កម្ពុជា សង្គម

រដ្ឋាភិបាលកម្ពុជាបានបញ្ចេញទឹកប្រាក់១២៥លានដុល្លារ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រដោយកូវីដ១៩រយៈពេល៥ខែ

រដ្ឋាភិបាលកម្ពុជាបានបញ្ចេញទឹកប្រាក់១២៥លានដុល្លារ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រដោយកូវីដ១៩រយៈពេល៥ខែ
រដ្ឋាភិបាលកម្ពុជាបានបញ្ចេញទឹកប្រាក់១២៥លានដុល្លារ ដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រដោយកូវីដ១៩រយៈពេល៥ខែ © FB

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩។ ជាជំហានដំបូង ពលរដ្ឋក្រីក្រនៅកម្ពុជាត្រូវបានរកឃើញមានចំនួនជាង៥៦ម៉ឺនគ្រួសារ ហើយរដ្ឋាភិបាលកម្ពុជានឹងចំណាយទឹកប្រាក់សរុប២៥ លានដុល្លារក្នុងមួយខែៗសម្រាប់ឧបត្ថម្ភដល់ពួកគេ។ មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្រ្តីក៏បានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលបានបញ្ចេញទឹកប្រាក់ឧបត្ថម្ភចំនួន១២៥លានដុល្លាររួចរាល់ហើយ ដើម្បីត្រៀមបើកដល់ពួកគេក្នុងរយៈពេល៥ខែខាងមុខ។

ផ្សាយពាណិជ្ជកម្ម

ទឹកប្រាក់ឧបត្ថម្ភចំនួន២៥លានដុល្លារក្នុងមួយខែ នឹងត្រូវបើកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ចំនួនជាង៥៦ម៉ឺនគ្រួសារ ឬប្រមាណជាង២,៣លាននាក់ចាប់ពីចុងខែមិថុនានេះតទៅ។ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះ ធ្វើឡើងជាជុំៗ គឺជុំនីមួយៗមានរយៈពេល២ខែ ហើយបើ២ខែកន្លងផុត ស្ថានភាពជំងឺកូវីដ១៩នៅតែមិនមានភាពធូរស្រាលទៀតនោះ គឺការផ្តល់ប្រាក់ឧបត្ថម្ភនឹងបន្តធ្វើទៅជុំទី២ និងបន្តទៅជុំបន្តបន្ទាប់ទៀតអាស្រ័យទៅតាមស្ថានភាពនៃជំងឺកូវីដ១៩។ ប៉ុន្តែ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើស្ថានភាពជំងឺកូវីដ១៩នេះ ធូរស្រាលពេលណា គឺរដ្ឋាភិបាលនឹងបញ្ឈប់កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភនេះនៅពេលនោះដែរ។

ស្របពេលដែលប្រាក់ឧបត្ថម្ភខែទី១នេះកំពុងត្រៀមបើកជូនប្រជាពលរដ្ឋ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា រដ្ឋាភិបាលកម្ពុជាបានបញ្ចេញទឹកប្រាក់ចំនួន១២៥លានដុល្លាររួចរាល់ហើយ ដើម្បីត្រៀមបើកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ក្នុងរយៈពេល៥ខែខាងមុខ។ បើតាមលោកហ៊ុន សែន ការផ្តល់ប្រាក់ឧបត្ថម្ភនេះមិនមែនជាកម្មវិធីអចិន្ត្រៃយ៍នោះទេ ផ្ទុយទៅវិញ ជាកម្មវិធីជំនួយសង្គម ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងរងផលប៉ះពាល់ដោយសារតែជំងឺកូវីដ១៩។

សូមបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺបែង​ចែក​ទៅតាមកម្រិតនៃភាពក្រីក្រ និងទៅតាមតំបន់ផ្សេងៗគ្នា គឺតំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ និងតំបន់ជនបទ។ ចំពោះលក្ខខណ្ឌដែលទទួលបានការឧបត្ថម្ភជាសាច់ប្រាក់នេះ គឺប្រជាពលរដ្ឋជាគ្រួសារក្រីក្រនិងងាយរងគ្រោះដែលមានបណ្ណសមធម៌ និងដែលមានសុពលភាពដោយឈរលើកម្រិតភាពក្រីក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) ។ ជាក់ស្តែង ប្រជាពលរដ្ឋក្រីក្រនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ នឹងទទួលបានប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារចំនួន​១២​ម៉ឺន​រៀលក្នុង​មួយ​ខែ ខណៈគ្រួសារនៅ​តាមទីជនបទនឹងទទួលបានចំនួន៨ម៉ឺនរៀលក្នុងមួយគ្រួសារ។

ត្រង់ចំណុចនេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាបានពន្យល់បន្ថែមថា ក្រៅពីទឹកប្រាក់ចំនួន១២ម៉ឺនរៀល និង ៨ម៉ឺនរៀលនេះ សមាជិកគ្រួសារនីមួយៗក៏នឹងទទួលបានប្រាក់ឧបត្ថម្ភទៅតាមស្ថានភាពរបស់ពួកគេផងដែរ។ ដូចយ៉ាង បើជាកុមារដែលមានអាយុពី០-៥ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ​ចាប់ពី៦០ឆ្នាំឡើងទៅ និងគ្រួសារក្រីក្រដែលមានសមា​ជិកផ្ទុកមេរោគអេដស៍នឹងទទួលបានប្រាក់ឧបត្ថម្ភចន្លោះពី ១៦០០០​រៀល ឬពី​២៤០០០រៀល ទៅដល់៤០០០០រៀលនៅក្នុងម្នាក់ៗ។ បន្ថែមពីលើការផ្តល់ប្រាក់ឧបត្ថម្ភនេះ លោកនាយរកដ្ឋមន្រ្តីហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជា ពល​រដ្ឋក្រីក្រទាំងអស់កុំរំពឹងលើប្រាក់ឧបត្ថម្ភទាំងស្រុងពេក ពោល គឺត្រូវស្វែងរកការងារដែលអាចធ្វើបាន ឬនាំគ្នាខិតខំធ្វើស្រែចម្ការ ដាំបន្ថែ និងចិញ្ចឹមសត្វ ដើម្បីជួយសម្រួលបន្ថែមដល់ជីវភាពរស់នៅក្នុងអំឡុងនៃវិបត្តិដោយសារតែជំងឺកូវីដ១៩នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI