ពលរដ្ឋរាប់រយនាក់បិទផ្លូវកំណាត់ផ្លូវលេខ៦A ករណីយកដីវត្តធ្វើកន្លែងស្តុកខ្សាច់លក់
ចុះផ្សាយនៅថ្ងៃ៖
ពលរដ្ឋរាប់រយនាក់នៅព្រឹកនេះ បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៦Aត្រង់ចំណុចមុខវត្តព្រែកអញ្ចាញក្បែរសាលាស្រុកមុខកំពូល។ ជាការតវ៉ាប្រឆាំងនឹងម្ចាស់អាជីវកម្មលក់ថ្ម និងខ្សាច់ដែលក្រុមអ្នកតវ៉ាអះអាងថា ម្ចាស់អាជីវកម្មមួយនេះបានយកដីរបស់វត្តទៅធ្វើជាកន្លែងរកស៊ីរបស់ខ្លួន ធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។ ករណីនេះអភិបាលខេត្តកណ្តាលអះអាងថានឹងចុះទៅដោះស្រាយនៅម៉ោង២រសៀលនេះ។
ក្រុមអ្នកតវ៉ា និយាយថា ដំបូងឡើយវត្តរតនៈបុប្ផារាម ហៅវត្តព្រែកអញ្ចាញ បានជួលទីតាំងនោះឱ្យទៅម្ចាស់អាជីវកម្មសម្រាប់ដាក់ស្តុកខ្សាច់និងថ្ម តែក្រោយមកម្ចាស់អាជីវកម្មនោះ បែរជាកាយដីវត្តនោះលក់ទៅវិញ ខណៈកុងត្រាជួលក៏បានផុតកំណត់។ ដោយមិនសុខចិត្តព្រះសង្ឃ និងពុទ្ធបរិស័ទក៏ចេញមកតវ៉ាបិទកំណាត់ផ្លូវជាតិលេខ៦Aតែម្ដង។ តែម្ចាស់អាជីវកម្ម ថ្ម ខ្សាច់នោះ អះអាងថា ខ្លួនមានប័ណ្ណកម្មសិទ្ធិលើដីនោះទៅវិញ ខណៈព្រះសង្ឃអះអាងថាដីនោះជាដីរបស់វត្ត។ តែអ្នកតវ៉ាបានដាក់ការសង្ស័យថា មានការឃុបឃិតគ្នារវាងអាជ្ញាធរជាមួយម្ចាស់អាជីវកម្ម ថ្ម ខ្សាច់ ទើបមានរឿងនេះកើត។
ការបិទកំណាត់ផ្លូវជាតិដ៍សំខាន់មួយជាច្រើនម៉ោងនេះបានធ្វើឲ្យកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅលើផ្លូវជាតិលេខ៦A ខណៈក្រុមអាជ្ញាធរហាក់ដូចជាពិបាកធ្វើការសម្របសម្រួល។ សាក្សី និយាយថា ការស្ទះចរាចរណ៍គឺចាប់ពីចំណុចបាក់ខែងរហូតដល់ស្រុកមុខកំពូល និងចាប់ពីចំណុចស្រុកមុខកំពូលរហូតដល់រកាកោង។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលប្រាប់វិទ្យុបារាំងអន្តរជាតិ RFIនៅម៉ោងជិត១១ថ្ងៃត្រង់ថា អាជ្ញាធរបានសម្របសម្រួលឲ្យមានការបើកផ្លូវធ្វើចរាចរណ៍បានឡើងវិញហើយ ហើយថានៅម៉ោង២រសៀលក្រុមការងាររបស់ខេត្តចុះទៅដោះស្រាយបញ្ចប់បញ្ហា។
អភិបាលខេត្តថ្មីរូបនេះ មិនអាចប្រាប់ពីមូលហេតុនៃទំនាស់រវាងពុទ្ធបរិស័ទនិងព្រះសង្ឃ ជាមួយនឹងម្ចាស់អាជីវកម្ម ថ្ម ខ្សាច់ ដែលនៅក្បែរសាលាស្រុកមុខកំពូលនោះបានទេ ដោយគ្រាន់តែហៅការបិទផ្លូវនោះថាជាកំហឹងមហាជន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ