កម្ពុជា-នយោបាយ

ចិនគាំទ្រកម្ពុជាលើការអភិវឌ្ឍប្រទេសតាមស្ថានភាពជាក់ស្តែង កម្ពុជាគាំទ្រចិនលើសំណុំរឿងហុងកុង

ចិនគាំទ្រកម្ពុជាលើការអភិវឌ្ឍប្រទេសតាមស្ថានភាពជាក់ស្តែង កម្ពុជាគាំទ្រចិនលើសំណុំរឿងហុងកុង
ចិនគាំទ្រកម្ពុជាលើការអភិវឌ្ឍប្រទេសតាមស្ថានភាពជាក់ស្តែង កម្ពុជាគាំទ្រចិនលើសំណុំរឿងហុងកុង © FN

ប្រទេសកម្ពុជា និងចិន បានបង្ហាញការគាំទ្រគ្នាទៅវិញទៅមកជាថ្មី និងលម្អិតជាច្រើនចំណុច ដែលក្នុងនោះក៏មានផងដែរការលើកឡើងពីការគាំទ្រមាគ៌ាអភិវឌ្ឍន៍ប្រទេសកម្ពុជា និងនយោបាយកម្ពុជាចំពោះចិន នាដំណាក់កាលចុងក្រោយ ដែលមានភាពចម្រូងចម្រាសខ្លាំងនៅដែនដីហុងកុង។ ការសម្តែងការគាំទ្រគ្នាជាថ្មីរវាងប្រទេសទាំងពីរនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីមេដឹកនាំកំពូលប្រទេសទាំងពីរ បានជួបប្រជុំគ្នា តាមរយៈ Video Conference នាព្រឹកថ្ងៃអង្គារនេះ ស្តីពីការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៥។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន លើកទី៥នេះ តាមប្រព័ន្ធ Video Conference  ភាគីកម្ពុជាដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងភាគីចិន ដឹកនាំដោយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស។ ក្រោយពីជជែកគ្នាតាមវីដេអូ អស់ពេញមួយព្រឹក ភាគីទាំងពីរក៏សម្រេចបាននូវកិច្ចព្រមព្រៀងចំនួន៧ចំណុចធំៗ ដែលមានខ្លឹមសារជាការគាំទ្រគ្នាទៅវិញទៅមករវាងកម្ពុជា និងចិន។

នៅក្នុងចំណោមកិច្ចព្រមព្រៀង ដែលមាននៅក្នុងសេចក្តីប្រកាសរួមនោះ ចំណុច ដែលគួរឲ្យមានការកត់សម្គាល់ និងបច្ចុប្បន្នភាពនោះគឺ ភាគីចិនបញ្ជាក់ជំហរជាថ្មីគាំទ្រកម្ពុជាក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ប្រទេសផ្អែកតាមស្ថានភាពជាក់ស្តែងរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងការពារបូរណភាពទឹកដី ឯករាជ្យ និងស្ថិរភាពសង្គម។ ដោយឡែកភាគីកម្ពុជា ក៏បញ្ជាក់ជំហរជាថ្មីដែរថា ប្រកាន់ខ្ជាប់នូវនយោបាយចិន១ និងគោលការណ៍ប្រទេស១ ប្រព័ន្ធគ្រប់គ្រង២ ព្រមទាំងគាំទ្រលើសេចក្តីសម្រេចរបស់សភាប្រជាជនចិន ក្នុងការបង្កើត និងពង្រឹងប្រព័ន្ធច្បាប់ និងយន្តការអនុវត្តច្បាប់ថ្នាក់ជាតិ នៅតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីរក្សាសន្តិសុខជាតិ។

ក្រៅពីនេះ កិច្ចប្រជុំក៏បានលើកឡើងជុំវិញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជាច្រើនទៀត ដែលប្រទេសទាំងពីរ បានព្រមព្រៀងមើលថែរក្សាគ្នា រួមសុខរួមទុក្ខជាមួយគ្នា គោរពគ្នាទៅវិញទៅមក ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមកដល់ពេលនេះមានអាយុ១០ឆ្នាំទៅហើយ។

ការរួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយកូវីដ១៩ ការគាំទ្រដល់ការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការតម្លើងកម្រិតភារកិច្ចនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន និងចំណុចសំខាន់ៗជាច្រើនទៀត ក៏បានក្លាយជាលទ្ធផលដ៏វិជ្ជមាននៃកិច្ចប្រជុំរវាងលោក ហោ ណាំហុង និងលោក វ៉ាង យី នៅថ្ងៃនេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI