កម្ពុជា សង្គម

លោក ថោង ខុន ដាស់តឿនភ្ញៀវទេសចរក្នុងស្រុកកុំឱ្យភ្លេចខ្លួនចំពោះការឆ្លងរាលដាលជំងឺកូវីដ១៩

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ © សហការី

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានក្រើនរំលឹកដល់ភ្ញៀវទេសចរក្នុងស្រុកទាំងអស់ត្រូវបន្តប្រុងប្រយ័​ត្ន ដោយមិនត្រូវភ្លេចខ្លួនចំពោះការឆ្លងរាលដាលនៃជំងឺកូវីដ១៩នោះឡើយ។ លោករដ្ឋមន្រ្តីក្រើនរំលឹកដូច្នេះនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តិដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់មូលដ្ឋានអាជីវកម្មទេស​ចរណ៍ទាំង៦ក្នុងដំណាក់កាលវិបត្តិជំងឺឆ្លងកូវីដ-១៩ដល់អាជីវករទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ក្នុងសៀមរាបកាលពីម្សិលមិននេះ។ ការក្រើនរំលឹកនេះ ធ្វើឡើងស្របពេលដែលចលនាភ្ញៀវទេសចរក្នុងស្រុកកំពុងងើបឡើងវិញ។

ផ្សាយពាណិជ្ជកម្ម

«បច្ចុប្បន្នចលនាភ្ញៀវទេសចរក្នុងស្រុកមានការងើបឡើងវិញគួរឱ្យកត់សម្គាល់» នេះ គឺជាការលើកឡើងរបស់លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា។ ជាមួយនឹងការងើបឡើងវិញនេះ លោករដ្ឋមន្រ្តីថោង ខុន បានដាស់តឿនឱ្យភ្ញៀវទេសចរក្នុងស្រុកទាំងអស់មិនត្រូវភ្លេចខ្លួនចំពោះបញ្ហានៃការរីករាលដាលជំងឺកូវីដនេះឡើយ ពោល គឺត្រូវបន្តការចូលរួមទប់ស្កាត់ការរីករាលដាលនេះតទៅមុខទៀត ព្រោះគ្មានអ្នកណាស្មានត្រូវនោះទេ ហើយក៏ពុំទាន់មានវាក់សាំងសម្រាប់បង្ការនៅឡើយដែរ។

បន្ថែមលើនេះ លោកថោង ខុន ក៏បានបន្តជំរុញឱ្យអាជីវកម្មសេវាស្នាក់នៅ សេវាកម្មភោជនីយដ្ឋាន-អាហារដ្ឋាន សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក សហគមន៍ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាព ដើម្បីឱ្យវិស័យទេស​ចរណ៍មានដំណើរល្អឡើងវិញ និងធានាបានសុវត្ថិភាព។ សម្រាប់លោករដ្ឋមន្រ្តីថោង ខុន កិច្ចការនេះទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ពាន់ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ពិសេសពីប្រតិបត្តិករទេសចរណ៍ទាំងឡាយ ដើម្បីធានាថាខេត្តសៀមរាប ក៏ដូចនៅកម្ពុជាទាំងមូលនៅតែជាគោលដៅទេស​ចរណ៍ប្រកបដោយសុវត្ថិភាព។

ជាការកត់សម្គាល់ នៅក្នុងរយៈពេលចុងក្រោយនេះ សកម្មភាពទេសចរណ៍ក្នុងស្រុកបានកម្រើកឡើងវិញយ៉ាងគំហុក ។ ជាក់ស្តែង នៅក្នុងសប្តាហ៍ទី១ក្នុងខែមិថុនានេះ ភ្ញៀវទេសចរក្នុងស្រុកចំនួនជាង១៥ម៉ឺននាក់( ១៥៧,៩៤២ នាក់)បានចេញដើរទស្សនានៅតាមរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍នៅទូទាំងប្រទេស។ នេះបើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ច និង អ្នកជំនាញទេសចរនៅកម្ពុជា បានលើកឡើងថា ការងើបឡើងវិញនៃសកម្មភាពទេសចរណ៍ក្នុងស្រុក គឺមានសារៈសំខាន់ណាស់សម្រាប់ជួយស្រោចស្រង់សេដ្ឋកិច្ចឡើងវិញកុំឱ្យជាប់គាំងដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលភ្ញៀវទេសចរបរទេសមិនទាន់អាចមកលេងកម្សាន្តនៅក្នុងប្រទេសកម្ពុជាបាន។ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ច និង អ្នកជំនាញទេសចរនេះ ក៏បានបន្តអំពាវនាវឱ្យភ្ញៀវទេសចរក្នុងស្រុកបន្តប្រុងប្រយ័ត្ន ដោយអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតការឆ្លងជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI