចាប់​ខ្លួននៅរយៈកាលចុងក្រោយនេះ។

ផ្សាយពាណិជ្ជកម្ម

លើសពីសំដែងក្តីបារម្ភ ក្រុម​អង្គការ​ក្នុងស្រុកទាំងនេះ​បានស្នើឲ្យ​ដល់អ្នក​នយោបាយ​កាន់​អំណាច​និងអ្នក​ប្រឆាំង​វិល​ចូល​តុ​ចរចា​ដើម្បី​ដោះ​ស្រាយ​នយោបាយ​រួម​ ដោយ​ឈរ​លើ​គោល​ការណ៍​ប្រជា​ធិបតេយ្យ ហើយ​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ។ បន្ថែម​ពីនេះទៀត ក្រុមអង្គការ​ដដែល​ក៏បានស្នើ​ឲ្យ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ និងអ្នកទោស​មនសិការ ហើយបញ្ឈប់ការយាយីលើ​សកម្មជននយោបាយនៅកម្ពុជា។

«ការ​បន្ត​ចាប់​ និង​ឃុំ​ខ្លួន​សកម្មជន​ទាំងនោះ​មិនមែន​ជា​ជម្រើស​ល្អ​ក្នុង​ការដោះ​ស្រាយ​បញ្ហា​នោះទេ។ ផ្ទុយមកវិញរឹតតែ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ជួប​វិបត្តិ​កាន់​តែ​ធ្ងន់​ធ្ងរ​ថែមទៀត​ និង​ធ្វើ​ឲ្យ​សង្គម​ជាតិ​បែក​បាក់​កាន់​តែ​ខ្លាំង​ទៅវិញទេ»។​ នេះបើតាម​សេចក្តី​ថ្លែងការណ៍ដដែល។

យ៉ាងណាក៏ដោយប្រធានអង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ីផាន បាន​ថ្លែងថា​អ្វី​ដែល​អង្គការ​ទាំង​​នោះ​បាន​លើក​ឡើងគឺមិនបាន​បង្ហាញពីអង្គហេតុពិតប្រាកដទេ។ លោកថានេះគ្រាន់តែការ​បញ្ចេញសំឡេង​តែគ្មានឥទ្ធិពល​លើ​ចំណាត់​ការ​របស់​តុលាការ​ឡើយ​។

ជាការ​កត់​សំគាល់ ក្តី​បារម្ភ​របស់​ក្រុម​អង្គការ សហជីព និង​សហគមន៍​ទាំងនេះ បាន​កើត​មានឡើង​នៅគ្រា​ដែល​សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​យ៉ាងហោច​ណាស់​ចំនួន​៤នាក់​ទៀតត្រូវបាន​ចាប់​ខ្លួននៅរយៈកាលចុងក្រោយនេះ។

ចំណាត់ការ​របស់​អាជ្ញាធរបែបនេះ​ទៅលើ​សកម្មជន​បក្ស​ប្រឆាំងគឺបន្ទាប់ពី​ការ​ព្រមាន​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ចំពោះអ្វី​ដែលលោកប្រមុខ​រដ្ឋាភិបាល​​ហៅថា​ ពួកទាំងនោះ​មានគម្រោង​​ចូល​រួម​នៅ​ក្នុង​ផែនការ​ធ្វើ​ឲ្យ​ធនាគារ​នៅ​កម្ពុជា​ដួល​រលំ​ ខណៈពលរដ្ឋ​កំពុងបារម្ភ​ពីការ​សង​បំណុល​នៅគ្រាកើតមាន​វិបត្តិសេដ្ឋកិច្ច​ដោយសារតែ​ជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI