កម្ពុជា សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកាត់បន្ថយការចំណាយជាងពាក់កណ្តាល

ក្រសួងសេដ្ឋកិច្ច៖ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកាត់បន្ថយការចំណាយជាងពាក់កណ្តាល
ក្រសួងសេដ្ឋកិច្ច៖ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានកាត់បន្ថយការចំណាយជាងពាក់កណ្តាល © សហការី

ក្រសួងសេដ្ឋកិច្ច​នៅថ្ងៃចន្ទនេះ​ បាន​ដាក់​ឲ្យ​ដំណើរកា​រ​ជាផ្លូវការ​«ប្រព័ន្ធចុះបញ្ជី​អាជីវកម្មតាម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មាន» ដែលត្រូវបានរដ្ឋាភិបាលហៅថាជាបង្គោលចរថ្មីមួយនៃការ​កែ​ទម្រង់​មុត​ស្រួច​ ក្នុង​គោល​បំណង​លើក​កម្ពស់ភាព​ប្រកួត​ប្រជែង និងធ្វើ​ឲ្យ​ប្រសើរឡើងនូវ​បរិយាកាស​វិនិយោគនៅកម្ពុជា។ ប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មថ្មី ដែល​ត្រូវ​ដាក់​ឲ្យ​ដំណើរការនៅខណៈដែល​កម្ពុជា​កំពុងជួបនឹងបញ្ហាកូវីដ១៩នេះ នឹង​កាត់​បន្ថយ​ការ​ចំណាយប្រាក់ជាងពាក់កណ្តាល និងប្រើពេលវេលា​តែ​៨ថ្ងៃប៉ុណ្ណោះយ៉ាងយូរ​។

ផ្សាយពាណិជ្ជកម្ម

ចាប់ពីថ្ងៃទី១៥មិថុនានេះតទៅ​ ធុរជន​អាចធ្វើ​ការ​ចុះបញ្ជី​អាជីវកម្ម​ថ្មីបាន​ តាម​រយៈ​ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន «ជាកញ្ចប់» ដែលមានអាសយដ្ឋាន ​www.registrationservies.gov.kh ដូចជា​​ការ​ចុះញ្ជី​ពាណិជ្ជកម្ម​​នៅ​ក្រសួង​ពាណិជ្ជកម្ម​ ការចុះ​បញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និង​ការ​ធ្វើ​សេចក្តី​ប្រកាសដំណឹង​​បើក​សហគ្រាស​ជូនទៅ​ក្រសួង​ការងារជាដើម។ បើតាម​ក្រសួង​សេដ្ឋកិច្ច ការចុះបញ្ជីអាជីវកម្ម​ក្នុង​ពេល​តែមួយ​នេះ​គឺត្រូវ​ការពេល​វេលា​យ៉ាងយូរ​ត្រឹម​៨ថ្ងៃប៉ុណ្ណោះ​​នៃថ្ងៃធ្វើ​ការ​ ជាមួយ​នឹង​ការចំណាយ​ប្រាក់​តិចជាង​មុន​រហូត​ជាង​ពាក់កណ្តាល។

លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ថ្លែងថា​ ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​ថ្មី​នេះ នឹង​អាចទាក់ទាញ​​អ្នក​វិនិយោគ​មកម្ពុជា​នៅក្នុង​បរិការណ៍នៃ​ការ​ប្រែ​ប្រួល​ខ្សែ​ច្រវាក់​ផលិតកម្ម​​សកល​ និង​ការ​ផ្លាស់​ប្តូរ​ទីតាំង​រោង​ចក្រ​​។ លើស​ពីនេះ​ លោក​អះអាងថា ប្រព័ន្ធចុះ​បញ្ជីថ្មីនេះ នឹង​ផ្តល់​ឱកាស​ឲ្យ​ធុរជន​ដែល​កំពុង​ចង់​បាន​ឯកសារគតិយុត្តិ​កំណត់​អត្តសញ្ញាណអាជីវកម្ម​របស់​ខ្លួន​ ដើម្បី​ពន្លឿន និងទទួលបាន​ឥណទាន​ពិសេស​របស់​រដ្ឋាភិបាល ក្នុង​វិធានការ​ជួយ​វិស័យ​ឯកជន ដែល​រង​ការ​ប៉ះពាល់​ដោយសារ​កូវីដ១៩។

សូម​បញ្ជាក់ថា ការដាក់​ឲ្យ​ដំណើរកា​រ​ជាផ្លូវការ​«ប្រព័ន្ធចុះបញ្ជី​អាជីវកម្មតាម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មាន»​នេះ​គឺជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ត្អូញត្អែរ​របស់​ធុរជន​ដែល​ថា ការ​ចុះបញ្ជី​អាជីវកម្ម​របស់​ខ្លួន​កន្លងមកមាននីតិ​វិធី​សាំញាំច្រើន ត្រូវការពេលវេលាយូរ និង​ចំណាយ​អស់​ប្រាក់​ច្រើន ​ទំរាំ​បានលិខិត​គតិយុត្តិ​សំគាល់​អាជីវកម្ម​អ្វីមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI