កម្ពុជា-កូរ៉ូណាវីរុស

ពលរដ្ឋខ្មែរជាង១០០នាក់ដែលជាប់គាំងនៅម៉ាឡេស៊ីជាង២ខែ នឹងមកដល់កម្ពុជានៅល្ងាចថ្ងៃអង្គារ

យន្តហោះដឹកអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា (រូបភាពតំណាង)
យន្តហោះដឹកអ្នកដំណើរក្នុងព្រលានយន្តហោះកម្ពុជា (រូបភាពតំណាង) @Internet

ពលរដ្ឋខ្មែរចំនួន១១៥នាក់ ក្នុងចំណោម១៤៣នាក់ ដែលខកខានធ្វើដំណើរកាលពីខែមេសាចូលមកកម្ពុជា ដោយសារតែបញ្ហាវីរុសកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃអង្គារស្អែក។ ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ដែលភាគច្រើនជាខ្មែរឥស្លាម ជាប់គាំងនៅក្រៅប្រទេសចូលមកកម្ពុជាពេលនេះ ធ្វើឡើងបន្ទាប់ពីមានការសម្របសម្រួលពីស្ថានទូតខ្មែនៅម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអស់រយៈពេល១ខែកន្លះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៥ខែមិថុនានេះ។

ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថាពលរដ្ឋខ្មែរចំនួន១១៥នាក់ ក្នុងចំណោម១៤៣នាក់ ដែលខកដំណើរកាលពីថ្ងៃទី០៧ខែមេសាឆ្នាំ២០២០ កន្លងទៅនេះ នឹងត្រូវមកដល់កម្ពុជាតាមជើងយន្តហោះពាណិជ្ជកម្មមួយ MH762 របស់ម៉ាឡេស៊ីនៅវេលាល្ងាចថ្ងៃអង្គារ។

ក៏ប៉ុន្តែជើងហោះហើរដំបូងពីម៉ាឡេស៊ីចូលមកកម្ពុជា MH762 នេះ បានផ្ទុកមនុស្សសរុបចំនួន២០៤នាក់ ក្នុងនោះពលរដ្ឋខ្មែរដែលខកខានដំណើរកាលពីថ្ងៃទី០៧ខែមេសា មានចំនួនតែ១១៥នាក់ប៉ុណ្ណោះ ដោយសារអ្នកខ្លះមិនមានព័ត៌មានមកស្ថានទូត និងខ្លះទៀតត្រូវដល់ពេលជិតចូលរៀន ឬជិតដល់ពេលចូលធ្វើការវិញ។ ក្រៅពីនេះអ្នកដំណើរចំនួន៨៩នាក់ទៀត គឺជាការលក់ដំបុត្របន្ថែមរបស់ក្រុមហ៊ុនអាកាសចរណ៍។ នេះបើតាមលិខិតរបស់ក្រសួងការបរទេស។

សូមបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី កន្លងមកបានស្នើឱ្យអាជ្ញាធរម៉ាឡេស៊ីធ្វើតេស្តរកជំងឺកូវីដ-១៩លើជនជាតិកម្ពុជាទាំងអស់ដោយមិនយកថ្លៃ។ ប៉ុន្តែ អាជ្ញាធរម៉ាឡេស៊ីបានបដិសេធ ដោយតម្រូវឱ្យបង់ប្រាក់ដើម្បីធ្វើតេស្ត ខណៈពេលរដ្ឋខ្មែរទាំងនោះមិនមានថវិកាគ្រប់គ្រាន់។ ក្រោយការបដិសេធនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ីក៏បានស្នើមកកាន់រដ្ឋាភិបាលកម្ពុជា ដើម្បីស្នើសុំថវិកាសម្រាប់ឱ្យប្រជាពលរដ្ឋទាំងនោះមានលទ្ធភាពទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ។

ទោះយ៉ាងណា ក្រសួងសុខាភិបាលកម្ពុជា ក៏បានអះអាងដែរថា ពលរដ្ឋខ្មែរដែលជាប់គាំងនៅក្នុងប្រទេសម៉ាឡេស៊ីទាំងនេះ គឺ អាចចចូលមកស្រុកវិញបានលុះត្រាណាមានលិខិតបញ្ជាក់ថា ពុំមានវិជ្ជមានមេរោគកូវីដ-១៩។ ក្រៅពីនេះ នៅពេលពួកគេមកដល់ប្រទេសកម្ពុជា នឹងត្រូវធ្វើការត្រួតពិនិត្យរកជំងឺកូវីដ-១៩ជាថ្មី និងត្រូវធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅក្នុងរាជធានីភ្នំពេញរយៈពេល១៤ថ្ងៃផងដែរ។ បន្ថែមពីលើការធ្វើចត្តាឡីស័ក១៤ថ្ងៃនៅភ្នំពេញនេះ ពួកគេទាំងអស់នេះក៏តម្រូវឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃទៀតនៅឯស្រុកកំណើត។ គឺជាការប្រុងប្រយ័ត្ន ដើម្បីឱ្យប្រាកដថា ពួកគេទាំងនេះមិនបាននាំចូលមេរោគកូវីដ-១៩ ពីម៉ាឡេស៊ី​ ចូលមកកម្ពុជា នៅពេលដែលការឆ្លងកូវីដ១៩នៅម៉ាឡេស៊ី មានហានិភ័យខ្ពស់ជាងកម្ពុជា។ 

សូមរំលឹកថា ដោយ​សារមានការ​បារម្ភ​ពីការឆ្លងមេរោគ​កូ​វីដ១៩ និងដើម្បីការពារពលរដ្ឋខ្មែរនៅក្នុងស្រុកលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី០៧ ខែមេសា កន្លងទៅ បានថ្លែងថាលោកមិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខែ្មរ​ចំនួនប្រមាណជា១៥០នាក់ ចូលមកក្នុង​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេលដែលមានការឆ្លងរាតត្បាតខ្លាំងនៃមេរោគកូវីដ១៩ ដោយលោក ហ៊ុន សែន ស្នើឲ្យអ្នកទាំងនោះបន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មួយរយៈសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI