កម្ពុជា សង្គម

កូវីដ១៩៖ អឺរ៉ុបកំពុងកៀរគរថវិកាចំនួន៤៤៣លានអឺរ៉ូ ជួយកម្ពុជាផ្នែកសង្គមនិងសេដ្ឋកិច្ច

ទង់ជាតិកម្ពុជា និង ទង់ជាតិសហភាពអឺរ៉ុប (រូបតំណាង)
ទង់ជាតិកម្ពុជា និង ទង់ជាតិសហភាពអឺរ៉ុប (រូបតំណាង) © Internet

ក្រុម​អឺរ៉ុប (Team Europe)កំពុង​កៀរ​គរ​ថវិកា​ចំនួន​៤៤៣​លាន​អឺរ៉ូ ដែល​ជា​កញ្ចប់​ប្រាក់​កម្ចី និង​ជំនួយ​ឥត​សំណង ដើម្បី​ធ្វើ​ការងារ​ជាមួយ​កម្ពុជា ក្នុង​ការ​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ដែល​បណ្ដាល​មក​ពី​ជំងឺ​កូវីដ​១៩​។ តាម​ការ​ប៉ាន់​ស្មាន​បឋម​គិត​ពី​ក្រសួង​សេដ្ឋកិច្ច មក​ដល់​ពេល​នេះ ជំនួយ​ពី​បរទេស​ជួយ​កម្ពុជា​លើ​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​បណ្ដាល​មក​ពី​ជំងឺ​កូវីដ​១៩ មាន​ចំនួន​លើស​៤០លាន​ដុល្លារ​ហើយ​។

ផ្សាយពាណិជ្ជកម្ម

ទំហំថវិកា៤៤៣លានអឺរ៉ូនេះនឹងប្រើប្រាស់ទៅលើវិស័យអាទិភាពចំនួនបីរួមមានៈការគាំទ្រដល់វិស័យសុខាភិបាល ការស្ដារខឿនសេដ្ឋកិច្ច និងបង្កើតការងារជូនពលរដ្ឋ។ សម្រាប់វិស័យសុខាភិបាល អឺរ៉ុបនឹងជួយលើកិច្ចការស្រាវជ្រាវ និងការធ្វើតេស្តរកវីរុសកូវីដ១៩ រួមនឹងការពង្រឹងប្រព័ន្ធសុ​ខាភិបាលរបស់កម្ពុជា។ ចំណែកការគាំទ្រ ក្នុងការស្ដារខឿនសេដ្ឋកិច្ច និងបង្កើតការងារជូនពលរដ្ឋវិញ អឺរ៉ុបផ្ដោតទៅលើការវិនិយោគសាធារណៈ។

លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១១ឧសភាថា ក្រុមអឺរ៉ុបរួមគ្នាឈរជាមួយកម្ពុជាក្នុងពេលវេលាដ៏សែនពិបាកនេះ ដោយត្រូវធ្វើការរួមគ្នាដើម្បីធានាឲ្យមានការស្ដារសេដ្ឋកិច្ចឡើងវិញ។

លោក មាស សុខសេនសាន្ត អ្នកនាំពាក្យ និងជាអគ្គ​លេខា​ធិការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុចាត់ទុកក្រុមអឺរ៉ុបដែលកំពុងកៀរគរថវិកាចំនួន៤៤៣លានអឺរ៉ូជួយកម្ពុជាផ្នែកសង្គម និងសេដ្ឋកិច្ចនាពេលនេះ ព្រោះអឺរ៉ុបបានមើលឃើញពីកិច្ចប្រឹងប្រែរបស់រដ្ឋាភិបាលក្នុងការស្ដាសេដ្ឋកិច្ចរបស់ខ្លួន។   ជាក់ស្ដែងរដ្ឋាភិបាលកម្ពុជា បានជះថវិការប្រមាណជាង១ពាន់លានដុល្លារអាមេរិកមកហើយ ដើម្បីជួយទប់លំនឹងសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ១៩។ ចំនួននេះ នៅមិនទាន់គិតពីការអនុគ្រោះពន្ធរបស់រដ្ឋាភិបាលកម្ពុជា ដល់វិស័យឯកជនមួយចំនួននោះនៅឡើយទេ។

បន្ថែមលើនេះ ក្រសួងសេដ្ឋកិច្ច​នឹង​​បង្កើត​អោយ​មាន​មូលនិធិ​ឥណទាន (Credit Guarantee Fund) ដោយ​ប្រើ​ថវិកា​២០០​លាន​ដុល្លារ និង​មាន​ថវិកា​ត្រៀម​បន្ថែម​ចំនួន​ ៣០០​ លានដុល្លារអាមេរិកទៀត ដើម្បីគាំទ្រ និងដើរតួជាកាតាលីករជំរុញកំណើនតាមវិស័យសំខាន់ៗ ក្នុងអំឡុងពេលវិបត្តិ និងក្រោយពេលវិបត្តិនៃជំងឺកូវីដ១៩។

សូមជម្រាបជូនថា ក្នុងការរួមចំណែកស្ដារសេដ្ឋកិច្ចកម្ពុជា និងសង្គ្រោះផលប៉ះពាល់ផ្នែកសង្គមកម្ពុជាក្រៅតែពីអឺរ៉ុប កម្ពុជាទទួលបានការសន្យាក្នុងផ្ដល់ជំនួយពីដៃអន្តរជាតិផ្សេងទៀតដូចជា ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភព និងមូនិធិរូបិយវត្ថុអន្តរជាតិជាដើម។ ក្នុងនោះជំនួយជាក់ស្ដែងដែលកម្ពុជាទទួលបានលើស៤០លានដុល្លារហើយគិតមកដល់ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI