កម្ពុជា ច្បាប់

ក្រុមគ្រួសារអ្នកនយោបាយអតីតបក្សប្រឆាំង១៤រូប ទាមទារនៅមុខតុលាការឲ្យដោះលែងឳពុក និងស្វាមីរបស់ខ្លួន

ក្រុមគ្រួសារអ្នកនយោបាយអតីតបក្សប្រឆាំង១៤រូប ទាមទារនៅមុខតុលាការ
ក្រុមគ្រួសារអ្នកនយោបាយអតីតបក្សប្រឆាំង១៤រូប ទាមទារនៅមុខតុលាការ © Internet

ក្រុមគ្រួសារសកម្មជនអ្នកនយោបាយអតីតគណបក្សប្រឆាំង១៤រូប បាននាំគ្នាទៅតវ៉ានៅមុខតុលាការក្រុងភ្នំពេញ និងស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជានៅព្រឹកមិញនេះ ដោយទាមទារឲ្យតុលាការដោះលែងឳពុកនិងស្វាមីរបស់ពួកគេជាបន្ទាន់។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៧  មិថុនា ដោយទទូចឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការបង្ក្រាបលើអ្នកប្រឆាំងនៅកម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ការទាមទាររបស់ក្រុមគ្រួសារសកម្មជនអ្នកនយោបាយអតីតគណបក្សប្រឆាំងទាំង១៤រូប បានធ្វើឡើងដោយ មានភ្ជាប់ជាមួយនូវញត្តិ និងបដានានា ដែលមានឃ្លោងឃ្លាថា ដោះលែងឳពុក ឬ ស្វាមីរបស់ពួកគេ ឬថា ឳពុក ឬស្វាមីរបស់ពួកគេ គ្មានកំហុសនោះទេ។ បន្ទាប់ពីការតវ៉ានៅមុខតុលាការក្រុងភ្នំពេញរួចមក ក្រុមគ្រួសារ ឬសាច់ញត្តិរបស់សកម្មជនអ្នកនយោបាយអតីតគណបក្សប្រឆាំងដែលមានគ្នាប្រមាណជាជិត៣០នាក់ បន្តដំណើរទៅកាន់ទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ពីអង្គការកំពូលមួយនេះទៅកាន់រដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងឳពុក ឬស្វាមីរបស់ពួកគេដោយឥតលក្ខខណ្ឌ។

អ្វីជាការកត់សម្គាល់ សកម្មភាពទាមទាររបស់ពួកគេនៅពេលនេះ ធ្វើឡើងបន្ទាប់ពីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ១៧  មិថុនា ដោយទទូចឲ្យរដ្ឋាភិបាលកម្ពុជា បញ្ចប់ការបង្ក្រាបលើអ្នកប្រឆាំងនៅកម្ពុជា និងបន្ទាប់ពីអង្គការសង្គមស៊ីវិលចំនួន៣០នៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ កាលពីពេលថ្មីៗនេះ ដោយសំដែងការព្រួយបារម្ភលើការបន្តចាប់ខ្លួនសកម្មជននយោបាយប្រឆាំងនៅកម្ពុជា នារយៈពេលចុងក្រោយនេះ។

បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch)  ចាប់តាំងពីការផ្ទុះឡើង នៃជំងឺកូវីដ - ១៩  ចាប់ពីខែមករា រហូតមកដល់ខែមិថុនាឆ្នាំ២០២០នេះ អាជ្ញាធរកម្ពុជា បានចាប់មនុស្ស១៥នាក់ ក្រោមបទចោទពាក់ព័ន្ធ នឹងរឿងនយោបាយ។ សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថា អាជ្ញាធរកម្ពុជាគួរតែប្រញាប់ដោះលែងអ្នកដែលកំពុងជាប់ពន្ធគារនិងអ្នកផ្សេងទៀត ដែលទើបនឹងត្រូវបានចាប់ខ្លួនសរុប៣២នាក់ ក្នុងនោះរួមទាំងមន្ត្រីអតីតគណបក្សប្រឆាំងចំនួន២៣នាក់ ដែលត្រូវបានចោទប្រកាន់ក្នុងរឿងនយោបាយ។ ប៉ុន្តែលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ហើយក៏ជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជាបានថ្លែងថា រដ្ឋាភិបាលមិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការបានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI