កម្ពុជា-នយោបាយ

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​៖ ​កម្ពុជា​គួរតែបញ្ចប់ការបង្ក្រាបលើអ្នកប្រឆាំង

phil robertson human rights watch
phil robertson human rights watch © សហការី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ​ (Human Rights Watch) បាន ចេញ​សេចក្តី​ថ្លែងការណ៍​មួយកាលពីថ្ងៃទី ១៧  មិថុនា ​ដោយទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​បញ្ចប់ការ​បង្ក្រាប​លើអ្នកប្រឆាំង​នៅ​កម្ពុជា​ជាពិសេស​ការ​បង្ក្រាប​ចុងក្រោយ​នេះ។ ​បើតាម​អង្គការអន្តរជាតិ​មួយ​នេះ បានកត់សំគាល់​ថា ​ចាប់តាំងពី​ខែមករា​ឆ្នាំ២០២០​មក អាជ្ញាធរ កម្ពុជាបាន​ចាប់ឃុំ​ខ្លួន​ មនុស្ស​ចំនួន​១៥​នាក់ ​ដែល​រងការ​ចោទប្រកាន់ ​ក្រោមហេតុផល​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ របស់អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស​អន្តរជាតិ ​ Human​ Rights  Watch បានលើកឡើងថា ​អាជ្ញាធរកម្ពុជា ​គួរតែ ប្រញាប់​ដោះលែង ​អ្នកដែលកំពុងជាប់ពន្ធគារនិងអ្នកផ្សេងទៀត  ដែលទើប នឹងត្រូវបាន ចាប់ខ្លួន សរុប ៣២នាក់  ក្នុងនោះ រួមទាំង មន្ត្រីអតីត គណបក្សប្រឆាំង ចំនួន ២៣នាក់ ផងដែរ  ដែលត្រូវ បានចោទប្រកាន់ ក្នុងរឿង នយោបាយ ។  ប៉ុន្តែ លោក  ជិន ម៉ាលីន  អ្នកនាំពាក្យ ក្រសួងយុត្តិធម៌  ហើយក៏ជា អ្នកនាំពាក្យ គណៈកម្មាធិការ សិទ្ធិមនុស្ស រដ្ឋាភិបាល កម្ពុជា បានថ្លែង ថា  រដ្ឋាភិបាល មិន អាចជ្រៀតជ្រែក កិច្ចការ ផ្ទៃក្នុង របស់ តុលាការ បានទេ។

នៅក្នុង សេចក្តីថ្លែងការណ៍ របស់ខ្លួន  កាលពីថ្ងៃទី  ១៧  មិថុនា  អង្គការឃ្លាំ​មើលសិទ្ធិមនុស្សអន្តរជាតិ  Human Rights Watch បានរកឃើញ​ថា ចាប់តាំងពីការ ផ្ទុះឡើង នៃជំងឺកូវីដ - ១៩  ចាប់ពី ខែមករា រហូតមក ដល់​ខែ​មិថុនា ឆ្នាំ២០២០ នេះ អាជ្ញាធរកម្ពុជា បានចាប់ មនុស្ស ១៥នាក់  ក្រោមបទចោទពាក់ព័ន្ធ នឹង រឿងនយោបាយ ដែលត្រូវបាន ប្រឌិតឡើង ។ របាយការណ៍ បន្តថា  ជាមួយគ្នានេះ  មនុស្ស៨០នាក់ ផ្សេងទៀត  ដែលត្រូវបាន ចាប់ខ្លួន ពាក់ព័ន្ធនឹងរឿង នយោបាយ ត្រូវ បានដោះលែង វិញ​ តែពួកគេ​នៅតែ​ប្រឈម​នឹងការចាប់ខ្លួន​ម្តងទៀត​នៅពេលណាមួយ​។ ​នេះបើតាមសេចក្តី​ថ្លែងការណ៍​។

លោក​ Phil Robertson ​អនុប្រធាន​ប្រចាំតំបន់​អាស៊ី​នៃអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិបាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា​ រដ្ឋា​ភិបាល​​កម្ពុជា​គួរតែបញ្ចប់​ការយក​បញ្ហានៃ​ជំងឺកូវីដ​១៩​ ជាខែល​ដើម្បី​បង្ក្រាប​​ទៅលើអ្នក​ប្រឆាំង​នៅកម្ពុជា ​ហើយថា​សហគមន៍​អន្តរជាតិ ​និងប្រទេស​ម្ចាស់ជំនួយ ​ត្រូវតែ​បញ្ជាក់ជំហរ​ឲ្យច្បាស់​ទៅកាន់​ប្រមុខរដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន ​ថា ​មិនអាច​យកលេស​រឿងមេរោគកូវីដ​១៩​ ដើម្បី​ប្រព្រឹត្ត​អំពើរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរនៅ​កម្ពុជា​បានទៀត​នោះទេ​។ ​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស ​លើកជា​យោបល់​ថា​៖​ «​រាល់ម្ចាស់​ជំនួយ ​និង​រដ្ឋាភិបាល​បរទេស​ពាក់ព័ន្ធ ​គួរតែអំពាវនាវ​ជា​សាធារណៈឲ្យ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោះលែង​អ្នកជាប់ឃុំ​ទាំងអស់​ ដែលពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​»​ នេះ​។​ ប៉ុន្តែ ​លោក ជិន ម៉ាលីន ​បានរិះគន់​ចំពោះការ​បំពេញការងារ​របស់​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស  ​Human Rights Watch ​ថា ​លែងមាន​គោលការណ៍ ​និង​ផ្អែកតែ​លើគំនុំបុគ្គល​ទៅវិញ​។ ​សម្រាប់​លោក ជិន ម៉ាលីន ​សេចក្តីថ្លែងការណ៍​របស់ ​Human Rights Watch ​គួរតែណែនាំ​ឲ្យ​អតីត​សកម្មជន​គណបក្សប្រឆាំង​គោរពច្បាប់វិញ​ប្រសើជាង​។

យ៉ាងណាក្តី​ ក្រៅពី​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិនេះ ​អង្គការសង្គមស៊ីវិល​ចំនួន​៣០នៅ​កម្ពុជា ​ក៏បានចេញ​សេចក្តីថ្លែងការណ៍រួមគ្នាមួយ ​កាលពីពេលថ្មីៗនេះ ​ដោយសំដែង​ការព្រួយ​បារម្ភលើ​ការ​បន្តចាប់ខ្លួន​សកម្មជននយោបាយ​នៅកម្ពុជា​នារយៈពេល​ចុងក្រោយនេះ​។ លើស​ពីការព្រួយបារម្ភ ​ក្រុមអង្គការ​ក្នុងស្រុកទាំងនោះ ​ក៏បានស្នើ​ឲ្យដល់​អ្នក​នយោបាយ​កាន់អំណាច ​និងអ្នក​ប្រឆាំង ​វិលចូល​តុចរចា​ ដើម្បី​ដោះស្រាយ​នយោបាយរួម​ ដោយឈរ​លើគោលការណ៍​ប្រជាធិបតេយ្យ ​ហើយតម្កល់​ផលប្រយោជន៍​ជាតិជាធំ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI