កម្ពុជា សេដ្ឋកិច្ច

ទោះបីមានវិបត្តិកូវីដ១៩ តែការនាំចេញកសិផលកម្ពុជាកើនឡើងជាង៧%នៅក្នុងរយៈពេល៥ខែ ឆ្នាំនេះ

កសិផលប្រទេសកម្ពុជា (រូបភាពតំណាង)
កសិផលប្រទេសកម្ពុជា (រូបភាពតំណាង) @FB/ សហព័ន្ធស្រូវអង្ករកម្ពុជា Cambodia Rice Federation-CRF

នៅក្នុងរយៈពេល៥ខែ​ឆ្នាំ២០២០នេះ ពោល គឺក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ១៩ កម្ពុជាបាននាំចេញកសិផលសរុបចំប្រមាណ១,៩លានតោនទៅទៅកាន់ទីផ្សារអន្តរជាតិ។ នេះបើតាមការអះអាងឱ្យដឹងរបស់តំណាងក្រសួងកសិ​កម្មនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សក្ដានុពលនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិដែលរៀបចំដោ​យអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅព្រឹកថ្ងៃពុធនេះ។ ចំនួននៃការនាំចេញនេះ គឺបានកើនឡើងប្រមាណ៧,៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងចំណោមកសិផលដែលនាំចេញជិត២លានតោននេះ គឺអង្ករបាននាំមុខគេ ដោយមានចំនួននាំចេញក្នុងរយៈពេ​ល​៥ខែឆ្នាំ២០២០នេះជាង៣៥ម៉ឺនតោន បានកើនឡើងប្រមាណ៤២,៣៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩កន្លងទៅ។ នេះបើតាមការបង្ហាញឱ្យដឹងរបស់លោកងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិ​កម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកងិន ឆាយ បានឱ្យដឹងទៀតថា នៅក្នុងរយៈពេលនេះ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនមានចំនួនជាង១៣ម៉ឺន៦ពាន់តោន បានកើនឡើង២៥,៦% ទៅកាន់សហភាពអឺរ៉ុបមានចំនួនជាង១២ម៉ឺនតោន គឺបានកើនឡើងដល់ទៅ៥៦%។

រីឯ ការនាំចេញទៅកាន់ទីផ្សារអាស៊ានវិញ គឺមានប្រមាណ៤ម៉ឺន៥ពាន់តោន បានកើនឡើង៤៥,៣៩% ខណៈនាំចេញទៅប្រទេសផ្សេងទៀតមានឥណ្ឌាជាដើម គឺបានកើនឡើងប្រមាណ៧៩%។ បើតាមលោកងិន ឆាយ កម្ពុជាបាននាំចេ​ញអង្ករទៅកាន់ប្រទេសចំនួន៦០នៅទូទាំងពិភពលោក។ ចំពោះមូលហេតុនៃការនាំចេញអង្ករកើនឡើងនេះ លោកងិន ឆាយ បានប៉ាន់ស្មានថា ប្រហែលមកមានការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យមានតម្រូវការស្បៀងច្រើនជាងមុន។ ជាមួយនឹងការកើនឡើងនៃការនាំចេញអង្ករនាពេលនេះ លោកអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មរូបនេះ បានព្យាករ​ណ៍ថា នៅដំណាច់ឆ្នាំ២០២០នេះ កម្ពុជាអាចនាំចេញអង្ករកើនឡើងដល់ទៅ៨០ម៉ឺនតោនទៅ១លានតោន ខណៈកាលពីឆ្នាំ​២០១៩ ការនាំចេញសម្រេចបានប្រមាណ៦២ម៉ឺនតោន។ ចំណែក ការនាំចេញកសិផលកសិកម្មទាំងអស់វិញ គឺអាចកើនដល់ជាង៥លានតោន។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះសរុបចំនួន៤,៨៩លានហិកតា។ ដំណាំជាអាទិភាពរបស់កម្ពុជាសម្រាប់ការនាំចេញ រួមមានដូចជាដំណាំស្រូវ ដំបូងមី ស្វាយចន្ធី ស្វាយធម្មតា ពោតក្រហម ចេកអំបូងពណ៌លឿង មៀនប៉ៃលិន ម្រេច និងដំណាំស្រកានាគ។ កាលពីឆ្នាំទៅ កម្ពុជាបាននាំចេញកសិផលទាំងនេះចំនួន៤,៨៧លានតោនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះបណ្តាប្រទេសអាស៊ានចំនួនជាង៤លានតោន សហភាពអឺរ៉ុបមានប្រមាណជាង២៦ម៉ឺនតោន ប្រទេសចិនប្រមាណ៤៣ម៉ឺនតោន និងប្រទេសផ្សេងៗទៀតមានចំនួនជាង១៣ម៉ឺនតោន។ ចំពោះការនាំចេញក្រៅផ្លូវការ ជាពិសេសទៅកាន់ប្រទេសវៀតណាមវិញ គឺនៅក្នុងឆ្នាំ២០១៩ កម្ពុជាបាននាំចេញស្រូវប្រមាណ២,២៨លានតោន ដំបូងមីមិនតិចជាង៥ទៅ៦តោន និងពោតក្រហមជាច្រើនម៉ឺនតោនទៀត។​ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ក្រសួងកសិកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI