កូវីដ១៩៖ «សភាពធម្មតាតាមបែបគន្លងថ្មី» អនុវត្តបានតិចតួចនៅកម្ពុជា

សំឡេង ០៤:១៨
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩
ប្រជាជនកម្ពុជាក្នុងអំឡុងពេលវត្តមាននៃវីរុសកូរ៉ូណា ឬហៅថា កូវីដ១៩ REUTERS - STRINGER

ប្រឈម​នឹង​វិបត្តិ​កូវីដ​១៩​ដែល​កំពុង​បន្ត​អូស​បន្លាយ​ពុំ​ទាន់​ចប់ អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​បាន​ទទូច​ឲ្យ​ប្រជាពលរដ្ឋ​នៃ​បណ្ដា​ប្រទេស​ទាំង​អស់​លើ​លោក រួម​ទាំង​កម្ពុជា​ផង រៀន​សម្រប​ខ្លួន​ទៅ​នឹង​ការ​រស់​នៅ​ក្នុង «សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ឬ The New Normal» ដើម្បី​សុខភាព និង​សុវត្ថិភាព​របស់​សង្គម​។ យ៉ាង​ណា​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា «សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី» នេះ អនុវត្ត​បាន​តិច​តួច​ណាស់​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ជំងឺ​កូវីដ​១៩​បាន​ធ្វើ​​ពិភពលោក​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​​មួយ​ដែល​គេ​មិន​ធ្លាប់​ជួប​ទាល់​តែ​សោះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​​​។ ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងស្ថានភាព​​នេះ មនុស្ស​ចាំ​បាច់​ត្រូវ​តែ​រៀន​រស់​នៅ​ក្នុង​ «សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី»។ សម្រាប់​អ្នក​ជំនាញ​ផ្នែក​សុខាភិបាល​នៃ​អង្គការ​សុខភាព​ពិភពលោក ​ការ​រស់​នៅ​ក្នុង​សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី គឺ​​ជា​ប្រការ​ចាំ​បាច់​ដែល​ត្រូវ​អនុវត្ត បើ​ទោះ​បី​ជា​កម្ពុជាមាន​ករណី​ថ្មី​នៃ​ជំងឺ​កូវីដ​១៩​កើត​ឡើង​តិច​តួច​ក៏​ដោយ​​។

«សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី» សំដៅ​ដល់​ការ​​រស់​នៅ​ប្រកប​ដោយ​សុខអនាម័យ​ខ្ពស់ រួម​មាន ការ​លាង​ដៃ​ឲ្យ​បាន​ញឹកញាប់ អនុវត្ត​វិធាន​អនាម័យ​នៅ​ពេល​ក្អក​ឬ​កណ្ដាស់ ពាក់​ម៉ាស់​ក្នុង​ករណី​ចាំ​បាច់ ​បន្ត​អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម​និង​គម្លាត​សុវត្ថិភាពបុគ្គល​ ដោយ​ចៀសវាង​រៀបចំ​ការ​ជួបជុំដែល​មាន​មនុស្ស​ចូល​រួម​ច្រើន​ឬទៅ​កាន់​​ទីកន្លែង​ដែល​មាន​មនុស្ស​កុះករ ហើយ​​ជា​ពិសេស​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​ដទៃ​នៅ​ពេល​ឈឺ​ថ្កាត់​ជា​ដើម​។

នៅ​ក្នុង​ខែ​មីនា​កន្លង​ទៅ ពោល​គឺ​នៅ​ពេល​ដែល​ជំងឺ​កូវីដ​១៩​ផ្ទុះ​ឡើង​ពេញ​បន្ទុក​នៅ​កម្ពុជា គេ​សង្កេត​ឃើញ​ថា ប្រជាពលរដ្ឋ​នាំ​គ្នា​អនុវត្ត​តាមគោលការណ៍ «សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី» ប្រកប​ដោយ​ស្មារតី​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ ការ​ប្រុង​ប្រយ័ត្ន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ហាក់​ដូច​ជា​ខ្សោយ​កម្លាំង​យ៉ាង​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ប៉ុន្មាន​ខែ​មុន​។ ពលរដ្ឋ​មួយ​ចំនួន​លែង​សូវ​ប្រុង​ប្រយ័ត្ន​រក្សា​អនាម័យ ហើយ​ចាប់​ផ្ដើម​បង្កើត​ឲ្យ​មាន​ការ​ជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ​។ នៅ​តាម​សួនច្បារ​និង​ផ្សារ​ទំនើប​ ដែល​ធ្លាប់​តែ​​​មាន​សភាព​ស្ងប់ស្ងាត់ ឥឡូវ​នេះ​ចាប់​ផ្ដើម​មាន​មនុស្ស​ម្នា​ដើរ​កម្សាន្ត​ច្រើន​ជាង​មុន ដោយ​​មួយ​ចំនួន​អាង​ថា ករណី​ជំងឺ​កូវីដ​១៩​ដែល​រក​ឃើញ​នៅ​កម្ពុជា ភាគ​ច្រើន​ជា​ករណី​​នាំ​ចូល​។

ជា​ការ​ពិត កម្ពុជា​មាន​ករណី​ឆ្លង​កូវីដ១៩ ​ភាគ​ច្រើន​លើស​លុប​ដោយ​សារ​ការ​នាំ​ចូល​ពី​ក្រៅ​ប្រទេស​។ ប៉ុន្តែដរាប​ណា​ជំងឺ​កូវីដ​១៩​នៅ​តែ​បន្ត​មាន​វត្តមាន​នៅ​លើ​ពិភពលោក និង​ដរាប​ណា​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​នៅ​មិន​ទាន់​រក​ឃើញហើយ​មិន​ទាន់​ធ្លាក់​មក​ដល់​ដៃ​កម្ពុជា លទ្ធភាព​នៃការ​ឆ្លង​ជំងឺ​កូវីដ​១៩នៅ​តែ​មាន​ជានិច្ច​​។ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មិន​គួរ​បាត់​ភ័យខ្លាច ហើយ​លែង​សូវ​យក​ចិត្ត​ទុក​ដាក់​ប្រយ័ត្ន​ប្រយែង​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​១៩​ទេ​។

ក្រៅ​ពី​ការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់​ខ្លួន និង​វិធានការ​រក្សា​អនាម័យ​ពី​សំណាក់​ពលរដ្ឋ​ម្នាក់​ៗ អាជីវកម្ម កន្លែង​ធ្វើ​ការ និង​សាលារៀន ក៏​ត្រូវ​តែ​សម្រប​ខ្លួន​ទៅ​នឹង​សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី​នេះ​ដែរ។ ស្ថាប័ន​ទាំង​នេះ​​ត្រូវ​ដាក់​ចេញ​នូវ​វិធានការ​បង្ការចាំ​បាច់​​នានា​​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​នៅ​ក្នុង​ស្ថាប័ន ព្រម​ទាំង​​ដាក់​ចេញ​នូវ​របៀប​ធ្វើ​ការ​ថ្មី​តាម​ប្រព័ន្ធ​អនឡាញ​ជា​ដើម​។

ដូច​គ្នា​ដែរ អាជ្ញាធរ​ខ្មែរ​គួរ​តែ​បន្ត​រឹត​បន្តឹង​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស និង​ជា​ពិសេស​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​ស្រេច​ផង​ដែរ ក្នុង​ការ​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេល​វេលា​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ករណី​កម្ពុជាមាន​ផ្ទុះ​ឡើង​នូវ​ការ​​​ឆ្លង​ជំងឺ​កូវីដ​១៩នៅ​ក្នុង​សហគមន៍​។

សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា​ក៏​ដោយ នៅ​តាម​បណ្ដា​ប្រទេស​នានា​ក៏​ដោយ មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ​។ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ថ្មី គឺ​ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ​ ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​សំណាក់​បុគ្គល​គ្រប់​រូប​នៅ​ក្នុង​សង្គម​។ ហើយ​​មាន​តែ​ការ​អត់ធ្មត់​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​របស់​ពលរដ្ឋ​ម្នាក់​ៗ​ប៉ុណ្ណោះ ដែល​អាច​ជួយ​ឲ្យ​កម្ពុជាមាន​​​សុវត្ថិភាព​និង​សុខុមាលភាព​​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI