កម្ពុជា សេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ច៖ ទេសចរណ៍ក្នុងស្រុក គឺជាកត្តាគន្លឹះរំដោះសេដ្ឋកិច្ចចេញពីការជាប់គាំងដោយសារវិបត្តិកូវីដ១៩

ខ្លោងទ្វារតំបន់អង្គរ (រូបភាពតំណាង)
ខ្លោងទ្វារតំបន់អង្គរ (រូបភាពតំណាង) REUTERS - JORGE SILVA

ស្របពេលដែលជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល និងប៉ះពាល់ខ្លាំងលើច្រើនវិស័យ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជានៅតែសម្លឹងឃើញពីសារៈសំខាន់នៃវិស័យទេសចរណ៍ក្នុងស្រុកក្នុងការជួយស្រោចស្រង់សេដ្ឋកិច្ចជាតិ។ អ្នកជំនាញសេដ្ឋកិច្ច បានលើ​កឡើងថា ការជំរុញឱ្យមានសកម្មភាពទេសចរណ៍ក្នុងស្រុក គឺជាការរឿងសំខាន់ ដើម្បីជួយរំដោះសេដ្ឋកិច្ចជាតិពីការជាប់គាំងដោយ​សារវិបត្តិជំងឺកូវីដ១៩។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលសកម្មភាពទេសចរណ៍ក្នុងស្រុកកំពុងចាប់ផ្តើមងើបឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា ជំងឺកូវីដ​១៩ បានធ្វើឱ្យជាប់គាំងនូវភ្ញៀវទេសអន្តរជាតិមកលេងនៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយមានតែភ្ញៀវទេសចរណ៍ក្នុងស្រុកទេដែលអាចទៅ​ដើរលេងកម្សាន្តបាន។ លោកបណ្ឌិតគី សេរីវឌ្ឍន៍ បានអះអាងបែបនេះនៅក្នុងវេទិកាតុមូលពិភាក្សាពីការរៀបចំខ្លួនរបស់កម្ពុជា ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញក្រោយពេលបញ្ចប់ការរីករាតត្បាតជំងឺកូវីដ១៩ នៅរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃសុក្រនេះ។ បើតាមលោកបណ្ឌិតគី សេរីវឌ្ឍន៍ គឺទេសចរណ៍ក្នុងស្រុកនេះហើយដែលជាកត្តាសំខាន់ក្នុងការជួយស្រោច​ស្រង់សេដ្ឋកិច្ចជាតិមិនឱ្យជាប់គាំងដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

នៅក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពទេសចរណ៍ក្នុងស្រុកបានកម្រើកឡើងវិញគួរឱ្យកត់សម្គាល់។ ជាក់ស្តែង នៅក្នុងសប្តាហ៍ទី១ក្នុងខែមិថុនានេះ ភ្ញៀវទេសចរក្នុងស្រុកចំនួនជាង១៥ម៉ឺននាក់( ១៥៧,៩៤២ នាក់)បានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស។ នេះបើតាមការអះ​អាងឱ្យដឹងរបស់លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា។ ចំនួននេះ គឺបានកើនឡើង២៤.២០ % បើធៀបនឹងសប្តាហ៍កន្លងទៅ។ បើតាមលោកថោង ខុន ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកទាំងនេះ គឺភ្ញៀវជាតិមានចំនួន ១៥​៤,២៨៦ នាក់ កើនឡើង ២៤.០៧% រីឯភ្ញៀវបរទេសក្នុងប្រទេសវិញមានចំនួន ៣,៦៥៦ នាក់ បានកើនឡើង ៣០.៤៣%។

អ្នកជំនាញទេសចរកម្ពុជា លោកហូរ វណ្ឌី បានគូសបញ្ជាក់ថា ការមានសកម្មភាពឡើងវិញនៃទេសចរណ៍ក្នុងស្រុកនេះ គឺជាប្រការល្អដែលនឹងជួយដល់វិស័យដទៃៗទៀតដូចជាវិស័យដឹកជញ្ជូន និង សេវាកម្មជាដើម។ ជាមួយគ្នានេះ លោកក៏បានកត់សម្គាល់ផងដែរថា ភ្ញៀវទេសចរក្នុងស្រុកចូលចិត្តទៅលេងកម្សាន្តនៅរមនីយដ្ឋានបែបធម្មជាតិ ច្រើនជាងទៅលេងនៅរមនីយដ្ឋានបែបកែច្នៃ។ ចំណែក លោកបណ្ឌិតគី សេរីវឌ្ឍន៍វិញ បានអះអាងថា ដើម្បីទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យបានកាន់តែច្រើនបន្ថែមទៀត គឺអាជ្ញាធរពាក់ព័ន្ធត្រូវតែរៀបចំកន្លែងទេសចរណ៍ឱ្យមានលក្ខណៈថ្មីហើយប្លែក និងត្រូវមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដើម្បីបង្កភាពងាយស្រួលដល់ពួកគេ។ ម្យ៉ាងវិញទៀត ក៏ត្រូវបង្កើនឱ្យមានការផ្សព្វផ្សាយព័ត៌មានឱ្យបានច្រើនពីទីន្លែងទេសចរណ៍នានាផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI