កម្ពុជា សង្គម NGO

ទិវាជនភៀសខ្លួន៖ មន្ត្រីសិទ្ធិមនុស្សនៅកម្ពុជា​ចង់ឲ្យអ្នកនយោបាយដោះស្រាយគ្នាដោយសន្តិវិធីកុំឲ្យជនភៀសខ្លួនកើនឡើង

នៅថ្ងៃ​ទី២០​ ខែមិថុនា​នេះ គឺជា​ទិវា​ជនភៀសខ្លួន​ពិភពលោក។​ ​សម្រាប់​កម្ពុជាត្រូវ​បានគេ​កត់​សំគាល់ថា មានជនភៀស​ខ្លួន​​ច្រើន​ជាង​គេ​លំដាប់ទី៣​នៅតំបន់អាស៊ាន គឺភាគច្រើនជាអ្នក​ភៀស​ខ្លួន​ផ្នែក​នយោបាយ​តាំង​ពីក្រោយ​រំលាយគណបក្ស​ប្រឆាំង។ ​នេះបើតាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។ ស្របពេល​ជាមួយគ្នានេះ មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ក៏បានទទូចដល់​អ្នក​នយោបាយ​ត្រូវ​ដោះស្រាយ​គ្នាដោយ​សន្តិវិធី​ ដើម្បីកុំឲ្យមាន​ជនភៀស​ខ្លួនចាកចេញពីកម្ពុជាកាន់តែ​​ច្រើន​​ ​ ធ្វើ​ឲ្យ​បាត់​បង់ធនធាន​មនុស្ស​។

UNHCR
UNHCR © UNHCR
ផ្សាយពាណិជ្ជកម្ម

លោក អំ សំអាត នាយករង​អង្គការ​សិទ្វិ​មនុស្ស​លីកាដូ ថ្លែងថា ជន​ភៀស​ខ្លួនភាគ​ច្រើនដែល​ចេញពីកម្ពុជា​​គួរ​ឲ្យ​កត់​សំគាល់គឺជាអ្នក​ភៀស​ខ្លួន​ផ្នែកនយោបាយ នៅក្រោយ​ពេល​រំលាយគណបក្ស​សង្រ្គោះជាតិ​ចុង​ឆ្នាំ​២០១៧។ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​រូបនេះ ​យល់ថា ការដែលកម្ពុជា​មានជនភៀស​ខ្លួនច្រើនគឺគ្មានផល​ចំណេញអ្វីឡើយ។​ ផ្ទុយមក​វិញ​គឺរូប​ភាព​កម្ពុជាមិន​ល្អ​នៅក្នុង​ស្ថានភាព​សិទ្ធិមនុស្ស និង​ម្យ៉ាងទៀត​ប្រជាជន​ដែល​ភៀស​ខ្លួន​ទាំង​នោះ​មួយចំនួន​ធំ ​កំពុង​ជួប​ការលំបាក​នៅប្រទេសទី២ ជាប្រទេសសំចតមុន​ទៅ​ដល់​ប្រទេសទី៣។

​ក្នុង​ស្ថានភាពបែបនេះ លោក អំ សំអាត ទទូចដល់​អ្នក​នយោបាយខ្មែរ ​ត្រូវ​ដោះស្រាយ​គ្នាដោយ​សន្តិវិធី​ ដើម្បីកុំឲ្យមាន​ជនភៀស​ខ្លួនចាកចេញពីកម្ពុជាកាន់តែ​​ច្រើន ធ្វើ​ឲ្យ​បាត់​បង់ធនធាន​មនុស្ស​។

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន ប្រធានអង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បានថ្លែងថា​ ការ​ភៀស​របស់ប្រជាជនកម្ពុជាមាន​ច្រើន​ប្រភេទគឺអ្នក​ខ្លះភៀសខ្លួននយោបាយ និងអ្នក​ខ្លះទៀត​ភៀស​ខ្លួន​ដោយ​សារ​សេដ្ឋកិច្ច។ សម្រាប់អ្នក​ភៀស​ខ្លួន​នយោបាយដែល​កើនឡើង អ្នក​នាំពាក្យ​រូបនេះ លើក​ឡើង​ថា មកពីពួកគេ​ធ្វើ​ឲ្យមាន​ចលាចលសង្គម ដោយ​សារមាន​​ប្រទេសទី៣ចាំទទួល។ ប៉ុន្តែ​លោក ផៃ ស៊ីផាន អះអាងថា រដ្ឋាភិបាល​ស្វាគមន៍​ឲ្យពួកគេ​វិល​ត្រឡប់​មក​កម្ពុជា​វិញ តែ​ត្រូវ​ទទួលការ​អនុវត្តទោស​ចំពោះ​អ្នក​ដែល​ត្រូវ​បានតុលាការ​កាត់ទោស។

របាយការណ៍​ផ្សាយកាលពី​ថ្ងៃទី១៨​មិថុនា ស្តីពី​និន្នាការ​ជា​សកល​នៃ​ការផ្លាស់​ទី​កន្លែងដោយបង្ខំក្នុងឆ្នាំ២០១៩ បង្ហាញថា មានមនុស្សជិត១ម៉ឺន២ពាន់នាក់ (១១.៩៣១) មកពីកម្ពុជាទទួលបានឋានៈការពារ និងសិទ្ធិជាជន​ភៀស​ខ្លួន​ដោយ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា UNHCR។ ក្នុង​នោះជនភៀស​ខ្លួន​ពី​កម្ពុជាជិត៨៥០ករណី គឺអង្គការ UNHCR កំពុងពិ​ចារណា​ផ្តល់​សិទ្ធិ​ជា​ជនភៀសខ្លួន ដែលធ្វើឲ្យកម្ពុជាឈរនៅលំ​ដាប់ទី៣ ដែលមានជនភៀសខ្លួនច្រើនជាងគេក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេស ​ភូមា និងវៀតណាម​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI