កម្ពុជា កូរ៉ូណាវីរុស

ក្រសួងសុខា​ភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី ២នាក់ទៀត

ប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវការពារខ្លួនពីវីរុសកូវីដ១៩ (រូបភាពទូទៅ)
ប្រជាជនកម្ពុជាគ្រប់ៗរូបត្រូវការពារខ្លួនពីវីរុសកូវីដ១៩ (រូបភាពទូទៅ) REUTERS - STRINGER

ករណី​វិជ្ជមាន​កូវីដ១៩ ថ្មី ចំនួន​២នាក់ទៀត ត្រូវ​បាន​រក​ឃើញ​កាល​ពី​ថ្ងៃទី១៣ ខែ​មិថុនា លើ​បុរស​ជនជាតិ​ខ្មែរ ២នាក់ នៅ​ខេត្ត​កំពង់ចាម ដែលពួក​គាត់​ទើប​ត្រឡប់​មក​ពី​ឥណ្ឌូ​ណេស៊ី។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា​នេះ​។ មក​ដល់​ពេល​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​មាន​កូវីដ១៩ សរុប​ចំនួន​១២៨​នាក់ គិត​ចាប់​តាំង​ពីដើម​ឆ្នាំ​២០២០​មក​។

ផ្សាយពាណិជ្ជកម្ម

ក្រសួងសុខាភិបាល​បញ្ជាក់​ថា អ្នក​ផ្ទុក​កូវីដ១៩ ទាំង​២នាក់​​នោះ គឺ​ជា​បុរសជនជាតិ​ខ្មែរ ដែល​ម្នាក់​មាន​អាយុ២៩ឆ្នាំ និង​ម្នាក់​ទៀត​មាន​អាយុ២២ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ខេត្ត​កំពង់ចាម។ អ្នកទាំង​ពីរ​បាន​ធ្វើ​ដំណើរ​មក​ពីប្រទេស​ឥណ្ឌូណេស៊ី​តាម​ជើង​ហោះហើរ​ត្រង់​មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ​មិថុនា ឆ្នាំ​២០២០ ទទួល​បានលទ្ធផល​តេស្ត​វិជ្ជមាន​វីរុស​កូវីដ១៩ ដែល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត​។

បើតាម​ក្រសួង​សុខាភិបាល ជើង​យន្ត​ហោះ​ដែល​បុរស​ទាំង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា មាន​អ្នក​ដំណើរ​សរុប​ចំនួន​៤៦​នាក់ ហើយ​ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​ចំនួន​៤២​នាក់ និង​ជន​ជាតិ​ឥណ្ឌូណេស៊ី​ចំនួន​៤នាក់​។ អ្នក​ដំណើរ​ចំនួន​៤៤​នាក់ ដែល​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូវីដ១៩ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ ចំនួន​១៤​ថ្ងៃ នៅ​មណ្ឌល​ចត្តាឡីស័ក​ជម្ពូវ័ន១  មណ្ឌល​ចត្តាឡីស័ក​នៅ​តាម​បណ្តា​ខេត្ត​ដែល​បុគ្គល​រស់​នៅ ​និង​សណ្ឋាគារ​មួយ​នៅ​ក្រុង​ភ្នំពេញ ដើម្បី​តាម​ដាន​សុខ​ភាព​បន្ត​ទៀត​។

សូម​ជម្រាប​ជូន​ថា គិត​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​បាន​ព្យាបាល​ជា​សះស្បើយ​អ្នក​ផ្ទុក​កូវីដ​១៩ សរុប​ចំនួន១២៥​នាក់ ហើយ​បច្ចុប្បន្ន​មាន​អ្នក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាពខ្មែរ-សូវៀត ​ចំនួន​៣នាក់។ គិតចាប់​តាំង​ពី​ពេល​រក​ឃើញ​ដំបូង​នូវ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ខែ​មករា រហូត​មក​ដល់​ថ្ងៃទី​១៤ ខែ​មិថុនា​នេះ កម្ពុជា បាន​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ​១៩ សរុប​ទូទាំង​ប្រទេស​ចំនួន​១២៨​នាក់​។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បញ្ជាក់​ថា ជំងឺកូវីដ១៩​ នៅ​តែ​បន្ត​គម្រាម​កំហែង​ជាប់​ជានិច្ច​ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ប្រុង​ប្រយ័ត្ន ដោយ​អនុវត្ត​អនាម័យ​ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់​ ដោយ​សារ​តែ​ប្រទេស​ជិត​ខាង និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូវីដ​១៩​ ដ៏ខ្លាំងក្លា​នៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI