កម្ពុជា សេដ្ឋកិច្ច

រដ្ឋាភិបាលព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០អវិជ្ជមាន គឺក្នុងរង្វង់ -១,៩ និងកើនឡើងវិញ ៣,៥% នៅឆ្នាំក្រោយ

ទីក្រុងភ្នំពេញនាពេលរាត្រី
ទីក្រុងភ្នំពេញនាពេលរាត្រី © Jeremie Montessuis

រដ្ឋា​ភិបាល​កម្ពុជា​បាន​ព្យាករ​ចុង​ក្រោយ​នៅ​ថ្ងៃសុក្រ ថា​ផលិត​ផល​ក្នុង​ស្រុក GDP របស់​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ នឹង​ធ្លាក់​មក​នៅ​ត្រឹម​រង្វង់ -១,៩ ហើយ​កំណើន​សេដ្ឋកិច្ច​នេះ​នឹង​ងើប​ឡើង​វិញ​នៅ​ក្នុង​រង្វង់ ៣,៥% នៅ​ឆ្នាំ​២០​២១​។ តាម​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ កំណើន​ជាអវិជ្ជមាន​នៃ​សេដ្ឋកិច្ច​កម្ពុជា​ដូច្នេះ គឺ​បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​វិស័យ​ចំបង​ចំនួន​៣ គឺ​វិស័យ​ឧស្សាហ​កម្ម សេវា​កម្ម និង​កសិ​កម្ម​។

ផ្សាយពាណិជ្ជកម្ម

លោក មាស សុខសេនសាន អគ្គលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា បានកើនឡើងអាស្រ័យលើកត្តាចំនួន៣ គឺឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ នៅអំឡុងពេលរាតត្បាតនៃកូវីដ១៩នេះ គឺវិស័យឧស្សាហកម្ម និងសេវាកម្ម។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះ លម្អិតថា ការបញ្ជារទិញមានការធ្លាក់ចុះ ជាពិសេសវិស័យកាត់ដេរ ខណៈកម្ពុជាជាប្រទេសដែលផលិតទំនិញសម្រាប់ផ្គត់ផ្គង់ទីផ្សារអន្តរជាតិ ដូចជាអឺរ៉ុប និងអាមេរិកជាដើម។ ជាមួយគ្នានេះ ការវិនិយោគក៏មានការថមថយដែរ នៅពេលសេដ្ឋកិច្ចកម្ពុជាមានការថមថយ ខណៈវិស័យទេសចរណ៍ មានការធ្លាក់ចុះខ្លាំង។ វិស័យទេសចរណ៍មានទំហំធំធេង ដែលជួយទៅដល់សេវាកម្ម សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនអាកាសចរ តែកសិកម្មហាក់មានសញ្ញាណល្អឡើងវិញ ក៏ប៉ុន្តែកសិកម្មមិនអាចជួយអ្វីបានធំដុំនៅឡើយទេ។

ទោះយ៉ាងណា លោក មាស សុខសេនសាន បញ្ជាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជា ដែលមានការធ្លាក់ចុះរហូដល់ដកនោះ គឺជាការព្យាករមួយដែលប្រហាក់ប្រហែលនឹងការព្យាកររបស់ស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូនិធិរូបិយវត្ថុអន្តរជាតិ។ ដោយឡែកស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាពេលនេះ គឺមិនអាក្រក់ជាងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់នោះទេ។

សូមរំលឹកថា កាលពីពេលកន្លងទៅនេះ ធនាគារពិភពលោក WB បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ ទំនងជាមិនអាចរកឃើញកំណើនវិជ្ជមានទេ ប៉ុន្ដែនឹងមានដល់ -១% ក្នុងសេណារីយោគោល នៃការព្យាករ និង -២,៩% ក្នុងសេណារីយោដែលទាបបំផុត។  ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក៏បានធ្វើការព្យាករណ៍ពីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាដែរ គឺថាអាចនឹងធ្លាក់ចុះមកដល់ ២,៣% ក្នុងឆ្នាំ២០២០ ដោយសារតែការរីករាលនៃមេរោគកូវីដ១៩ នៅជុំវិញសកលលោក ធ្វើឲ្យមានការថមថយសេដ្ឋកិច្ចនៃប្រទេសធំៗ និងប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា រំពឹងនឹងកើនឡើងវិញដល់ ៥,៧% នៅក្នុងឆ្នាំ ២០២១ ក្នុងករណីដែល វិបត្តិមេរោគកូវីដ១៩ ត្រូវបានបញ្ចប់ ហើយសកម្មភាពសេដ្ឋកិច្ច វិលមករកភាពប្រក្រតីវិញ។ នេះបើតាមADB។

ស្ថាប័នរូបិយវត្ថុ​អន្តរជាតិ IMFវិញ ក៏បានព្យាករដែរ ដោយ IMFលើកឡើងថា កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹងមាន​ការធ្លាក់ចុះ​រហូតដល់ -១,៥% ប៉ុន្ដែ នៅឆ្នាំ២០២១​ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជា អាច​នឹង​ស្ទុះងើប​ឡើងវិញ​ដល់ទៅ ៦,១%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI